សេរីភាព 20
20
ហ៊ូកុំទាំងដប់ប្រការ
1អុលឡោះមានបន្ទូលមកកាន់កូនចៅអ៊ីស្រអែល ដូចតទៅនេះ៖ 2«យើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
3មិនត្រូវគោរពអ្វីផ្សេងក្រៅពីយើងឡើយ។
4មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹកក្រោមដី ធ្វើជារូបព្រះឡើយ។ 5មិនត្រូវក្រាបថ្វាយបង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបព្រះទាំងនោះឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងអ្វីផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ 6ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណចំពោះអស់អ្នកដែលស្រឡាញ់យើង និងប្រតិបត្តិតាមហ៊ូកុំរបស់យើង។
7មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
8ចូររំលឹកថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ 9អ្នកមានពេលប្រាំមួយថ្ងៃ សម្រាប់បំពេញកិច្ចការទាំងប៉ុន្មានដែលអ្នកត្រូវធ្វើ 10តែថ្ងៃទីប្រាំពីរ ជាថ្ងៃឈប់សម្រាករបស់អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក។ ដូច្នេះ នៅថ្ងៃនោះ ទាំងអ្នក ទាំងកូនប្រុស កូនស្រីរបស់អ្នក ទាំងអ្នកបម្រើប្រុសស្រី ទាំងសត្វពាហនៈ និងជនបរទេសដែលរស់នៅជាមួយអ្នកមិនត្រូវធ្វើការអ្វីឡើយ 11ដ្បិតក្នុងរយៈពេលប្រាំមួយថ្ងៃ អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលស្ថិតនៅទីទាំងនោះ។ នៅថ្ងៃទីប្រាំពីរ ទ្រង់សម្រាក ហេតុនេះហើយបានជាអុលឡោះតាអាឡាប្រទានពរដល់ថ្ងៃឈប់សម្រាក ហើយញែកថ្ងៃនោះ ជាថ្ងៃបរិសុទ្ធ។
12ចូរគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅលើដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ប្រទានដល់អ្នក។
13កុំសម្លាប់មនុស្ស។
14កុំប្រព្រឹត្តអំពើផិតក្បត់។
15កុំលួចប្លន់គេ។
16កុំធ្វើសាក្សីក្លែងក្លាយ ដែលនាំឲ្យអ្នកដទៃមានទោស។
17កុំលោភលន់ចង់បានផ្ទះរបស់អ្នកដទៃ កុំលោភលន់ចង់បានប្រពន្ធគេ ឬក៏លោភលន់ចង់បានអ្នកបម្រើប្រុស អ្នកបម្រើស្រី គោ លា ឬអ្វីផ្សេងទៀតដែលជារបស់គេឡើយ»។
18ប្រជាជនទាំងមូលបានឮស្នូរផ្គរលាន់ និងសំឡេងត្រែ ព្រមទាំងឃើញផ្លេកបន្ទោរ និងផ្សែងហុយឡើងពីភ្នំ។ ពួកគេភ័យញ័ររន្ធត់ ហើយឈរពីចម្ងាយ។ 19ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។ 20ម៉ូសាឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! អុលឡោះមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចទ្រង់ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
21ប្រជាជនឈរពីចម្ងាយ រីឯម៉ូសាវិញ គាត់ចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលអុលឡោះតាអាឡានៅ។
ហ៊ូកុំស្តីអំពីអាសនៈ
22 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់កូនចៅអ៊ីស្រអែលដូចតទៅ: អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែក ថាយើងនិយាយជាមួយអ្នករាល់គ្នា ពីលើមេឃមក។ 23អ្នករាល់គ្នាមិនត្រូវយកមាស ឬប្រាក់មកធ្វើជារូបព្រះ សម្រាប់ថ្វាយបង្គំ ដូចថ្វាយបង្គំយើងឡើយ។ 24ចូរសង់អាសនៈមួយអំពីដី សម្រាប់យើង។ ចូរយកចៀម និងគោមកធ្វើជាគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈនោះ។ យើងនឹងមកឲ្យពរអ្នកគ្រប់ទីកន្លែង ដែលយើងបង្ហាញឲ្យអ្នកស្គាល់នាមយើង។ 25ប្រសិនបើអ្នកសង់អាសនៈអំពីថ្ម នោះមិនត្រូវប្រើថ្មដាប់ឡើយ ដ្បិតពេលអ្នកប្រើពន្លាកដាប់ អ្នកនឹងធ្វើឲ្យថ្មទាំងនោះទៅជារបស់មិនបរិសុទ្ធ។ 26មិនត្រូវសង់អាសនៈដែលមានកាំជណ្តើរឡើយ ដើម្បីកុំឲ្យគេឃើញកេរខ្មាសរបស់អ្នក នៅពេលឡើងកាំជណ្តើរនោះ»។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 20: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.