សេរីភាព 19
19
អុលឡោះចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រអែល
ប្រជាជនអ៊ីស្រអែលទៅដល់ភ្នំស៊ីណៃ
1នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជនជាតិអ៊ីស្រអែលបានទៅដល់វាលរហោស្ថានស៊ីណៃ។ 2ពួកគេចេញពីរេផិឌីមទៅដល់វាលរហោស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។ 3ម៉ូសាបានឡើងទៅជួបអុលឡោះ។ អុលឡោះតាអាឡាហៅម៉ូសាពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជនជាតិអ៊ីស្រអែល ជាកូនចៅរបស់យ៉ាកកូបដូចតទៅ:
4អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលយើងធ្វើចំពោះជនជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវាមករកយើង។ 5ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្តាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធមេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជារាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ 6យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្រអ៊ីមុាំ ហើយអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែល»។
7ម៉ូសាត្រឡប់មកវិញ កោះហៅពួកអះលីជំអះរបស់ប្រជាជន ហើយរៀបរាប់ប្រាប់នូវបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបង្គាប់គាត់។ 8ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។ ម៉ូសានាំយកចម្លើយរបស់ពួកគេ ទៅជម្រាបអុលឡោះតាអាឡាវិញ។ 9អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងមករកអ្នក ដោយស្ថិតនៅក្នុងផ្ទាំងពពកយ៉ាងក្រាស់ ដើម្បីឲ្យប្រជាជនឮយើងនិយាយជាមួយអ្នក ហើយទុកចិត្តលើអ្នកជារៀងរហូត»។ ម៉ូសាក៏រៀបរាប់ចម្លើយរបស់ប្រជាជន ជម្រាបអុលឡោះតាអាឡា។
10 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ 11ត្រូវឲ្យពួកគេត្រៀមខ្លួនជាស្រេច នៅថ្ងៃទីបី ដ្បិតថ្ងៃនោះ យើងនឹងចុះទៅលើភ្នំស៊ីណៃឲ្យប្រជាជនទាំងអស់ឃើញ។ 12ត្រូវកំណត់ព្រំដែនជុំវិញភ្នំ ហើយប្រាប់ប្រជាជនថា ចូរប្រយ័ត្ន កុំឡើងទៅលើភ្នំ ឬប៉ះពាល់ជើងភ្នំជាដាច់ខាត។ បើអ្នកណាប៉ះភ្នំ អ្នកនោះនឹងត្រូវស្លាប់ 13ទោះជាមនុស្ស ឬសត្វក្តីក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
14ម៉ូសាចុះពីលើភ្នំមករកប្រជាជនវិញ គាត់ជម្រះពួកគេឲ្យបានបរិសុទ្ធ ហើយឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។ 15គាត់ប្រាប់ទៅប្រជាជនថា៖ «ចូររៀបចំខ្លួនសម្រាប់ថ្ងៃទីបី ហើយកុំរួមដំណេកជាមួយប្រពន្ធឡើយ»។
16នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។ 17ម៉ូសានាំប្រជាជនចេញពីជំរំ ទៅជួបអុលឡោះ ពួកគេឈរនៅជើងភ្នំ។ 18មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។ 19សំឡេងត្រែលាន់ឮកាន់តែខ្លាំងឡើងៗ ពេលដែលម៉ូសាជម្រាបអុលឡោះទ្រង់ឆ្លើយមកគាត់ដោយសំឡេងផ្គរលាន់។ 20អុលឡោះតាអាឡាចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ទ្រង់ត្រាស់ហៅម៉ូសាពីលើកំពូលភ្នំ ហើយម៉ូសាក៏ឡើងទៅ។ 21អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «ចូរហាមប្រជាជនកុំឲ្យស្ទុះចូលមករកយើង ដែលជាអុលឡោះតាអាឡា ព្រោះចង់ឃើញយើងនោះឡើយ ក្រែងលោមានពួកគេជាច្រើនត្រូវស្លាប់។ 22ទោះបីពួកអះលីជំអះដែលធ្លាប់ចូលមករកយើងក្តី ត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង ដែលជាអុលឡោះតាអាឡា»។
23ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ប្រជាជនពុំអាចឡើងមកលើភ្នំស៊ីណៃបានទេ ដ្បិតទ្រង់ផ្ទាល់បានបញ្ជាឲ្យយើងខ្ញុំ កំណត់ព្រំដែនជុំវិញភ្នំ ហើយញែកភ្នំនេះទុកជាកន្លែងបរិសុទ្ធទៀតផង»។ 24អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ចូរចុះទៅវិញ ហើយនាំហារូនឡើងមកជាមួយផង ប៉ុន្តែ មិនត្រូវឲ្យពួកអះលីជំអះ និងប្រជាជនស្ទុះឡើងមករកយើង ដែលជាអុលឡោះតាអាឡាឡើយ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង»។ 25ម៉ូសាក៏ចុះទៅរកប្រជាជនវិញ ហើយនិយាយជាមួយពួកគេ។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 19: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.