កំណើត​ពិភព​លោក 46

46
ណាពី​យ៉ាកកូប​ទៅ​នៅ​ប្រទេស​អេស៊ីប
1អ៊ីស្រ‌អែល​ចេញ​ដំណើរ​ទៅ ដោយ​យក​អ្វីៗ​ទាំង​អស់ ដែល​គាត់​មាន​ទៅ​ជា​មួយ​ផង។ លុះ​ទៅ​ដល់​បៀរ‌សេ‌បា គាត់​បាន​ធ្វើ​គូរបាន​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ ជា​ឪពុក។
2អុលឡោះ​ហៅ​អ៊ីស្រ‌អែល ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកកូប! យ៉ាកកូប​អើយ!»។ អ៊ីស្រ‌អែល​ឆ្លើយ​ថា៖ «បាទ​អុលឡោះ​!»។ 3អុលឡោះ​មាន​បន្ទូល​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​នៃ​ឪពុក​របស់​អ្នក។ កុំ​ខ្លាច​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ ដ្បិត​នៅ​ទី​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ។ 4យើង​នឹង​ចុះ​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើង​មក​វិញ​ដែរ។ ពេល​អ្នក​ស្លាប់ យូសុះ​នឹង​បិទ​ភ្នែក​ឲ្យ​អ្នក»។
5យ៉ាកកូប​ចាក​ចេញ​ពី​បៀរ‌សេ‌បា។ កូន​របស់​អ៊ីស្រ‌អែល​បាន​នាំ​ឪពុក និង​ប្រពន្ធ​កូន​របស់​ខ្លួន​ជិះ​រទេះ ដែល​ស្តេច​ហ្វៀរ៉អ៊ូន​បាន​បញ្ជូន​ឲ្យ​មក​ទទួល​នោះ។ 6គេ​ក៏​នាំ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ស្រុក​កាណាន យក​ទៅ​ជា​មួយ​ដែរ។ យ៉ាកកូប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ទាំង​នាំ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ជា​មួយ​ផង។ 7គាត់​នាំ​កូន​ប្រុស ចៅ​ប្រុស កូន​ស្រី ចៅ​ស្រី គឺ​នាំ​ពូជ‌ពង្ស​ទាំង​ប៉ុន្មាន​របស់​គាត់ ទៅ​ស្រុក​អេស៊ីប។
8នេះ​ជា​បញ្ជី​រាយ​នាម កូន​ចៅ​របស់​អ៊ីស្រ‌អែល​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីប។ យ៉ាកកូប និង​កូន​ប្រុស​របស់​គាត់។ កូន​ច្បង​របស់​យ៉ាកកូប គឺ​រូបេន។ 9កូន​ប្រុស​របស់​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។ 10កូន​ប្រុស​របស់​ស៊ីម្មាន​មាន យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និង​សូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ 11កូន​ប្រុស​របស់​លេវី​មាន គើរសុន កេហាត់ និង​ម៉្រារី។ 12កូន​ប្រុស​របស់​យូដា​មាន អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (អើរ និង​អូណាន់ បាន​ស្លាប់​នៅ​ស្រុក​កាណាន)។ កូន​ប្រុស​របស់​ពេរេស​មាន ហេស្រុន និង​ហាមុល។ 13កូន​ប្រុស​របស់​អ៊ីសា‌ខារ​មាន ថូឡា ពូវ៉ា‌យ៉ូប និង​ស៊ីមរ៉ូន។ 14កូន​ប្រុស​របស់​សាប់‌យូ‌ឡូន​មាន សេរែក អេឡូន និង​យ៉ាលាល។ 15អ្នក​ទាំង​នោះ​ជា​កូន ដែល​លេអា​បាន​បង្កើត​ជូន​យ៉ាកកូប នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។ ក្រៅ​ពី​កូន​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។
16កូន​ប្រុស​របស់​កាដ​មាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និង​អើ‌រេ‌លី។ 17កូន​របស់​អេស៊ើរ​មាន យីមណា យីសវ៉ា យីសវី និង​បេរា ព្រម​ទាំង​នាង​សេរ៉ា។ កូន​របស់​បេរា​មាន ហេប៊ើរ និង​ម៉ាលគាល។ 18អ្នក​ទាំង​នោះ ជា​កូន​របស់​ស៊ីលផា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។
19កូន​ប្រុស​របស់​រ៉ាជែល ជា​ភរិយា​យ៉ាកកូប មាន​យូសុះ និង​ពុន‌យ៉ាម៉ីន។ 20នៅ​ស្រុក​អេស៊ីប យូសុះ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រា‌អ៊ីម ជា​កូន​ដែល​អាស‌ណាត់ កូន​ស្រី​ប៉ូទី‌ផេរ៉ា អ៊ីមុាំ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​គាត់។ 21កូន​ប្រុស​របស់​ពុន‌យ៉ាម៉ីន​មាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និង​អើឌ។ 22អ្នក​ទាំង​នោះ​ជា​កូន​ដែល​រ៉ាជែល បាន​បង្កើត​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​រ៉ាជែល​មាន​ចំនួន​ទាំង​អស់​ដប់​បួន​នាក់។ 23កូន​ប្រុស​របស់​ដាន់​មាន ហ៊ូស៊ីម។ 24កូន​ប្រុស​របស់​ណែប‌ថាលី​មាន យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។ 25អ្នក​ទាំង​នេះ ជា​កូន​របស់​ប៊ីលហា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​រ៉ាជែល។ នាង​បាន​បង្កើត​កូន​ទាំង​នោះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង​មាន​ចំនួន​ទាំង​អស់​ប្រាំ​ពីរ​នាក់។
26ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​គាត់ មាន​គ្នា​ទាំង​អស់ ហុក​សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសារ​ស្រី​ទេ។ 27បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​យូសុះ ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។
ណាពី​យ៉ាកកូប​នៅ​ស្រុក​អេស៊ីប
28យ៉ាកកូប​បាន​ចាត់​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​គាត់។ ពេល​ក្រុម​គ្រួសារ​របស់​យ៉ាកកូប​ទៅ​ដល់​តំបន់​កូសែន 29យូសុះ​បាន​ទឹម​រទេះ​របស់​គាត់ រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​អ៊ីស្រ‌អែល ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម គាត់​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។ 30អ៊ីស្រ‌អែល​និយាយ​ទៅ​កាន់​យូសុះ​ថា៖ «ឥឡូវ​នេះ បើ​ពុក​ស្លាប់ ក៏​អស់​ចិត្ត​ដែរ ព្រោះ​ពុក​បាន​ជួប​មុខ​កូន​វិញ និង​ឃើញ​ថា​កូន​នៅ​មាន​ជីវិត​នៅ​ឡើយ!»។ 31យូសុះ​និយាយ​ទៅ​កាន់​បងៗ និង​ក្រុម​គ្រួសារ​ឪពុក​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​និយាយ​ជា​មួយ​ស្តេច​ហ្វៀរ៉អ៊ូន​ថា “បងៗ និង​ក្រុម​គ្រួសារ​របស់​ឪពុក​ខ្ញុំ នៅ​ស្រុក​កាណាន បាន​មក​ជួប​ជុំ​នឹង​ខ្ញុំ​ហើយ។ 32ពួក​គេ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​គង្វាល និង​ជា​អ្នក​ចិញ្ចឹម​សត្វ។ ពួក​គេ​បាន​នាំ​ហ្វូង​ចៀម ហ្វូង​គោ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​មាន​មក​ជា​មួយ​ដែរ”។ 33កាល​ណា​ស្តេច​ហ្វៀរ៉អ៊ូន​កោះ​ហៅ​បងៗ ទៅ​សួរ​ថា “តើ​អ្នក​រាល់​គ្នា​មាន​មុខ​របរ​អ្វី” 34ត្រូវ​និយាយ​ទៅ​កាន់​ស្តេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​និយាយ​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 46: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល