កូឡូស 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​លោក​ធីម៉ូ‌ថេ 2សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​បរិសុទ្ធ និង​បង​ប្អូន​ដែល​ជឿ​លើ​អាល់ម៉ា‌ហ្សៀស នៅ​ក្រុង​កូឡូស។ សូម​អុលឡោះ​ជា​បិតា​របស់​យើង ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។
ពាក្យ​អរ​គុណ និង​ពាក្យ​សូម‌អង្វរ​របស់​លោក​ប៉ូល
3យើង​សូម​អរ​គុណ​អុលឡោះ​ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជាអម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​ទូរអា​ឲ្យ​បង​ប្អូន 4ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង​ប្អូន​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ 5ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​អុលឡោះ​បម្រុង​ទុក​សម្រាប់​បង​ប្អូន​នៅ​សូរ៉កា។ បង​ប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ 6ដែល​បាន​មក​ដល់​បង​ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បង​ប្អូន​បាន​ទទួល និង​បាន​ស្គាល់​ក្តី​មេត្តា​របស់​អុលឡោះ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចំរើន​ឡើង​ក្នុង​ចំណោម​បង​ប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។ 7បង​ប្អូន​បាន​ទទួល​ការ​អប់រំ​នេះ ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់​ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​អាល់ម៉ា‌ហ្សៀស​សម្រាប់​បង​ប្អូន។ 8គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់ អំពី​សេចក្ដី​ស្រឡាញ់​ដែល​រស‌អុលឡោះ​ប្រទាន​មក​បង​ប្អូន។
9ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង​ប្អូន យើង​ចេះ​តែ​ទូរអា និង​សូម‌អង្វរ​អុលឡោះ​ឲ្យ​បង​ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បង​ប្អូន​ស្គាល់​បំណង​របស់​ទ្រង់​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​រស‌អុលឡោះ។ 10សូម​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​អ៊ីសា‌ជាអម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ចិត្ត​គាត់​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង​ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង​ប្អូន​ធ្វើ ហើយ​បង​ប្អូន​នឹង​ស្គាល់​អុលឡោះ​កាន់​តែ​ច្បាស់​ឡើងៗ។ 11សូម​ឲ្យ​បង​ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ជំពូក ដោយ​ចេស្ដា​ដ៏​រុង‌រឿង​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។
12ចូរ​អរ​គុណ​អុលឡោះ​ជា​បិតា ដោយ​ចិត្ដ​រីក‌រាយ ព្រោះ​ទ្រង់​បាន​ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន មាន​សមត្ថភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នៅ​ក្នុង​ពន្លឺ។ 13អុលឡោះ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​នគរ​នៃ​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់។ 14ដោយ​យើង​នៅ​ក្នុង​បុត្រា​នៃ​អុលឡោះ ទ្រង់​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។
15អុលឡោះ​ដែល​យើង​មើល​ពុំ​ឃើញ គឺ​យើង​អាច​ឃើញ​តាម​រយៈ​អាល់ម៉ា‌ហ្សៀស
មុន​អុលឡោះ​បង្កើត​អ្វីៗ​ទាំង​អស់ គឺ​មាន​អាល់ម៉ា‌ហ្សៀស
16ដ្បិត​អុលឡោះ​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស
ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី
ទាំង​អ្វីៗ​ដែល​មើល​ឃើញ
ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ
ទាំង​ម៉ាឡា‌អ៊ីកាត់
ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង
ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
អុលឡោះ​បាន​បង្កើត​ទាំង​អស់​មក
ដោយ‌សារ​អាល់ម៉ា‌ហ្សៀស និង​សម្រាប់​អាល់ម៉ា‌ហ្សៀស។
17អាល់ម៉ា‌ហ្សៀស​មាន​ជីវិត​មុន​អ្វីៗ​ទាំង​អស់
ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា
ដោយ‌សារ​គាត់​ដែរ។
18អ៊ីសា​ប្រៀប​ដូច​ជា​ក្បាល​នៃ​រូប‌កាយ​របស់​គាត់
គឺ​ក្រុម‌ជំអ
អ៊ីសា​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់
អ៊ីសា​រស់​ឡើង​វិញ​មុន​គេ
ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
19ដ្បិត​អុលឡោះ​គាប់​ចិត្ត​ឲ្យ
គ្រប់​លក្ខណ‌សម្បត្តិ​របស់​ទ្រង់
ស្ថិត​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។
20អុលឡោះ​បាន​សំរុះ‌សំរួល​អ្វីៗ​ទាំង​អស់
នៅ​លើ​ផែនដី និង​នៅ​សូរ៉កា
ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ
ដោយ‌សារ​អាល់ម៉ា‌ហ្សៀស និង​សម្រាប់​អាល់ម៉ា‌ហ្សៀស
គឺ​អុលឡោះ​បាន​ធ្វើ​ឲ្យ​មាន​សន្ដិ‌ភាព
ដោយ​បុត្រា​បង្ហូរ​ឈាម
នៅ​លើ​ឈើ​ឆ្កាង។
21ចំពោះ​បង​ប្អូន​វិញ ពី​ដើម បង​ប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ ហើយ​ជា​សត្រូវ​នឹង​ទ្រង់ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង​ប្អូន។ 22តែ​ឥឡូវ​នេះ អុលឡោះ​បាន​សំរុះ‌សំរួល​បង​ប្អូន​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​ដែល​កើត​មក​ជា​មនុស្ស បាន​ស្លាប់ ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ទ្រង់។ 23ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង​ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។
កិច្ចការ​ដ៏​លំបាក​របស់​លោក​ប៉ូល
24ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង​ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស សម្រាប់​រូប‌កាយ​របស់​គាត់​ដែល​ជា​ក្រុម‌ជំអះ។ 25ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំអះ​នេះ តាម​ការ​ចាត់​ចែង ដែល​អុលឡោះ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង​ប្អូន​ឲ្យ​ស្គាល់​បន្ទូល​របស់​ទ្រង់​បាន​សព្វ​គ្រប់។ 26នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​អុលឡោះ​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​របស់​ទ្រង់​ស្គាល់។ 27អុលឡោះ​គាប់​ចិត្ត​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នេះ ស្គាល់​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​បង​ប្អូន គាត់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​គាត់។ 28ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​គ្នា ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។ 29ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ដើម្បី​សម្រេច​គោល​ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​អំណាច​របស់​អ៊ីសា ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។

ទើបបានជ្រើសរើសហើយ៖

កូឡូស 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល