សេរីភាព 24
24
អុលឡោះចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រអែល
1អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរនាំហារូន ណាដាប អប៊ីហ៊ូវ និងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ចំនួនចិតសិបនាក់ ឡើងមកជួបអុលឡោះតាអាឡានៅលើភ្នំ។ ចូរនាំគ្នាក្រាបថ្វាយបង្គំពីចម្ងាយ។ 2មានតែម៉ូសាម្នាក់ប៉ុណ្ណោះ ដែលអាចមកជិតអុលឡោះតាអាឡាបាន។ អ្នកឯទៀតៗពុំអាចមកជិតបានទេ ហើយប្រជាជនក៏មិនត្រូវឡើងមកលើភ្នំជាមួយម៉ូសាដែរ»។
3ម៉ូសាក៏នាំបន្ទូល និងហ៊ូកុំទាំងប៉ុន្មានរបស់អុលឡោះតាអាឡាមកប្រាប់ប្រជាជន។ ប្រជាជនទាំងមូលឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែល អុលឡោះតាអាឡាមានបន្ទូល»។ 4ម៉ូសាបានកត់ត្រាទុកនូវបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា។ ស្អែកឡើង គាត់ក្រោកពីព្រលឹម គាត់សង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរបង្គោលដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រអែលទាំងដប់ពីរ។ 5បន្ទាប់មក គាត់ចាត់ពួកយុវជនអ៊ីស្រអែល ឲ្យធ្វើគូរបានដុត ហើយសម្លាប់គោបាធ្វើជាគូរបានមេត្រីភាពជូនអុលឡោះតាអាឡា។ 6ម៉ូសាយកឈាមពាក់កណ្តាល ចាក់ទៅក្នុងផើង ហើយពាក់កណ្តាលទៀត ប្រោះទៅលើអាសនៈ។ 7បន្ទាប់មក គាត់យកគីតាបនៃសម្ពន្ធមេត្រីមកអានឲ្យប្រជាជនស្តាប់ ហើយពួកគេពោលថា៖ «យើងខ្ញុំសុខចិត្តប្រតិបត្តិ និងធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។ 8ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
9ម៉ូសាឡើងទៅលើភ្នំជាមួយហារូន លោកណាដាប និងលោកអប៊ីហ៊ូវ ព្រមទាំងអះលីជំអះរបស់ជនជាតិអ៊ីស្រអែល ទាំងចិតសិបនាក់។ 10ពួកគាត់បានឃើញអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល។ នៅក្រោមជើងទ្រង់ មានដូចជាត្បូងកណ្តៀងសុទ្ធភ្លឺថ្លាដូចផ្ទៃមេឃ។ 11អុលឡោះពុំបានប្រហារវរជនរបស់ជនជាតិអ៊ីស្រអែលទេ។ អស់លោកទាំងនោះបានឃើញអុលឡោះហើយនាំគ្នាធ្វើពិធីជប់លៀង។
12 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរឡើងមករកយើងនៅលើភ្នំ ហើយរង់ចាំនៅទីនេះសិន យើងនឹងប្រគល់បន្ទះថ្មឲ្យអ្នក នៅលើបន្ទះថ្មយើងបានចារឹកហ៊ូកុំ និងបទបញ្ជា ដែលអ្នកត្រូវយកទៅបង្រៀនប្រជាជន»។ 13ម៉ូសាក៏ឡើងទៅលើភ្នំរបស់អុលឡោះជាមួយយ៉ូស្វេ ជាសហការីរបស់គាត់។ 14គាត់ផ្តាំអះលីជំអះថា៖ «សូមអស់លោករង់ចាំនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ។ ហារូន និងលោកហ៊ើរនៅទីនេះជាមួយអស់លោក ប្រសិនបើអ្នកណាមានបញ្ហាអ្វីដែលត្រូវដោះស្រាយ ត្រូវឲ្យអ្នកនោះទៅជួបគាត់ទាំងពីរចុះ»។ 15ម៉ូសាឡើងទៅលើភ្នំ ពេលនោះ មានពពកមកគ្របបាំងលើភ្នំ។ 16សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅលើភ្នំស៊ីណៃ ហើយពពកគ្របបាំងលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ អុលឡោះតាអាឡាត្រាស់ហៅម៉ូសាពីក្នុងពពក។ 17ជនជាតិអ៊ីស្រអែលឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដូចជាភ្លើងឆេះសន្ធោសន្ធៅនៅលើកំពូលភ្នំ។ 18ម៉ូសាចូលទៅក្នុងពពក ហើយឡើងលើភ្នំ។ គាត់ស្ថិតនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 24: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.