សេរី‌ភាព 14

14
ជន‌ជាតិ​អ៊ីស្រ‌អែល​ឆ្លង​កាត់​សមុទ្រ
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 2«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​វិល​មក​បោះ​ជំរំ នៅ​ក្បែរ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ចន្លោះ​មីគដូល និង​សមុទ្រ។ អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំរំ​ទល់​មុខ​បាលសេ‌ផុន គឺ​នៅ​តាម​ឆ្នេរ​សមុទ្រ។ 3ស្តេច​ហ្វៀរ៉អ៊ូន​នឹង​គិត​ថា អ្នក​រាល់​គ្នា​វង្វេង​វិល​វល់​ក្នុង​តំបន់​នេះ មិន​អាច​ចេញ​ផុត​ពី​វាល​ហោ‌ស្ថាន​ឡើយ។ 4យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ​យើង​នឹង​ទទួល​សិរី‌រុង‌រឿង ដោយ​វាយ​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់។
5មាន​គេ​ជម្រាប​ស្តេច​ស្រុក​អេស៊ីប​ថា ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​រត់​បាត់​អស់​ហើយ។ ពេល​នោះ ស្តេច និង​នាម៉ឺន​មន្ត្រី ដូរ​គំនិត ចំពោះ​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​និយាយ​គ្នា​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​យើង​បណ្តោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​ដូច្នេះ? តើ​បាន​នរណា​នៅ​បម្រើ​ពួក​យើង?»។ 6ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ឲ្យ​គេ​ទឹម​រទេះ ហើយ​នាំ​កង‌ទ័ព​ចេញ​ដំណើរ​ទៅ​ជា​មួយ។ 7ស្តេច​បាន​យក​រទេះ​ចំបាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។ 8អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ជា​ស្តេច​ស្រុក​អេស៊ីប​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រ‌អែល។ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច​ជា​មាន​សេរី‌ភាព។ 9កង‌ទ័ព​អេស៊ីប ទាំង​ទ័ព​សេះ ទាំង​រទេះ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ព្រម​ទាំង​ពល​ទ័ព និង​រទេះ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ទាន់​ពួក​គេ​នៅ​ត្រង់​ពីហា‌ហ៊ីរ៉ុត ទល់​មុខ​នឹង​បាលសេ‌ផុន គឺ​កន្លែង​ដែល​ពួក​គេ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ។
10កាល​ឃើញ​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​ប្រកិត​ពី​ក្រោយ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​ភិត​ភ័យ​ជា​ខ្លាំង ហើយ​ស្រែក​អង្វរ​រកអុលឡោះ‌តាអាឡា11ពួក​គេ​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «តើ​នៅ​ស្រុក​អេស៊ីប​គ្មាន​ផ្នូរ​ទេ​ឬ បាន​ជា​អ្នក​នាំ​ពួក​យើង​ឲ្យ​មក​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប។ 12កាល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ ពួក​យើង​បាន​ប្រាប់​អ្នក​ហើយ​ថា: ទុក​ឲ្យ​ពួក​យើង​នៅ​បម្រើ​ជន‌ជាតិ​អេស៊ីប​ចុះ ដ្បិត​នៅ​បម្រើ​គេ នោះ​ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​បែប​នេះ»។ 13ម៉ូសា​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​តទៅ។ 14ចូរ​នាំ​គ្នា​នៅ​ស្ងៀម​ចុះ ដ្បិតអុលឡោះ‌តាអាឡា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា»។
15 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្រែក​អង្វរ​យើង​ដូច្នេះ? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល ឲ្យ​ចេញ​ដំណើរ​ទៅ។ 16ចូរ​លើក​ដំបង​របស់​អ្នក​ឡើង ហើយ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ រួច​វាយ​ទឹក​សមុទ្រ​ឲ្យ​ញែក​ចេញ​ពី​គ្នា ដើម្បី​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ដើរ​តាម​បាត​សមុទ្រ។ 17រីឯ​យើង​វិញ យើង​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​មាន​ចិត្ត​រឹង​ចចេស ដេញ​តាម​ក្រោយ​អ្នក​រាល់​គ្នា។ យើង​នឹង​សំដែង​សិរី‌រុង‌រឿង​របស់​យើង ដោយ​ប្រហារ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពល​ទ័ព​ទាំង​មូល ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្តេច។ 18នៅ​ពេល​ដែល​យើង​សំដែង​សិរី‌រុង‌រឿង ដោយ​ប្រហារ​ស្តេច​ហ្វៀរ៉អ៊ូន ព្រម​ទាំង​កំទេច​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ស្តេច នោះ​ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ 19ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ជា​អម្ចាស់ ដែល​ពី​មុន​នៅ​ខាង​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ រីឯ​ដុំ​ពពក​ដែល​នៅ​ខាង​មុខ ក៏​ទៅ​នៅ​ខាង​ក្រោយ​ពួក​គេ​ដែរ។ 20ដុំ​ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង‌ទ័ព​អេស៊ីប និង​កង‌ទ័ព​អ៊ីស្រ‌អែល។ ដុំ​ពពក​នោះ​ធ្វើ​ឲ្យ​ងងឹត​ម្ខាង និង​ធ្វើ​ឲ្យ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ពេញ​មួយ​យប់ កង‌ទ័ព​ទាំង​ពីរ​មិន​បាន​ចូល​ទៅ​ជិត​គ្នា​ឡើយ។
21ម៉ូសា​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា 22ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។ 23កង‌ទ័ព​អេស៊ីប ទាំង​សេះ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ទាំង​រទេះ​ចំបាំង និង​ទ័ព​សេះ​ទាំង​ប៉ុន្មាន ដែល​ដេញ​តាម​ពី​ក្រោយ ក៏​ចូល​ទៅ​កណ្តាល​សមុទ្រ​ដែរ។ 24លុះ​ពេល​ទៀប​ភ្លឺអុលឡោះ‌តាអាឡា​ដែល​នៅ​ក្នុង​ដុំ​ភ្លើង និង​ដុំ​ពពក​មើល​ទៅ​កង‌ទ័ព​អេស៊ីប ធ្វើ​ឲ្យ​កង‌ទ័ព​នោះ​ជ្រួល​ច្របល់។ 25អុលឡោះ​ធ្វើ​ឲ្យ​រទេះ​ចំបាំង​របូត​កង់ ហើយ​កឿង​ទៅ​មុខ​មិន​រួច។ ជន‌ជាតិ​អេស៊ីប​ស្រែក​ឡើង​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ឲ្យ​ឆ្ងាយ​ពី​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ ដ្បិតអុលឡោះ‌តាអាឡា​រួម​ជា​មួយ​ពួក​គេ ច្បាំង​តទល់​នឹង​ពួក​យើង​ហើយ!»។
26 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ឲ្យ​ទឹក​សមុទ្រ​វិល​មក​គ្រប​លើ​ជន‌ជាតិ​អេស៊ីប រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​ពួក​គេ»។ 27ម៉ូសា​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ពួក​គេ​លិច​លង់​នៅ​កណ្តាល​សមុទ្រ។ 28ទឹក​ហូរ​ត្រឡប់​មក​វិញ គ្រប​លើ​រទេះ​ចំបាំង ទ័ព​សេះ និង​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច​ហ្វៀរ៉អ៊ូន​ដែល​ដេញ​តាម​ជន‌ជាតិ​អ៊ីស្រ‌អែល គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ។ 29ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គេ​បាន​ដើរ​តាម​បាត​សមុទ្រ ដោយ​មាន​ទឹក​សមុទ្រ​ដូច​កំពែង​នៅ​សង​ខាង​ពួក​គេ។
30នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ ជន‌ជាតិ​អ៊ីស្រ‌អែល ឃើញ​សាក‌សព​ជន‌ជាតិ​អេស៊ីប​នៅ​តាម​ឆ្នេរ​សមុទ្រ។ 31ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់អុលឡោះ‌តាអាឡា ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាចអុលឡោះ‌តាអាឡា។ ពួក​គេ​ជឿ​លើអុលឡោះ‌តាអាឡា និង​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 14: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល