សេរី‌ភាព 15

15
បទ​ចំរៀង​របស់​ណាពី​ម៉ូសា និង​កូន​ចៅ​អ៊ីស្រ‌អែល
1ម៉ូសា និង​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ច្រៀង​ជូនអុលឡោះ‌តាអាឡា​ដូច​តទៅ៖
ខ្ញុំ​ច្រៀង​ជូនអុលឡោះ‌តាអាឡា
ទ្រង់​មាន​ជ័យ​ជំនះ​ដ៏​ត្រចះ‌ត្រចង់
ទ្រង់​បាន​ធ្វើ​ឲ្យ​សេះ
និង​ទាហាន​ដែល​ជិះ​លើ​វា
លិច​លង់​ទៅ​ក្នុង​សមុទ្រ!
2 អុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ
ខ្ញុំ​សូម​ច្រៀង​ជូន​ទ្រង់
ទ្រង់​សង្គ្រោះ​ខ្ញុំ
ទ្រង់​ជា​ម្ចាស់​របស់​ខ្ញុំ
ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់។
ទ្រង់​ជា​ម្ចាស់​នៃ​ឪពុក​របស់​ខ្ញុំ
ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់។
3 អុលឡោះ‌តាអាឡា​ជា​វិរ‌បុរស​ដ៏​អង់​អាច
ទ្រង់​មាន​ឈ្មោះ​ថា អុលឡោះ‌តាអាឡា
4ទ្រង់​បាន​ធ្វើ​ឲ្យ​រទេះ​ចំបាំង
និង​កង‌ទ័ព​របស់​ស្តេច​ហ្វៀរ៉អ៊ូន
វិនាស​នៅ​ក្នុង​សមុទ្រ។
នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីប
បាន​លង់​ក្នុង​សមុទ្រ​ក្រហម។
5ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ
ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។
6 អុលឡោះ‌តាអាឡា​អើយ! ទ្រង់​មាន​អំណាច
ដ៏​ថ្កុំ​ថ្កើង​អស្ចារ្យ!
ទ្រង់​កំទេច​ខ្មាំង​សត្រូវ​ដោយ​អំណាច​របស់​ទ្រង់។
7ទ្រង់​ប្រកប​ដោយ​ចេស្តា រុង‌រឿង‌ក្រៃ​លែង
ទ្រង់​ផ្តួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ទ្រង់។
ពេល​កំហឹង​របស់​ទ្រង់​ឆាប​ឆេះ​ឡើង
នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។
8ពេល​ខ្យល់​របស់​ទ្រង់​បក់​បោក​មក
ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្តុំ​គ្នា
រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់
ទឹក​ដែល​នៅ​ទី​ជម្រៅ ក៏​មក​កក​កុញ
នៅ​បាត​សមុទ្រ​ដែរ។
9ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ
ខ្ញុំ​នឹង​តាម​គេ​ទាន់
ខ្ញុំ​នឹង​ទទួល​ចំណែក​ជ័យ‌ភ័ណ្ឌ
យ៉ាង​បរិបូណ៌​ហូរ​ហៀរ
ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។
10ទ្រង់​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ
គ្រប​ទៅ​លើ​ពួក​គេ!
ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។
11 អុលឡោះ‌តាអាឡា​អើយ តើ​មាន​អ្វី​អាច​ផ្ទឹម​នឹង​ទ្រង់​បាន?
តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​បរិសុទ្ធ​ដូច​ទ្រង់។
ទ្រង់​ជា​ម្ចាស់​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង
គួរ​សរសើរ​តម្កើង
ទ្រង់​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ។
12ពេល​ទ្រង់​លើក​ដៃ​ស្តាំ​ឡើង
ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។
13ទ្រង់​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់!
ហើយ​ដឹក​នាំ​ពួក​គេ
ទ្រង់​ប្រើ​ចេស្តា​របស់​ទ្រង់ នាំ​ពួក​គេ
ឆ្ពោះ​ទៅ​កាន់​ដំណាក់​បរិសុទ្ធ​របស់​ទ្រង់។
14ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នា​នា​ភ័យ​ញ័រ
អ្នក​ស្រុក​ភីលី‌ស្ទីន​នាំ​គ្នា​ភ័យ​តក់​ស្លុត
15មេ‌ទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់
ទាហាន​ដ៏​អង់​អាច​នៅ​ស្រុក​ម៉ូអាប់​ភិត​ភ័យ
អ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។
16ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។
អុលឡោះ‌តាអាឡា​អើយ
ពេល​ឃើញ​ទ្រង់​សំដែង​អំណាច​ដ៏​ខ្លាំង​ក្លា
ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ
រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឆ្លង​ផុត
គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ឆ្លង​ផុត​ទៅ។
17 អុលឡោះ‌តាអាឡា​អើយ
ទ្រង់​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ​ដាក់​លើ
ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ទ្រង់
ជា​កន្លែង​ដែល​ទ្រង់​បាន​រៀប​ចំ​សម្រាប់​នៅ។
អុលឡោះ‌ជាអម្ចាស់​អើយ ទ្រង់​បាន​សង់​ទី​សក្ការៈ​របស់​ទ្រង់​ឡើង
ដោយ​ដៃ​ទ្រង់​ផ្ទាល់។
18 អុលឡោះ‌តាអាឡា​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​និច្ច រហូត​តរៀង​ទៅ។
19ពេល​ដែល​សេះ​របស់​ស្តេច​ហ្វៀរ៉អ៊ូន
រទេះ​ចំបាំង និង​កង‌ទ័ព​សេះ ចូល​ទៅ​ក្នុង​សមុទ្រ
អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ហូរ​មក​វិញ គ្រប​ពី​លើ​ពួក​គេ
តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដើរ​តាម​បាត​សមុទ្រ។
20ពេល​នោះ សាទី​ម៉ារៀម​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះដែល​ជា​បង​ស្រី​របស់​ហារូន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។
21សាទី​ម៉ារៀម​បន្លឺ​សំឡេង​ច្រៀង​ថា៖
«ចូរ​ច្រៀង​ជូនអុលឡោះ‌តាអាឡា
ទ្រង់​មាន​ជ័យ​ជំនះ​ដ៏​ត្រចះ‌ត្រចង់
ទ្រង់​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា
លិច​លង់​ទៅ​ក្នុង​សមុទ្រ!»។
ប្រជា‌ជន​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន
ប្រភព​ទឹក​ម៉ារ៉ា
22ម៉ូសា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ចេញ​ពី​សមុទ្រ​ក្រហម ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។
23លុះ​មក​ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពី​ព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រស​ជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។ 24ប្រជា‌ជន​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​ម៉ូសា​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។ 25ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​គាត់។ ម៉ូសា​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ អុលឡោះ‌តាអាឡា​ប្រទាន​ហ៊ូកុំ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​បាន​ល្បងល​មើល​ពួក​គេ​ដែរ។ 26អុលឡោះ​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់​យើង ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រង​ត្រាប់​ស្តាប់​បទ​បញ្ជា និង​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន‌ជាតិ​អេស៊ីប​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជា»។
27ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​មក​ដល់​អេលីម។ នៅ​ទី​នោះ មាន​ប្រភព​ទឹក​ចំនួន​ដប់​ពីរ ព្រម​ទាំង​មាន​លម៉ើ​ចំនួន​ចិត‌សិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ នៅ​ក្បែរ​មាត់​ទឹក។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 15: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល