សេរី‌ភាព 20

20
ហ៊ូកុំទាំង​ដប់​ប្រការ
1អុលឡោះមាន​បន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រ‌អែល ដូច​តទៅ​នេះ៖ 2«យើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។
3មិន​ត្រូវ​គោរព​អ្វី​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។
4មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក​ក្រោម​ដី ធ្វើ​ជា​រូប​ព្រះ​ឡើយ។ 5មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អ្វី​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ 6ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្តី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​យើង និង​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង។
7មិន​ត្រូវ​យក​នាម​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា នឹង​មិន​អត់​អោន​ឲ្យ​អ្នក​ដែល​យក​នាម​របស់​ទ្រង់​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។
8ចូរ​រំលឹក​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​បរិសុទ្ធ។ 9អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សម្រាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ 10តែ​ថ្ងៃ​ទី​ប្រាំ​ពីរ ជា​ថ្ងៃ​ឈប់​សម្រាក​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ 11ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ទ្រង់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​បរិសុទ្ធ។
12ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។
13កុំ​សម្លាប់​មនុស្ស។
14កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។
15កុំ​លួច​ប្លន់​គេ។
16កុំ​ធ្វើ​សាក្សី​ក្លែង​ក្លាយ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​មាន​ទោស។
17កុំ​លោភ​លន់​ចង់​បាន​ផ្ទះ​របស់​អ្នក​ដទៃ កុំ​លោភ​លន់​ចង់​បាន​ប្រពន្ធ​គេ ឬ​ក៏​លោភ​លន់​ចង់​បាន​អ្នក​បម្រើ​ប្រុស អ្នក​បម្រើ​ស្រី គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​គេ​ឡើយ»។
18ប្រជា‌ជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរ​លាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។ 19ពួក​គេ​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​អ្នក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ផ្ទាល់​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​អ្នក។ ប៉ុន្តែ សូម​កុំ​ឲ្យ​អុលឡោះ​មាន​បន្ទូល​មក​កាន់​យើង​ខ្ញុំ​ឡើយ ក្រែង​លោ​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។ 20ម៉ូសា​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! អុលឡោះមក​ដូច្នេះ ដើម្បី​ល្បងល​អ្នក​រាល់​គ្នា និង​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ទ្រង់ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។
21ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​ម៉ូសា​វិញ គាត់​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែលអុលឡោះ‌តាអាឡា​នៅ។
ហ៊ូកុំ​ស្តី​អំពី​អាសនៈ
22 អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ដូច​តទៅ: អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ថា​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា ពី​លើ​មេឃ​មក។ 23អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​មាស ឬ​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ សម្រាប់​ថ្វាយ‌បង្គំ ដូច​ថ្វាយ‌បង្គំ​យើង​ឡើយ។ 24ចូរ​សង់​អាសនៈ​មួយ​អំពី​ដី សម្រាប់​យើង។ ចូរ​យក​ចៀម និង​គោ​មក​ធ្វើ​ជា​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​នៅ​លើ​អាសនៈ​នោះ។ យើង​នឹង​មក​ឲ្យ​ពរ​អ្នក​គ្រប់​ទី​កន្លែង ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ស្គាល់​នាម​យើង។ 25ប្រសិន​បើ​អ្នក​សង់​អាសនៈ​អំពី​ថ្ម នោះ​មិន​ត្រូវ​ប្រើ​ថ្ម​ដាប់​ឡើយ ដ្បិត​ពេល​អ្នក​ប្រើ​ពន្លាក​ដាប់ អ្នក​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​នោះ​ទៅ​ជា​របស់​មិន​បរិសុទ្ធ។ 26មិន​ត្រូវ​សង់​អាសនៈ​ដែល​មាន​កាំ​ជណ្តើរ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក នៅ​ពេល​ឡើង​កាំ​ជណ្តើរ​នោះ»។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 20: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល