អេភេ‌សូ 2

2
អូមាត់‌អ៊ីសា​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​ដល់​ជីវិត
1ចំពោះ​បង​ប្អូន បង​ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង​ប្អូន​រួច​ផុត​ទៅ​ហើយ។ 2ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​អុលឡោះ​នៅ​បច្ចុប្បន្ន‌កាល​នេះ។ 3រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម​យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ដ​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក​យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​ពី​អុលឡោះ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ 4ក៏​ប៉ុន្ដែ អុលឡោះ​ដែល​តែងតែ​អាណិត​មេត្ដា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​បំផុត 5គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​វិញ​ដែរ។ អុលឡោះ​បាន​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​គុណ​នៃ​ទ្រង់។ 6អុលឡោះ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​សូរ៉កា រួម​ជា​មួយ​អ៊ីសា​ដែរ។ 7អុលឡោះ​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​គុណ​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ទ្រង់ 8អុលឡោះ​សង្គ្រោះ​បង​ប្អូន​ដោយ‌សារ​គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង​ប្អូន​ទេ គឺ​ជា​អំណោយ​ទាន​របស់​អុលឡោះ 9ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ដ​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ 10យើង​ជា​ស្នា​ដៃ​ដែល​អុលឡោះ​បាន​បង្កើត​មក ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​អំពើ​ល្អ​ដែល​ទ្រង់​បាន​បម្រុង​ទុក​ជា​មុន​សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។
ការ​រួប‌រួម​គ្នា​ក្នុង​អាល់ម៉ា‌ហ្សៀស
11ដូច្នេះ សូម​បង​ប្អូន​ចង​ចាំ​ថាៈ ពី​ដើម​បង​ប្អូន​កើត​មក​ជា​សាសន៍​ដទៃ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​ខតាន់» ហៅ​បង​ប្អូន​ថា «ពួក​មិន​ខតាន់» ព្រោះ​គេ​សំគាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ 12កាល​ណោះ បង​ប្អូន​នៅ​ឆ្ងាយ​ពី​អាល់ម៉ា‌ហ្សៀស គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រ‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រីដែល​ចង​ឡើង​ដោយ​បន្ទូល​សន្យា​របស់​អុលឡោះ​ទេ បង​ប្អូន​រស់​នៅ​ក្នុង​លោក​នេះ​ដោយ គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​អុលឡោះ​ដែរ។ 13កាល​ពី​ដើម បង​ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្ដែ ឥឡូវ​នេះ ដោយ​បង​ប្អូន​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា បង​ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស។ 14គឺ​អាល់ម៉ា‌ហ្សៀស​ហើយ​ដែល​ជា​សន្ដិភាព​របស់​យើង គាត់​បាន​ប្រមូល​សាសន៍​ទាំង​ពីរឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ដ្រ​តែ​មួយ។ ក្នុង​រូប‌កាយ​របស់​អ៊ីសា គាត់​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ដ​នឹង​គ្នា។ 15អ៊ីសា​បាន​លុប​បំបាត់​ហ៊ូកុំ​ដែល​មាន​បទ​បញ្ជា និង​ក្បួន​តម្រា​ផ្សេងៗ​ចោល ដើម្បី​បង្រួប‌បង្រួម​សាសន៍​ទាំង​ពីរ​ឲ្យ​ទៅ​ជា​មនុស្ស​ថ្មី​តែ​មួយ ក្នុង​គាត់​ផ្ទាល់​ព្រម​ទាំង​នាំ​សន្ដិភាព​មក​ផង។ 16ដោយ​អ៊ីសា​បាន​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង គាត់​បាន​សំរុះ​សំរួល​សាសន៍​ទាំង​ពីរ​ឲ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឲ្យ​គេ​ស្រុះ​ស្រួល​ជា​មួយ​អុលឡោះ​វិញ ទាំង​កំចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ 17អ៊ីសា​បាន​មក «ទាំង​នាំ​ដំណឹង‌ល្អ​អំពី​សន្ដិភាព​មក​ឲ្យ​បង​ប្អូន​ដែល​នៅ​ឆ្ងាយ និង​នាំ​សន្ដិភាព​មក​ឲ្យ​អស់​អ្នក​ដែល​នៅ​ជិត​ដែរ»18ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ ដែល​យើង​ទាំង​ពីរ​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​រក​អុលឡោះ​ជា​បិតា ដោយ​រួម​ក្នុង​រស‌អុលឡោះ​តែ​មួយ។
19ហេតុ​នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក​ជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ក្រុម​គ្រួសារ​របស់​អុលឡោះ។ 20អុលឡោះ​បាន​កសាង​បង​ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក និង​ណាពី​ជា​គ្រឹះ និង​មាន​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ 21គឺ​អាល់ម៉ា‌ហ្សៀស​ហើយ ដែល​ធ្វើ​ឲ្យ​សំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឲ្យ​ចំរើន​ឡើង ទៅ​ជា​ម៉ាស្ជិទ​បរិសុទ្ធ​មួយ រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់។ 22រីឯ​បង​ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​អ៊ីសា បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ដំណាក់​របស់​អុលឡោះ ក្នុង​រស‌អុលឡោះ។

ទើបបានជ្រើសរើសហើយ៖

អេភេ‌សូ 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល