សេរីភាព 38
38
អាសនៈធ្វើគូរបាន និងអាងសម្រាប់ធ្វើពិធីជម្រះកាយ
1គាត់ធ្វើអាសនៈសម្រាប់ធ្វើគូរបានមួយ ពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗ មានប្រវែងប្រាំហត្ថ និងកំពស់បីហត្ថ។ 2គាត់ធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ 3គាត់ក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ 4គាត់ធ្វើប្រទាសលង្ហិនមួយ ដាក់នៅចំពាក់កណ្តាលកំពស់របស់អាសនៈ។ 5គាត់សិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ 6គាត់ធ្វើឈើស្នែងពីឈើនាងនួនដោយស្រោបលង្ហិនផង។ 7គាត់ស៊កឈើស្នែងសម្រាប់សែងនោះទៅក្នុងកង ដែលស្ថិតនៅតាមជ្រុងអាសនៈ។ អាសនៈនេះធ្វើអំពីក្តារ ហើយមានប្រហោងក្នុង។
8គាត់ធ្វើអាងអំពីលង្ហិន និងកំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ទីលាន
9គាត់ធ្វើទីលានដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។ 10រនាំងនោះ ភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ 11នៅប៉ែកខាងជើង រនាំងមានបណ្តោយមួយរយហត្ថមានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ 12នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ 13នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។ 14នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ 15ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ 16រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ 17ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិនទំពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ 18វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្តោយម្ភៃហត្ថ និងកំពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ 19បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួនធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។ 20ចំរឹងទាំងប៉ុន្មានរបស់ជំរំសក្ការៈ និងចំរឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
សម្ភារៈដែលប្រើប្រាស់សម្រាប់សង់ជំរំសក្ការៈ
21ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់ម៉ូសា នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ជំរំសក្ការៈគឺជំរំនៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះ ក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់អ៊ីមុាំហារូន។ 22លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ 23លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់ នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការគាត់ដែរ គឺលោកអូហូលីអាប់ជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។
24មាសដែលជាជំនូនរបស់ជនជាតិអ៊ីស្រអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 25រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 26ប្រាក់នេះបានទទួលពីប្រជាជនចំនួន៦០៣ ៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងលើ។ ម្នាក់ៗឲ្យសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 27គេប្រើសាច់ប្រាក់ ៣៤២៧ គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលជំរំ និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤ គីឡូក្រាម។ 28រីឯសាច់ប្រាក់ ២០ គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។ 29លង្ហិនដែលប្រជាជនយកមកឲ្យ មានទម្ងន់ ២៤២៦ គីឡូក្រាម។ 30គេយកលង្ហិននេះទៅប្រើ សម្រាប់ធ្វើជើងទ្របង្គោលរនាំងរបស់ច្រកចូលជំរំជួបអុលឡោះតាអាឡា ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសន:។ 31រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចំរឹងដែលគេបោះជុំវិញជំរំសក្ការៈ និងចំរឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 38: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.