សេរី‌ភាព 38

38
អាសនៈ​ធ្វើ​គូរបាន និង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ
1គាត់​ធ្វើ​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​មួយ ពី​ឈើ​នាង​នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។ 2គាត់​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។ 3គាត់​ក៏​បាន​ធ្វើ​គ្រឿង​សម្រាប់​ប្រើ​ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។ 4គាត់​ធ្វើ​ប្រទាស​លង្ហិន​មួយ ដាក់​នៅ​ចំ​ពាក់​កណ្តាល​កំពស់​របស់​អាសនៈ។ 5គាត់​សិត​ធ្វើ​កង​បួន ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន​របស់​ប្រទាស សម្រាប់​ស៊ក​ឈើ​ស្នែង។ 6គាត់​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាង​នួន​ដោយ​ស្រោប​លង្ហិន​ផង។ 7គាត់​ស៊ក​ឈើ​ស្នែង​សម្រាប់​សែង​នោះ​ទៅ​ក្នុង​កង ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ។ អាសនៈ​នេះ​ធ្វើ​អំពី​ក្តារ ហើយ​មាន​ប្រហោង​ក្នុង។
8គាត់​ធ្វើ​អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួប​ជុំ​គ្នា នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។
ទី​លាន
9គាត់​ធ្វើ​ទី​លាន​ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ​វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ​រយ​ហត្ថ។ 10រនាំង​នោះ ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់។ 11នៅ​ប៉ែក​ខាង​ជើង រនាំង​មាន​បណ្តោយ​មួយ​រយ​ហត្ថ​មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់។ 12នៅ​ប៉ែក​ខាង​លិច រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់ រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់។ 13នៅ​ប៉ែក​ខាង​កើត រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ។ 14នៅ​ច្រក​ចូល​រនាំង​ម្ខាង មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ 15ច្រក​ចូល​រនាំង​ម្ខាង​ទៀត ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ចូល​មុន មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ 16រនាំង​ទាំង​អស់​របស់​ទី​លាន​ធ្វើ​ពី​អំបោះ​ធ្មៃ។ 17ជើង​ទ្រ​របស់​បង្គោល​ធ្វើ​អំពី​លង្ហិន​ទំពក់ និង​មេ​រូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទី​លាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេ​រូត​ធ្វើ​ពី​ប្រាក់។ 18វាំង​នន​របស់​ច្រក​ចូល​ទី​លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​កំពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទី​លាន​ដែរ។ 19បង្គោល​ទាំង​បួន​របស់​វាំង​នន និង​ជើង​ទ្រ​ទាំង​បួន​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ​រូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។ 20ចំរឹង​ទាំង​ប៉ុន្មាន​របស់​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​របស់​ទី​លាន​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
សម្ភារៈ​ដែល​ប្រើ​ប្រាស់​សម្រាប់​សង់​ជំរំ‌សក្ការៈ
21ពួក​លេវី​បាន​កត់​ត្រា​ទុក តាម​បញ្ជា​របស់​ម៉ូសា នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​សង់​ជំរំ‌សក្ការៈគឺ​ជំរំ​នៃ​សន្ធិ‌សញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ ក្រោម​ការ​ណែ​នាំ​របស់​លោក​អ៊ីថា‌ម៉ា ជា​កូន​របស់​អ៊ីមុាំ​ហារូន។ 22លោក​បេតសា‌លាល​ដែល​ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​លោក​ហ៊ើរ នៃ​កុល‌សម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​កិច្ចការ​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។ 23លោក​អូហូ‌លីអាប់ ជា​កូន​លោក​អហ៊ី‌សាម៉ាក់ នៃ​កុល‌សម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​គាត់​ដែរ គឺ​លោក​អូហូ‌លីអាប់​ជា​ជាង​ចម្លាក់ ជា​វិចិត្រ‌ករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។
24មាស​ដែល​ជា​ជំនូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល សម្រាប់​ប្រើ​ក្នុង​ការ​សង់​ទី​សក្ការៈ មាន​ទម្ងន់​ទាំង​អស់ ១០០២ គី​ឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។ 25រីឯ​ប្រាក់​ទទួល​ពី​អស់​អ្នក​ដែល​គេ​បាន​ជំរឿន​ក្នុង​ចំណោម​សហគមន៍ មាន​ទាំង​អស់ ៣៤៤៧ គី​ឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។ 26ប្រាក់​នេះ​បាន​ទទួល​ពី​ប្រជា‌ជន​ចំនួន​៦០៣ ៥៥០ នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​លើ។ ម្នាក់ៗ​ឲ្យ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ។ 27គេ​ប្រើ​សាច់​ប្រាក់ ៣៤២៧ គី​ឡូ​ក្រាម សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ជំរំ និង​ជើង​ទ្រ​បង្គោល​វាំង​នន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គី​ឡូ​ក្រាម។ 28រីឯ​សាច់​ប្រាក់ ២០ គី​ឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេ​រូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។ 29លង្ហិន​ដែល​ប្រជា‌ជន​យក​មក​ឲ្យ មាន​ទម្ងន់ ២៤២៦ គី​ឡូ​ក្រាម។ 30គេ​យក​លង្ហិន​នេះ​ទៅ​ប្រើ សម្រាប់​ធ្វើ​ជើង​ទ្រ​បង្គោល​រនាំង​របស់​ច្រក​ចូល​ជំរំ​ជួប​អុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសន:។ 31រីឯ​ជើង​ទ្រ​រនាំង​ដែល​នៅ​ជុំ​វិញ​ទី​លាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទី​លាន ចំរឹង​ដែល​គេ​បោះ​ជុំ​វិញ​ជំរំ‌សក្ការៈ និង​ចំរឹង​រនាំង​ទី​លាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 38: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល