សេរីភាព 23
23
ហ៊ូកុំដែលទាក់ទងនឹងការកាត់ក្តី
1កុំផ្សព្វផ្សាយរឿងមិនពិត ហើយក៏កុំធ្វើជាសាក្សីក្លែងក្លាយ ដើម្បីជួយមនុស្សអាក្រក់ដែរ។ 2កុំបណ្តោយខ្លួនទៅតាមមនុស្សភាគច្រើន ដើម្បីសម្រេចការអាក្រក់ឡើយ កុំទុកឲ្យមនុស្សភាគច្រើនទាក់ទាញអ្នកធ្វើជាសាក្សីក្លែងក្លាយ បង្វែរយុត្តិធម៌ឲ្យសោះ។ 3នៅពេលកាត់ក្តី មិនត្រូវយោគយល់ដល់អ្នកណាទាំងអស់ ទោះបីអ្នកនោះ ជាអ្នកក្រីក្រក៏ដោយ។
4ប្រសិនបើអ្នកប្រទះឃើញគោ ឬលារបស់សត្រូវវង្វេង នោះត្រូវតែនាំវាទៅឲ្យម្ចាស់វាវិញ។ 5បើអ្នកឃើញលារបស់ជនដែលស្អប់អ្នក ទន់ជង្គង់ដួល ព្រោះតែផ្ទុកធ្ងន់ពេក នោះមិនត្រូវធ្វើព្រងើយទេ គឺត្រូវតែជួយគេរៀបចំឥវ៉ាន់នៅលើសត្វនោះផង។
6នៅពេលកាត់ក្តី មិនត្រូវរំលោភលើសិទ្ធិរបស់ជនក្រីក្រឡើយ។ 7កុំយកចិត្តទុកដាក់ស្តាប់ពាក្យចោទប្រកាន់មិនពិត ហើយក៏មិនត្រូវកាត់ទោសប្រហារជីវិតជនស្លូតត្រង់ និងជនសុចរិតដែរ ដ្បិតយើងមិនចាត់ទុកមនុស្សអាក្រក់ ថាជាមនុស្សសុចរិតឡើយ។
8កុំទទួលសំណូក ដ្បិតសំណូករមែងធ្វើឲ្យមនុស្សភ្លឺទៅជាខ្វាក់ ព្រមទាំងធ្វើឲ្យមនុស្សសុចរិតចាញ់ក្តី។ 9កុំសង្កត់សង្កិនជនបរទេសឡើយ អ្នករាល់គ្នាធ្លាប់ស្គាល់ការរស់នៅជាជនបរទេសហើយ ដ្បិតអ្នករាល់គ្នាក៏ធ្លាប់ជាជនបរទេស ក្នុងស្រុកអេស៊ីបដែរ។
ហ៊ូកុំសម្រាប់ពិធីបុណ្យផ្សេងៗ
10ក្នុងរយៈពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះ និងប្រមូលផលពីស្រែចម្ការរបស់អ្នកបាន។ 11ប៉ុន្តែ នៅឆ្នាំទីប្រាំពីរត្រូវទុកដីនៅទំនេរ ដើម្បីឲ្យជនក្រីក្រ ក្នុងចំណោមប្រជាជនរបស់អ្នកអាចរកអាហារពីដីទាំងនោះ ហើយសត្វព្រៃនឹងមកស៊ីអ្វីៗដែលនៅសេសសល់។ ត្រូវធ្វើបែបនេះចំពោះចម្ការទំពំាងបាយជូរ និងចម្ការអូលីវរបស់អ្នកដែរ។
12ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃឈប់សម្រាកដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។
13ចូរប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មាន ដែលយើងបានបង្គាប់អ្នករាល់គ្នា ហើយមិនត្រូវបន់ស្រន់ដល់ព្រះដទៃឡើយ សូម្បីតែឈ្មោះរបស់វាទាំងនោះ ក៏មិនត្រូវឮពីមាត់របស់អ្នករាល់គ្នាផង។
14ក្នុងមួយឆ្នាំ ត្រូវធ្វើពិធីបុណ្យបីដង ដើម្បីគោរពយើង។ 15ត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ គឺអ្នកត្រូវបរិភោគនំបុ័ងឥតមេ ចំនួនប្រាំពីរថ្ងៃ នៅខែចេត្រ ដូចយើងបានបង្គាប់ និងកំណត់ទុក ព្រោះនៅខែនោះ អ្នកបានចេញពីស្រុកអេស៊ីប។ ក្នុងឱកាសបុណ្យនោះ មិនត្រូវចូលមករកយើងដោយដៃទទេឡើយ។ 16បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។ 17រៀងរាល់ឆ្នាំ ប្រុសៗទាំងអស់ក្នុងចំណោមប្រជាជន ត្រូវមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចំនួនបីដង។
18មិនត្រូវយកនំបុ័ងមានមេ មកជូនជាមួយឈាមនៃគូរបានឡើយ ហើយក៏មិនត្រូវរក្សាទុកខ្លាញ់នៃគូរបាន រហូតដល់ព្រឹកស្អែកដែរ។ 19ចូរនាំយកភោគផលដំបូងបង្អស់ នៃដំណាំរបស់អ្នករាល់គ្នាមកឲ្យ ក្នុងដំណាក់នៃអុលឡោះតាអាឡាជាម្ចាស់របស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ពាក្យទូន្មានមុនបន្តដំណើរ
20យើងនឹងចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យដើរនៅមុខអ្នក ដើម្បីការពារអ្នកនៅតាមផ្លូវ។ ម៉ាឡាអ៊ីកាត់នឹងនាំអ្នកចូលទៅក្នុងស្រុក ដែលយើងបានរៀបចំទុកសម្រាប់អ្នក។ 21អ្នកត្រូវតែយកចិត្តទុកដាក់ស្តាប់បង្គាប់ម៉ាឡាអ៊ីកាត់ ហើយមិនត្រូវធ្វើអ្វីប្រឆាំងនឹងគាត់ឡើយ។ បើអ្នកបះបោរ ម៉ាឡាអ៊ីកាត់មិនអត់ទោសឲ្យទេ ដ្បិតគាត់ជាតំណាងរបស់យើង។ 22ប្រសិនបើអ្នកស្តាប់បង្គាប់ម៉ាឡាអ៊ីកាត់ ហើយប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក នោះយើងនឹងធ្វើជាសត្រូវប្រឆាំងនឹងសត្រូវរបស់អ្នក ហើយយើងក៏ធ្វើជាបច្ចាមិត្តប្រឆាំងនឹងបច្ចាមិត្តរបស់អ្នកដែរ។ 23ម៉ាឡាអ៊ីកាត់របស់យើង នឹងដើរពីមុខអ្នក ហើយនាំអ្នកចូលទៅក្នុងទឹកដីរបស់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ិត ជនជាតិកាណាន ជនជាតិហេវី និងជនជាតិយេប៊ូស។ យើងនឹងបំផ្លាញអ្នកទាំងនោះឲ្យវិនាសសូន្យ។
24នៅពេលនោះ អ្នកមិនត្រូវក្រាបថ្វាយបង្គំព្រះរបស់ពួកគេឡើយ ហើយក៏មិនត្រូវគោរពបម្រើព្រះទាំងនោះដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើតាមពួកគេទេ ផ្ទុយទៅវិញ ត្រូវបំផ្លាញព្រះទាំងនោះ ព្រមទាំងកំទេចបង្គោលរបស់គេផង។ 25អ្នករាល់គ្នាត្រូវគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះទ្រង់នឹងប្រទានពរឲ្យអ្នករាល់គ្នាមានអាហារ និងទឹក។ យើងនឹងការពារអ្នកមិនឲ្យមានជំងឺឈឺថ្កាត់ឡើយ។ 26ក្នុងស្រុករបស់អ្នកនឹងគ្មានស្ត្រីរលូតកូន ឬស្ត្រីអារឡើយ ហើយយើងនឹងឲ្យអ្នកមានអាយុយឺនយូរទៀតផង។
27មុនពេលអ្នកទៅដល់ យើងនឹងធ្វើឲ្យជាតិសាសន៍ទាំងអស់ញ័ររន្ធត់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់អ្នក បាក់ទ័ពរត់ប្រាសអាយុ។ 28យើងនឹងចាត់សត្វឪម៉ាល់ ឲ្យទៅមុនអ្នក ដើម្បីដេញកំចាត់ជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេត ចេញឆ្ងាយពីអ្នក។ 29យើងនឹងមិនបណ្តេញពួកគេឲ្យអស់ ក្នុងរយៈពេលតែមួយឆ្នាំទេ ក្រែងលោទឹកដីក្លាយទៅជាទីស្មសាន ហើយមានសត្វព្រៃរស់នៅកាន់តែច្រើនឡើងៗ នាំតែបង្កការលំបាកដល់អ្នក។ 30យើងនឹងបណ្តេញពួកគេចេញពីមុខអ្នក បន្តិចម្តងៗ រហូតទាល់តែអ្នកកើនចំនួនច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះ ជាកម្មសិទ្ធិបាន។
31យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រក្រហម រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្តេញពួកគេចេញពីមុខអ្នក។ 32កុំចងសម្ពន្ធមេត្រីជាមួយពួកគេ ឬជាមួយព្រះទាំងឡាយរបស់ពួកគេឡើយ។ 33មិនត្រូវទុកឲ្យជាតិសាសន៍ទាំងនោះ រស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងលោគេនាំអ្នកឲ្យប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង។ បើអ្នកគោរពបម្រើព្រះរបស់ពួកគេ នោះអ្នកនឹងត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 23: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.