កូឡូស 2
2
1ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ខ្ញុំតយុទ្ធខ្លាំងក្លាយ៉ាងណា សម្រាប់បងប្អូន សម្រាប់អស់អ្នកនៅស្រុកឡៅឌីសេ និងអស់អ្នកដែលមិនធ្លាប់បានឃើញមុខខ្ញុំផ្ទាល់ 2គឺខ្ញុំចង់លើកទឹកចិត្ដបងប្អូនទាំងនោះ ឲ្យរួបរួមគ្នាក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យគេមានប្រាជ្ញាវាងវៃបំផុត យល់សព្វគ្រប់ទាំងអស់ និងស្គាល់ច្បាស់នូវគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ ពោលគឺអាល់ម៉ាហ្សៀសផ្ទាល់ 3ដ្បិតតម្រិះ និងប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់អុលឡោះសុទ្ធតែលាក់ទុកនៅក្នុងអាល់ម៉ាហ្សៀសហ្នឹងហើយ។
4ខ្ញុំនិយាយដូច្នេះ ដើម្បីការពារកុំឲ្យនរណាម្នាក់អាចមកបញ្ឆោតបងប្អូន ដោយពាក្យសំដីដ៏ពីរោះៗនោះឡើយ។ 5ថ្វីដ្បិតតែរូបកាយខ្ញុំនៅឆ្ងាយពីបងប្អូន តែចិត្ដខ្ញុំនៅជាប់ជាមួយបងប្អូន ហើយខ្ញុំក៏មានអំណរដោយឃើញបងប្អូនមានសណ្ដាប់ធ្នាប់ និងមានជំនឿមាំមួនលើអាល់ម៉ាហ្សៀស។
ជីវិតរួមជាមួយអាល់ម៉ាហ្សៀស
6ដូច្នេះ បើបងប្អូនបានទទួលអាល់ម៉ាហ្សៀសអ៊ីសាទុកជាអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយគាត់យ៉ាងនោះតទៅទៀតទៅ។ 7ចូរចាក់ឫស និងកសាងជីវិតលើអ៊ីសា ចូររក្សាជំនឿឲ្យបានរឹងប៉ឹង ស្របតាមសេចក្ដីប្រៀនប្រដៅដែលបងប្អូនបានទទួល ហើយត្រូវអរគុណអុលឡោះឲ្យបានច្រីនលើសលប់។
8ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមអាល់ម៉ាហ្សៀសទេ 9ដ្បិតគ្រប់លក្ខណសម្បត្តិរបស់អុលឡោះស្ថិតនៅយ៉ាងពោរពេញក្នុងរូបកាយអាល់ម៉ាហ្សៀស។ 10រីឯបងប្អូនក៏បានពោរពេញដូច្នោះដែរ ដោយរួមនៅក្នុងអាល់ម៉ាហ្សៀស ដែលជាម្ចាស់លើវត្ថុស័ក្តិសិទ្ធិ និងលើអ្វីៗទាំងអស់ដែលមានអំណាច។ 11ក្នុងអាល់ម៉ាហ្សៀស បងប្អូនក៏បានទទួលពិធីខតាន់ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីខតាន់តាមរបៀបអាល់ម៉ាហ្សៀស ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។ 12ពេលបងប្អូនទទួលពិធីជ្រមុជទឹក បងប្អូនត្រូវកប់ក្នុងផ្នូររួមជាមួយអាល់ម៉ាហ្សៀសហើយ ដោយបងប្អូនរួមក្នុងខ្លួនអាល់ម៉ាហ្សៀស បងប្អូនក៏មានជីវិតរស់ឡើងវិញរួមជាមួយគាត់ដែរ ព្រោះបងប្អូនមានជំនឿលើអំណាចរបស់អុលឡោះ ដែលបានប្រោសអាល់ម៉ាហ្សៀសឲ្យរស់ឡើងវិញ។ 13ពីដើមបងប្អូនបានស្លាប់មកពីកំហុសរបស់បងប្អូន និងមកពីបងប្អូនពុំបានទទួលពិធីខតាន់ខាងរូបកាយមែន តែឥឡូវនេះ អុលឡោះបានប្រោសឲ្យបងប្អូនមានជីវិតរួមជាមួយអាល់ម៉ាហ្សៀស។
ទ្រង់បានលើកលែងទោសទាំងប៉ុន្មានរបស់យើង។
14ទ្រង់បានលុបបញ្ជីដែលចោទប្រកាន់ទាស់
នឹងយើងតាមហ៊ូកុំនោះចោល។
ទ្រង់បានដកបញ្ជីនេះចេញ
ដោយយកទៅបោះភ្ជាប់នឹងឈើឆ្កាង។
15ទ្រង់បានដកឫទ្ធិចេញពីវត្ថុស័ក្តិសិទ្ធិ
និងពីអ្វីៗដែលមានអំណាច
គឺទ្រង់បានបំបាក់មុខពួកវាជាសាធារណៈ
ទាំងនាំវាទៅជាឈ្លើយ
ក្នុងពេលហែក្បួនជ័យជំនះរបស់ទ្រង់។
16ហេតុនេះ មិនត្រូវឲ្យនរណាម្នាក់ថ្កោលទោសបងប្អូន អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងបុណ្យទាន ថ្ងៃចូលខែ និងថ្ងៃជំអាត់នោះឡើយ។ 17ការទាំងអស់នេះ គ្រាន់តែជាស្រមោលនៃអ្វីៗដែលនឹងកើតមាននៅអនាគតកាលប៉ុណ្ណោះ រីឯអ្វីៗដែលពិតវិញ គឺអាល់ម៉ាហ្សៀស។ 18មិនត្រូវឲ្យនរណាម្នាក់មកបង្វែរបងប្អូនចេញពីរង្វាន់ដែលបងប្អូនត្រូវទទួល ដោយធ្វើឫកជាដាក់ខ្លួន ឬគោរពម៉ាឡាអ៊ីកាត់នោះឡើយ។ ជនបែបនេះតែងយកការនិមិត្ដឃើញរបស់ខ្លួនមកធ្វើជាទីសំអាង ហើយគេអួតបំប៉ោងឥតបានការតាមគំនិតលោកីយ៍។ 19គេមិននៅជាប់ជាមួយអាល់ម៉ាហ្សៀសជាក្បាលទេ គឺក្បាលនេះហើយ ដែលផ្គត់ផ្គង់ឲ្យរូបកាយទាំងមូលតភ្ជាប់គ្នាដោយសន្លាក់ឆ្អឹង និងសរសៃព្រមទាំងចំរើនឡើង តាមតែអុលឡោះប្រទានឲ្យ។
ស្លាប់ និងរស់រួមជាមួយអាល់ម៉ាហ្សៀស
20បងប្អូនបានស្លាប់រួមជាមួយអាល់ម៉ាហ្សៀស ហើយក៏រួចពីអ្វីៗជាអរូបដែលមានឥទ្ធិពលក្នុងលោកីយ៍ដែរ ចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងៗ ហាក់បីដូចជាបងប្អូននៅតែពឹងផ្អែកលើលោកីយ៍នេះទៀត? 21«កុំយក! កុំភ្លក់! កុំប៉ះពាល់!» 22បញ្ញត្ដិទាំងនេះសុទ្ធតែជាបទបញ្ជា និងសេចក្ដីប្រៀនប្រដៅរបស់មនុស្សលោក ជាប់ទាក់ទងនឹងអ្វីៗដែលត្រូវរលួយ ដោយការប្រើប្រាស់។ 23សេចក្ដីក្នុងបញ្ញត្ដិទាំងនេះ ទំនងដូចជាមានប្រាជ្ញា គឺឲ្យគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ដ ឲ្យដាក់ខ្លួន និងលត់ដំខ្លួនជាដើម តែតាមពិតគ្មានតម្លៃអ្វីសោះ ក្នុងការទប់ទល់នឹងនិស្ស័យលោកកិយ៍ឡើយ។
ទើបបានជ្រើសរើសហើយ៖
កូឡូស 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.