សេរី‌ភាព 24

24
អុលឡោះចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល
1អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​នាំ​ហារូន ណាដាប អប៊ី‌ហ៊ូវ និង​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួបអុលឡោះ‌តាអាឡា​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​ចម្ងាយ។ 2មាន​តែ​ម៉ូសា​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មក​ជិតអុលឡោះ‌តាអាឡា​បាន។ អ្នក​ឯ​ទៀតៗ​ពុំ​អាច​មក​ជិត​បាន​ទេ ហើយ​ប្រជា‌ជន​ក៏​មិន​ត្រូវ​ឡើង​មក​លើ​ភ្នំ​ជា​មួយ​ម៉ូសា​ដែរ»។
3ម៉ូសា​ក៏​នាំ​បន្ទូល និង​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា​មក​ប្រាប់​ប្រជា‌ជន។ ប្រជា‌ជន​ទាំង​មូល​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល អុលឡោះ‌តាអាឡា​មាន​បន្ទូល»។ 4ម៉ូសា​បាន​កត់​ត្រា​ទុក​នូវ​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា។ ស្អែក​ឡើង គាត់​ក្រោក​ពី​ព្រលឹម គាត់​សង់​អាសនៈ​មួយ​នៅ​ជើង​ភ្នំ និង​បញ្ឈរ​បង្គោល​ដប់​ពីរ ជា​តំណាង​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​ដប់​ពីរ។ 5បន្ទាប់​មក គាត់​ចាត់​ពួក​យុវ‌ជន​អ៊ីស្រ‌អែល ឲ្យ​ធ្វើ​គូរបាន​ដុត ហើយ​សម្លាប់​គោ​បា​ធ្វើ​ជា​គូរបាន​មេត្រី‌ភាព​ជូនអុលឡោះ‌តាអាឡា6ម៉ូសា​យក​ឈាម​ពាក់​កណ្តាល ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។ 7បន្ទាប់​មក គាត់​យក​គីតាប​នៃ​សម្ពន្ធ‌មេត្រី​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។ 8ម៉ូសា​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​បន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។
9ម៉ូសា​ឡើង​ទៅ​លើ​ភ្នំ​ជា​មួយ​ហារូន លោក​ណាដាប និង​លោក​អប៊ី‌ហ៊ូវ ព្រម​ទាំង​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទាំង​ចិត‌សិប​នាក់។ 10ពួក​គាត់​បាន​ឃើញ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ នៅ​ក្រោម​ជើង​ទ្រង់ មាន​ដូច​ជា​ត្បូង​កណ្តៀង​សុទ្ធ​ភ្លឺ​ថ្លា​ដូច​ផ្ទៃ​មេឃ។ 11អុលឡោះ​ពុំ​បាន​ប្រហារ​វរជន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។ អស់​លោក​ទាំង​នោះ​បាន​ឃើញ​អុលឡោះហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង។
12 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម​យើង​បាន​ចារឹក​ហ៊ូកុំ និង​បទ​បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ 13ម៉ូសា​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​អុលឡោះជា​មួយ​យ៉ូស្វេ ជា​សហ‌ការី​របស់​គាត់។ 14គាត់​ផ្តាំ​អះលី‌ជំអះ​ថា៖ «សូម​អស់​លោក​រង់​ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ ហារូន និង​លោក​ហ៊ើរ​នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​គាត់​ទាំង​ពីរ​ចុះ»។ 15ម៉ូសា​ឡើង​ទៅ​លើ​ភ្នំ ពេល​នោះ មាន​ពពក​មក​គ្រប​បាំង​លើ​ភ្នំ។ 16សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​ពពក​គ្រប​បាំង​លើ​ភ្នំ​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ម៉ូសា​ពី​ក្នុង​ពពក។ 17ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ដូច​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ​នៅ​លើ​កំពូល​ភ្នំ។ 18ម៉ូសា​ចូល​ទៅ​ក្នុង​ពពក ហើយ​ឡើង​លើ​ភ្នំ។ គាត់​ស្ថិត​នៅ​លើ​ភ្នំ​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 24: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល