ហេប្រឺ 9

9
ការ​គោរព​ថ្វាយ‌បង្គំ​អុលឡោះ​តាម​របៀប​ចាស់ និង​តាម​របៀប​ថ្មី
1ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយ មាន​ក្បួន​ផ្សេងៗ​សម្រាប់​គោរព​បម្រើ​អុលឡោះ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែនដី​នេះ 2ព្រោះ​គេ​បាន​ដំឡើង​ជំរំ‌សក្ការៈ​មួយ ហើយ​គេ​ហៅ​ផ្នែក​ខាង​មុខ​ថា“ទី‌សក្ការៈ” នៅ​ទី​នោះ​មាន​ដាក់​ជើង​ចង្កៀង តុ និង​នំបុ័ង​ជំនូន។ 3បន្ទាប់​មក ខាង​ក្រោយ​វាំងនន​ទី​ពីរ មាន​ជំរំ‌សក្ការៈ​មួយ​ទៀត​ហៅ​ថា “ទី‌សក្ការៈ​បំផុត”។ 4នៅ​ទី​នោះ មាន​ភាជន៍​មួយ​ធ្វើ​ពី​មាស សម្រាប់​ដុត​គ្រឿង​ក្រអូប និង​មាន​ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្រោប​មាស​ជុំ‌វិញ ហើយ​ក្នុង​ហិប​នោះ មាន​ពាន​មាស​មួយ​ដែល​គេ​ដាក់​នំ​ម៉ាណា មាន​ដំបង​របស់​ណាពី​ហារ៉ូន ដែល​មាន​ផ្កា​រីក​ចេញ​មក និង​មាន​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​ផង។ 5នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ម៉ាឡា‌អ៊ីកាត់ ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ជូន​ឈាម​សុំ​ឲ្យ​រួច​ពី​បាប រូប​នោះ​បង្ហាញ​ពី​វត្ដ​មាន​របស់​អុលឡោះ។ ប៉ុន្ដែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។ 6អ្វីៗ​ទាំង​អស់​រៀប​រយ​ដូច្នេះ​ហើយ ក្រុម​អ៊ីមុាំ​ក៏​នាំ​គ្នា​ចូល​ទៅ​គោរព​បម្រើ​នៅ​ផ្នែក​ខាង​មុខ​នៃ​ជំរំ‌សក្ការៈ​នោះ​ជា​ប្រក្រតី។ 7រីឯ​ជំរំ‌សក្ការៈ​ខាង​ក្នុង​វិញ មាន​តែ​មូស្ទី​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ គាត់​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ ដើម្បី​លាង​កំហុស​របស់​ខ្លួន​គាត់​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។ 8ត្រង់​នេះ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ដរាប​ណា​ផ្នែក​ខាង​មុខ​នៃ​ជំរំ‌សក្ការៈ​នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ផ្លូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ក៏​ពុំ​ទាន់​បើក​ចំហ​ឲ្យ​យើង​ចូល​ទៅ​បាន​ដែរ។ 9នេះ​ហើយ​ជា​និមិត្ដ​រូប សម្រាប់​បច្ចុប្បន្ន​កាល គឺ​មាន​ន័យ​ថា​ជំនូន និង​គូរបាន​ដែល​មនុស្ស​យក​មក​ជូន​អុលឡោះ ពុំ​អាច​ធ្វើ​ឲ្យ​មន‌សិការ​របស់​អ្នក​ដែល​មក​គោរព​បម្រើ ទៅ​ជា​គ្រប់​លក្ខណៈ​បាន​ឡើយ។ 10ពិធី​ទាំង​នោះ​គ្រាន់​តែ​ជា​ក្បួន​តម្រា​របស់​មនុស្ស អំពី​ម្ហូប​អាហារ​ភេសជ្ជៈ និង​អំពី​ពិធី​ជ្រមុជ​ទឹក​ផ្សេងៗ​ប៉ុណ្ណោះ ជា​ពិធី​ដែល​ប្រជា‌ជន​ត្រូវ​ធ្វើ ទំរាំ​ដល់​ពេល​អុលឡោះ​កែ​ទំរង់​អ្វីៗ​ទាំង​អស់​ឡើង​វិញ។
11រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​បាន​មក​ក្នុង​ឋានៈ​ជា​មូស្ទី ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​សូរ៉កា។ គាត់​បាន​មក​កាត់​ជំរំ‌សក្ការៈ​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ជំរំ‌សក្ការៈ​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ជំរំ‌សក្ការៈ​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។ 12អ៊ីសា​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ឈាម​របស់​គាត់​ផ្ទាល់​ចូល​ទៅ​ជូន​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។ 13ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​បរិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ 14ចំណង់​បើ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​រស‌អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច អាល់ម៉ា‌ហ្សៀស​បាន​ជូន​ខ្លួន​គាត់​ផ្ទាល់​ទៅ​អុលឡោះ ទុក​ដូច​ជា​គូរបាន​ឥត​សៅ‌ហ្មង។
15ហេតុ​នេះ អាល់ម៉ា‌ហ្សៀស​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​អុលឡោះ​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​បន្ទូល​សន្យា​ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ដ​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។
16ធម្មតា គេ​អាច​ចែក​កេរ‌មត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះ ស្លាប់​ទៅ​ហើយ 17ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់​គេ​ពុំ​អាច​អនុវត្ដ​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។ 18ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុន ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន​ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។ 19ពេល​ណាពី​ម៉ូសា​ប្រកាស​បទ​បញ្ជា​ទាំង​អស់ ស្រប​តាម​ហ៊ូកុំ ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ គាត់​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុបមក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គីតាប ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល 20គាត់​មាន​ប្រសាសន៍​ថាៈ«នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី ដែល​អុលឡោះ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម»21បន្ទាប់​មក គាត់​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ជំរំ‌សក្ការៈ និង​លើ​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​ប្រើ​ប្រាស់​សម្រាប់​គោរព​បម្រើ​អុលឡោះ​ដែរ។ 22តាម​ហ៊ូកុំ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយ‌សារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើក‌លែង​ទោស​ដែរ។
អាល់ម៉ា‌ហ្សៀស​ជា​គូរបាន​រំដោះ​បាប
23អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង តាម​គំរូ​នៅ​សូរ៉កា បាន​បរិសុទ្ធ ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​សូរ៉កា​នោះ​វិញ ត្រូវ​តែ​មាន​គូរបាន​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទើប​បាន​បរិសុទ្ធ។ 24អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​គាត់​បាន​ចូល​ក្នុង​សូរ៉កា​តែ​ម្ដង។ ឥឡូវ​នេះ គាត់​ស្ថិត​នៅ​ចំពោះ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ 25អាល់ម៉ា‌ហ្សៀស​ពុំ​បាន​លះបង់​ជីវិត​គាត់​ផ្ទាល់​ច្រើន​ដង ដូច​មូស្ទី​ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។ 26បើ​អាល់ម៉ា‌ហ្សៀស​លះបង់​ជីវិត​ច្រើន​ដង គាត់​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ អ៊ីសា​បាន​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​គាត់​បាន​លះបង់​ជីវិត។ 27មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​អុលឡោះ​វិនិច្ឆ័យ​ទោស​យ៉ាង​ណា 28អាល់ម៉ា‌ហ្សៀស​ក៏​បាន​ប្រគល់​ជីវិត​របស់​គាត់​តែ​មួយ​ដង ធ្វើ​ជា​គូរបាន ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​ទាំង​អស់​យ៉ាង​នោះ​ដែរ។ គាត់​នឹង​មក​ម្ដង​ទៀត តែ​លើក​នោះ​គ្មាន​ទាក់​ទាម​អ្វី​នឹង​បាប​ទេ គឺ​គាត់​មក​សង្គ្រោះ​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​គាត់។

ទើបបានជ្រើសរើសហើយ៖

ហេប្រឺ 9: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល