សេរី‌ភាព 16

16
នំ​ម៉ាណា និង​សត្វ​ក្រួច
1សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ដំណើរ​ពី​អេលីម ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ីណៃ។ ពួក​គេ​ទៅ​ដល់​ទី​នោះ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ 2នៅ​វាល​រហោ‌ស្ថាន​នោះ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​ម៉ូសា និង​ហារូន។ 3ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ​វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើអុលឡោះ‌តាអាឡា​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​អ្នក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា មក​ស្លាប់​ដោយ​អត់​ឃ្លាន​ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។
4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​ផ្តល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ​យើង​នឹង​ល្បងល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ហ៊ូកុំ​របស់​យើង​ឬ​ទេ? 5នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពេល​គេ​រៀប​ចំ​ម្ហូប​អាហារ​ដែល​គេ​រើស​មក​នោះ គេ​នឹង​ឃើញ​មាន​អាហារ​លើស​ថ្ងៃ​ធម្មតា​មួយ​ជា​ពីរ»។
6ម៉ូសា និង​ហារូន ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺអុលឡោះ‌តាអាឡា​ទេ​តើ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ 7ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ទ្រង់។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។ 8ម៉ូសា​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ អុលឡោះ‌តាអាឡា​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ព្រឹក​ស្អែក ទ្រង់​នឹង​ប្រទាន​នំបុ័ង​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ទ្រង់។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់អុលឡោះ‌តាអាឡា​វិញ»។
9ម៉ូសា​ជម្រាប​ហារូន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​ចូល​មក​ជួបអុលឡោះ‌តាអាឡាដ្បិត​ទ្រង់​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ពួក​គេ​ហើយ»។ 10នៅ​ពេល​ដែល​ហារូន​កំពុង​តែ​និយាយ​ទៅ​កាន់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​នៅ​ក្នុង​ពពក។ 11អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 12«យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​តទៅ: នៅ​ពេល​ព្រលប់​អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំបុ័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។
13ពេល​ល្ងាច​មាន​សត្វ​ក្រួច​ហើរ​មក​ពាស​ពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំ​វិញ​ជំរំ​ផង។ 14នៅ​ពេល​ដែល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ ដូច​ព្រឹល​នៅ​ពាស​ពេញ​វាល​រហោ‌ស្ថាន។ 15ឃើញ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ ម៉ូសា​ជម្រាប​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ 16អុលឡោះ‌តាអាឡា​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សម្រាប់​ម្នាក់»។ 17ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។ 18បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើនជ្រុល រី​ឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុណ្ណោះ។
19ម៉ូសា​ជម្រាប​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។ 20ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្តាប់​តាម​ម៉ូសា​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្តាល​ឲ្យ​ទៅ​ជា​ស្អុយ​រលួយ។ ម៉ូសា​ខឹង​នឹង​ពួក​គេ។ 21ចាប់​ពី​ពេល​នោះ​មក រៀង​រាល់​ព្រឹក ពួក​គេ​រើស​អាហារ​ល្មម​ដែល​ខ្លួន​អាច​បរិភោគ​ឆ្អែត។ ពេល​ថ្ងៃ​រះ​ពេញ​កំដៅ​អាហារ​ដែល​នៅ​សល់​ក៏​រលាយ​បាត់​អស់។ 22នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួក​គេ​រើស​អាហារ​ពីរ​ដង​ច្រើន​ជាង គឺ​ពីរ​កូន​ល្អី​ក្នុង​ម្នាក់ៗ។ មេ​ដឹក​នាំ​ទាំង​អស់​របស់​សហគមន៍​មក​រាយ​ការណ៍​ជម្រាប​ម៉ូសា។ 23គាត់​ប្រាប់​ពួក​គេ​វិញ​ថា៖ «អុលឡោះ‌តាអាឡា​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​ឈប់​សម្រាក ជា​ថ្ងៃ​បរិសុទ្ធ​ដែល​ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។ 24ដូច្នេះ ពួក​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក តាម​បង្គាប់​របស់​ម៉ូសា។ អាហារ​ទាំង​នោះ​ពុំ​មាន​ស្អុយ​រលួយ ឬ​មាន​ដង្កូវ​ចោះ​ឡើយ។ 25ម៉ូសា​មាន​ប្រសាសន៍​ថា៖ «ថ្ងៃ​នេះ ចូរ​បរិភោគ​អាហារ​ទាំង​នេះ​ចុះ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សម្រាក សម្រាប់​គោរពអុលឡោះ‌តាអាឡា។ ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ពុំ​ឃើញ​មាន​អ្វី​នៅ​ខាង​ក្រៅ​ទេ។ 26អ្នក​រាល់​គ្នា​អាច​រើស​អាហារ​នេះ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​នឹង​គ្មាន​អ្វី​រើស​ទេ»។
27ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ក៏​មាន​ប្រជា‌ជន​ខ្លះ​ចេញ​ពី​ជំរំ ដើម្បី​ទៅ​រើស​អាហារ តែ​ពួក​គេ​រក​ពុំ​បាន​សោះ។ 28អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ព្រម​ស្តាប់​បទ​បញ្ជា និង​ហ៊ូកុំ​របស់​យើង​ដល់​កាល​ណា​ទៀត? 29ត្រូវ​ចង​ចាំ​ថា យើង​ជាអុលឡោះ‌តាអាឡា បាន​ប្រគល់​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។ 30ហេតុ​នេះ ប្រជា‌ជន​នាំ​គ្នា​ឈប់​សម្រាក នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។
31កូន​ចៅ​អ៊ីស្រ‌អែល​ហៅ​អាហារ​នោះ​ថា “នំ​ម៉ាណា”។ នំ​ម៉ាណា​មាន​រាង​ដូច​ជា​គ្រាប់​ល្ង មាន​ពណ៌​ស ព្រម​ទាំង​មាន​រស​ជាតិ​ដូច​នំ​ធ្វើ​ពី​ទឹក​ឃ្មុំ។ 32ម៉ូសា​មាន​ប្រសាសន៍​ថា៖ អុលឡោះ‌តាអាឡា​បង្គាប់​ដូច​តទៅ: ចូរ​ដាក់​នំ​ម៉ាណា​ក្នុង​ភាជន៍​មួយ​ឲ្យ​ពេញ ហើយ​រក្សា​ទុក សម្រាប់​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​នៅ​ជំនាន់​ក្រោយ ឃើញ​អាហារ​ដែល​យើង​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ​ក្នុង​វាល​រហោ‌ស្ថាន នៅ​ពេល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ 33ម៉ូសា​ជម្រាប​ហារូន​ថា៖ «ចូរ​យក​ថូ​មួយ​មក ហើយ​ដាក់​នំ​ម៉ាណា​ឲ្យ​ពេញ រួច​យក​ថូ​ទៅ​តម្កល់ នៅ​ចំពោះអុលឡោះ‌តាអាឡា ដើម្បី​រក្សា​ទុក​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»។ 34ហារូន​ក៏​តម្កល់​ថូ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ដើម្បី​រក្សា​ទុក ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ម៉ូសា។
35ជន‌ជាតិ​អ៊ីស្រ‌អែល​បរិភោគ​នំ​ម៉ាណា អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ រហូត​ទាល់​តែ​ពួក​គេ​បាន​ទៅ​ដល់​ស្រុក​ដែល​មាន​មនុស្ស​រស់​នៅ គឺ​រហូត​ទៅ​ដល់​ព្រំ​ដែន​ស្រុក​កាណាន។
36រីឯ​រង្វាល់ សម្រាប់​វាល់​នំ​ម៉ាណា​នោះ គឺ​អូម៊ែរ ស្មើ​មួយ​ភាគ​ដប់​នៃ​អេផា។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 16: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល