សេរី‌ភាព 17

17
ជន‌ជាតិ​អ៊ីស្រ‌អែល​ខ្វះ​ទឹក
1សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន​តាម​បង្គាប់អុលឡោះ‌តាអាឡា។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិ‌ឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សម្រាប់​ប្រជា‌ជន​បរិភោគ​ទេ។ 2ដូច្នេះ ពួក​គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសា ទាំង​ពោល​ថា៖ «សូម​រក​ទឹក​ឲ្យ​ពួក​យើង​ផឹក​ផង!»។ ម៉ូសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​ឈ្លោះ​នឹង​ខ្ញុំ? ហើយ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បងលអុលឡោះ‌តាអាឡា​ដូច្នេះ?»។ 3នៅ​ទី​នោះ ដោយ​ប្រជា‌ជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​ម៉ូសា​ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ឲ្យ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង​ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។ 4ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ? បន្តិច​ទៀត​ពួក​គេ​នឹង​យក​ដុំ​ថ្ម​គប់​សម្លាប់​ខ្ញុំ​ជា​ពុំ​ខាន»។ 5អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​វិញ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ប្រជា‌ជន ដោយ​នាំ​ពួក​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ជា​មួយ ហើយ​កាន់​ដំបង​ដែល​អ្នក​វាយ​ទឹក​ទន្លេ​នីល ទៅ​ជា​មួយ​ផង។ 6នៅ​ទី​នោះ យើង​នឹង​ឈរ​ពី​មុខ​អ្នក លើ​ផ្ទាំង​ថ្ម​មួយ​នៅ​ភ្នំ​ហោរ៉ែប។ ចូរ​វាយ​ផ្ទាំង​ថ្ម​នោះ ទឹក​នឹង​ហូរ​ចេញ​មក សម្រាប់​ប្រជា‌ជន​បរិភោគ»។ ម៉ូសា​ក៏​ធ្វើ​តាម នៅ​ចំពោះ​មុខ​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។
7ម៉ូសា​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរីបា ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​រក​រឿង​ឈ្លោះ​នឹង​ម៉ូសា ព្រម​ទាំង​ល្បងលអុលឡោះ‌តាអាឡា​ដោយ​ពោល​ថា «តើអុលឡោះ‌តាអាឡា​នៅ​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។
ជន‌ជាតិ​អាម៉ា‌ឡេក​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល
8ជន‌ជាតិ​អាម៉ា‌ឡេក នាំ​គ្នា​មក​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​រេផិ‌ឌីម។ 9ម៉ូសា​ពោល​ទៅ​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស​រើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ស្អែក​ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់អុលឡោះ‌តាអាឡា»។ 10លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​ម៉ូសា។ ចំណែក​ម៉ូសា ហារូន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ 11កាល​ម៉ូសា​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​គាត់​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។ 12ដោយ​ដៃ​របស់​ម៉ូសា​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​គាត់​អង្គុយ។ ហារូន និង​លោក​ហ៊ើរ ទ្រ​ដៃ​ម៉ូសា​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ូសា​អាច​លើក​ដៃ​បាន​រហូត​ដល់​ថ្ងៃ​លិច។ 13ដូច្នេះ លោក​យ៉ូសេ្វ មាន​ជ័យ​ជំនះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។
14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​កត់​ត្រា​ព្រឹត្តិ‌ការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។
15ពេល​នោះ ម៉ូសា​សង់​អាសនៈ​មួយ​រួច​ដាក់​ឈ្មោះ​ថា «អុលឡោះ‌តាអាឡា​ជា​ទង់​ជ័យ​របស់​ខ្ញុំ»។ 16គាត់​ប្រកាស​ថា៖ «ដោយ​ជន‌ជាតិ​អាម៉ា‌ឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ»។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 17: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល