សេរី‌ភាព 13

13
ហ៊ូកុំ​ផ្សេង​ទៀត​ដែល​ទាក់​ទង​នឹង​បុណ្យ​រំលង
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 2«ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្តី ទុក​ជា​សក្ការៈ​សម្រាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កម្ម​សិទ្ធិ​របស់​យើង»។
3ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។
4ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។ 5ពេល អុលឡោះ‌តាអាឡា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ដែល​ទ្រង់​សន្យា​ជា​មួយ​ពួក​បុព្វ‌បុរស​ថា នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​គ្នា​គោរព​បម្រើអុលឡោះ‌តាអាឡា ដោយ​ធ្វើ​ពិធី​បុណ្យ​រំលង​ក្នុង​ខែ​នេះ។ 6ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ជូនអុលឡោះ‌តាអាឡា7ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​មេ គឺ​មិន​ត្រូវ​ឲ្យ​មាន​នំបុ័ង​ដាក់​មេ ឬ​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ និង​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឡើយ។ 8នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ថា: “ពួក​យើង​ធ្វើ​បុណ្យ​នេះ ដ្បិតអុលឡោះ‌តាអាឡា​បាន​ជួយ​ពួក​យើង​ឲ្យ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប”។ 9ពិធី​បុណ្យ​នេះ​ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ​វិន័យ​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ 10ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ហ៊ូកុំ​នេះ។
11ពេលអុលឡោះ‌តាអាឡា​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ទ្រង់​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​នោះ 12អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ជូនអុលឡោះ‌តាអាឡា ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា13ចំណែក​ឯ​កូន​ដំបូង​របស់​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ឲ្យ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។ 14នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។ 15ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​មិន​ព្រម​អនុ‌ញ្ញាត​ឲ្យ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ អុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​ជូនអុលឡោះ‌តាអាឡា តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។ 16គូរបាន​នេះ ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។
អុលឡោះ‌តាអាឡា​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់
17ពេល​ស្តេច​ហ្វៀរ៉អ៊ូន​បើក​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ​នោះ អុលឡោះ‌តាអាឡា​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលី‌ស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ទ្រង់​នឹក​គិត​ថា ប្រសិន​បើ​ប្រជា‌ជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ 18ហេតុ​នេះ ទ្រង់​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​ក្រហម។ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។
19ម៉ូសា​បាន​យក​ឆ្អឹង​របស់​យូសុះ​ទៅ​ជា​មួយ​គាត់​ដែរ ដ្បិត​យូសុះ​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា «អុលឡោះ​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ឆ្អឹង​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។
20ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ដំណើរ​ពី​ក្រុង​សិកូត ទៅ​បោះ​ជំរំ​ត្រង់​អេថាម ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។ 21នៅ​ពេល​ថ្ងៃ អុលឡោះ‌តាអាឡា​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នាំ​មុខ​ពួក​គេ ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។ 22នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជា‌ជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជា​និច្ច។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 13: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល