អេភេសូ 3
3
ភារកិច្ចរបស់លោកប៉ូលក្នុងការនាំជនជាតិដទៃឲ្យស្គាល់អុលឡោះ
1ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ…។ 2បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលអុលឡោះប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។
3អុលឡោះបានបង្ហាញគម្រោងការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។ 4ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោងការដ៏លាក់កំបាំងរបស់អាល់ម៉ាហ្សៀស។ 5នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គម្រោងការនេះ ដូចអុលឡោះបានបង្ហាញឲ្យក្រុមសាវ័ក និងណាពីដ៏វិសុទ្ធរបស់ទ្រង់ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈរសអុលឡោះនោះឡើយ 6គឺថា ដោយសារដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងរូបកាយតែមួយ និងមានសិទ្ធិទទួលពរ តាមបន្ទូលសន្យានៃអុលឡោះរួមជាមួយសាសន៍អ៊ីស្រអែល ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដែរ។ 7ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមអំណោយទាននៃក្តីមេត្តារបស់អុលឡោះមកលើរូបខ្ញុំ គឺជាអំណោយទានដែលទ្រង់ប្រោសប្រទានមកខ្ញុំ ដោយអំណាចដ៏ខ្លាំងពូកែរបស់ទ្រង់។ 8ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។ 9អុលឡោះក៏ប្រណីសន្ដោស ឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបទ្រង់ចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងអុលឡោះផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។ 10នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ 11តាមផែនការដែលទ្រង់បានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយទ្រង់បានសម្រេចដោយសារអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់នៃយើង។ 12ដោយរួមក្នុងអាល់ម៉ាហ្សៀស និងដោយមានជំនឿលើគាត់យើងមានចិត្ដអង់អាច និងមានផ្លូវចូលទៅរកអុលឡោះទាំងទុកចិត្ដ។ 13ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស
14ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំអុលឡោះជាបិតា 15ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅសូរ៉កា ទាំងនៅផែនដី 16សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។ 17សូមអាល់ម៉ាហ្សៀសនៅក្នុងចិត្ដបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ 18ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏បរិសុទ្ធទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកំពស់ 19គឺឲ្យបងប្អូនស្គាល់ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះ។
20អុលឡោះអាចធ្វើអ្វីៗទាំងអស់ ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារអំណាចរបស់ទ្រង់ដែលបំពេញសកម្មភាពនៅក្នុងយើង 21សូមលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ក្នុងក្រុមជំអះ និងក្នុងអាល់ម៉ាហ្សៀសអ៊ីសា នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។
ទើបបានជ្រើសរើសហើយ៖
អេភេសូ 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.