សេរី‌ភាព 37

37
ហិប​នៃ​សម្ពន្ធ​មេត្រី
1លោក​បេតសា‌លាល​ធ្វើ​ហិប​មួយ​ពី​ឈើ​នាង​នួន ដែល​មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ ទទឹង​មួយ​ហត្ថ​កន្លះ និង​កំពស់​មួយ​ហត្ថ​កន្លះ។ 2គាត់​យក​មាស​សុទ្ធ​ស្រោប​ហិប​នោះ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ហើយ​គែម​ដែល​ព័ទ្ធ​ជុំ​វិញ ក៏​ធ្វើ​ពី​មាស​ដែរ។ 3គាត់​ធ្វើ​កង​មាស​បួន ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន គឺ​ម្ខាង​ពីរៗ។ 4គាត់​យក​ឈើ​នាង​នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង។ 5គាត់​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​ដែល​នៅ​សង​ខាង​ហិប ដើម្បី​សែង​ហិប​នោះ។ 6គាត់​ធ្វើ​គំរប​ហិប ពី​មាស​សុទ្ធ​ដែល​មាន​បណ្តោយ​ពីរ​ហត្ថ​កន្លះ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ 7គាត់​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង 8គាត់​ដាក់​ភ្ជាប់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នោះ​ទៅ​នឹង​គំរប​ហិប គឺ​រូប​ម៉ាឡា‌អ៊ីកាត់​នីមួយៗ ត្រូវ​ភ្ជាប់​ទៅ​នឹង​ចុង​ម្ខាង។ 9រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការ​ពារ​គំរប​ហិប​នេះ​ទៀត​ផង។
តុ​ដាក់​នំបុ័ង​ជូន​អុលឡោះ
10គាត់​ធ្វើ​តុ​មួយ​ពី​ឈើ​នាង​នួន ដែល​មាន​បណ្តោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ និង​កំពស់​មួយ​ហត្ថ​កន្លះ។ 11គាត់​យក​មាស​សុទ្ធ​មក​ស្រោប​តុ​នោះ ព្រម​ទាំង​ធ្វើ​គែម​មាស​ព័ទ្ធ​ជុំ​វិញ​ទៀត​ផង។ 12នៅ​តាម​ជ្រុង​ទាំង​បួន គាត់​ធ្វើ​ក្រប​ដែល​មាន​កំពស់​មួយ​ទះ មាន​ក្បាច់​មាស​ព័ទ្ធ​ជុំ​វិញ​ផង។ 13គាត់​បាន​សិត​ធ្វើ​កង​មាស​បួន​ដាក់​ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន ត្រង់​កន្លែង​ដែល​មាន​ជើង​តុ។ 14កង​មាស​ទាំង​បួន ស្ថិត​នៅ​ជិត​ក្រប ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​តុ។ 15គាត់​យក​ឈើ​នាង​នួន​មក​ធ្វើ​ជា​ឈើ​ស្នែង ហើយ​ស្រោប​មាស​ផង ដើម្បី​សែង​តុ​នោះ។ 16គាត់​យក​មាស​សុទ្ធ​មក​ធ្វើ​គ្រឿង​បរិក្ខារ​ដាក់​នៅ​លើ​តុ​នោះ គឺ​មាន​ថាស ថូ ពែង និង​ចាន​គោម សម្រាប់​ប្រើ​ក្នុង​ពិធី​ច្រួច​ស្រា និង​ប្រេង។
ជើង​ចង្កៀង
17គាត់​យក​មាស​សុទ្ធ​តែ​មួយ​ដុំ មក​ដំ​ធ្វើ​ជើង​ចង្កៀង ហើយ​ជើង​ចង្កៀង​មាស​នេះ មាន​ឆ្លាក់​ក្បាច់​រចនា​ទាំង​ផ្នែក​ខាង​ក្រោម ទាំង​តួ ទាំង​មែក និង​ផ្នែក​ដាក់​ប្រេង។ 18មាន​មែក​ប្រាំ​មួយ​បែក​ចេញ​ពី​តួ​ដែល​នៅ​កណ្តាល គឺ​ម្ខាង​មាន​មែក​បី ហើយ​ម្ខាង​ទៀត ក៏​មាន​មែក​បី​ដែរ។ 19ក្នុង​ចំណោម​មែក​ទាំង​ប្រាំ​មួយ​នោះ មែក​នីមួយៗ​មាន​ក្បាច់​បី​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ ជា​បន្ត​បន្ទាប់​គ្នា។ 20រីឯ​តួ​ដែល​នៅ​កណ្តាល​មាន​ក្បាច់​បួន​គន្លាក់ រាង​ដូច​ទង​ផ្កា ត្របក​ផ្កា និង​ស្រទាប់​ផ្កា​ក្រពុំ។ 21មាន​ស្រទាប់​ផ្កា​ក្រពុំ​បី នៅ​ខាង​ក្រោម​មែក​ទាំង​បី​គូ ដែល​បែក​ចេញ​ពី​តួ​កណ្តាល។ 22ស្រទាប់​ផ្កា​ក្រពុំ និង​មែក​មាន​ឆ្លាក់​ជា​ក្បាច់​រចនា ពី​មាស​សុទ្ធ​តែ​មួយ​ដុំ។ 23គាត់​បាន​យក​មាស​សុទ្ធ​ធ្វើ​ចង្កៀង​ប្រាំ​ពីរ ព្រម​ទាំង​ធ្វើ​កន្លែង​ស៊ក​ប្រឆេះ​ចង្កៀង និង​ប្រដាប់​សម្រាប់​គោះ​កំទេច​ប្រឆេះ។ 24គាត់​ប្រើ​មាស​សុទ្ធ​សាម‌សិប​បួន​គី​ឡូ​ក្រាម ដើម្បី​ធ្វើ​ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន សម្រាប់​ប្រើ​ប្រាស់​ជា​មួយ​ជើង​ចង្កៀង​នោះ។
អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប
25គាត់​ធ្វើ​អាសនៈ សម្រាប់​ដុត​គ្រឿង​ក្រអូប​ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​មួយ​ហត្ថ និង​កំពស់​ពីរ​ហត្ថ។ ស្នែង​របស់​អាសនៈ ស្ថិត​នៅ​ជាប់​នឹង​មុម​ទាំង​បួន។ 26គាត់​ស្រោប​អាសនៈ​ទាំង​មូល​ដោយ​មាស​សុទ្ឋ គឺ​ទាំង​ផ្នែក​ខាង​លើ ទាំង​ជញ្ជាំង​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ ទាំង​ស្នែង។ រីឯ​គែម​ដែល​នៅ​ជុំ​វិញ​ក៏​ធ្វើ​ពី​មាស​ដែរ។ 27គាត់​ធ្វើ​កង​មាស​ម្ខាង​ពីរៗ ភ្ជាប់​ពី​ក្រោម​គែម​អាសនៈ ដើម្បី​ស៊ក​ឈើ​ស្នែង​សែង​អាសនៈ។ 28គាត់​ធ្វើ​ឈើ​ស្នែង​ពីរ អំពី​ឈើ​នាង​នួន ហើយ​ស្រោប​មាស​ផង។ 29គាត់​ក៏​បាន​ធ្វើ​ប្រេង ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ និង​ប្រេង​ក្រអូប ជា​ប្រេង​បរិសុទ្ធ ដែល​ផ្សំ​ឡើង​តាម​វិធី​ចម្រាញ​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 37: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល