២ធីម៉ូថេ 3
3
ព្រឹត្ដិការណ៍នៅគ្រាចុងក្រោយ
1អ្នកត្រូវដឹងឲ្យច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក 2មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថអុលឡោះ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ 3គេជាមនុស្សអត់ចិត្ដ គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ដ ឃោរឃៅ ស្អប់អំពើល្អ 4ជាមនុស្សមានចិត្ដក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្ដសប្បាយជាជាងស្រឡាញ់អុលឡោះ។ 5គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍អុលឡោះ ប៉ុន្ដែ គេបដិសេធមិនទទួលស្គាល់អំណាច ដែលបានមកពីការគោរពប្រណិប័តន៍ទ្រង់នោះឡើយ។ ចូរចៀសចេញឲ្យឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។ 6ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ដ្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ដ្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។ 7អ្នកទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។ 8យ៉ាណែស និងយ៉ាមប្រេសបានប្រឆាំងនឹងណាពីម៉ូសាយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។ 9គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេ ដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និងយ៉ាមប្រេសដែរ។
ពាក្យរំលឹកដាស់តឿនផ្សេងៗ
10ចំពោះអ្នកវិញ អ្នកបានយកចិត្ដទុកដាក់ស្ដាប់ខ្ញុំនៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំឃើញគម្រោងការ ជំនឿ ការអត់ធ្មត់ ការស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ 11អ្នកបានឃើញគេបៀតបៀនខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្ដែ អ៊ីសាជាអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតទាំងអស់។ 12អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍អុលឡោះក្នុងអាល់ម៉ាហ្សៀសអ៊ីសា មុខជាត្រូវគេបៀតបៀនដូច្នេះឯង។ 13រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
14ចំពោះអ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និងយកធ្វើជាគោលជំនឿ ឲ្យខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។ 15អ្នកស្គាល់គីតាបតាំងតែពីនៅកុមារម៉្លេះ ហើយគីតាបអាចផ្ដល់ឲ្យអ្នកមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។ 16គ្រប់អត្ថបទគីតាប សុទ្ធតែអុលឡោះប្រទានរសអុលឡោះមកបំភ្លឺឲ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និងអប់រំឲ្យរស់តាមសេចក្ដីសុចរិត 17ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់អុលឡោះ មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។
ទើបបានជ្រើសរើសហើយ៖
២ធីម៉ូថេ 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.