២កូរិនថូស 6
6
1ដោយយើងធ្វើការរួមជាមួយអុលឡោះ យើងសូមទូន្មានបងប្អូនថា កុំទទួលសេចក្តីប្រណីសន្តោស របស់ទ្រង់ យកមកទុកចោលជាអសារឥតការឡើយ 2ដ្បិតអុលឡោះមានបន្ទូលថា:
«យើងបានឆ្លើយតបមកអ្នក
នៅគ្រាណាដែលយើងគាប់ចិត្ដ
យើងបានជួយអ្នកនៅថ្ងៃណាដែលយើង
សង្គ្រោះមនុស្សលោក»។
គ្រាដែលអុលឡោះគាប់ចិត្ត គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលអុលឡោះសង្គ្រោះមនុស្សលោក!
3យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ដ បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ 4ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបម្រើរបស់អុលឡោះ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ 5គេវាយដំយើង គេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។ 6យើងតាំងខ្លួនជាអ្នកបម្រើរបស់អុលឡោះ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់អុលឡោះ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយរសអុលឡោះដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត 7ដោយប្រកាសសេចក្ដីពិត ដោយអំណាចរបស់អុលឡោះ។ យើងយកសេចក្ដីសុចរិតធ្វើជាអាវុធវាយប្រយុទ្ធ និងការពារ 8ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬនិយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។ 9គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើង តែយើងគ្មានទោសដល់ស្លាប់ទេ។ 10គេធ្វើឲ្យយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើឲ្យមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះ តែយើងមានសព្វគ្រប់ទាំងអស់វិញ។
11បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ដ ឥតលាក់លៀមអ្វីឡើយ 12យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្ដចង្អៀតចង្អល់។ 13ខ្ញុំនិយាយមកបងប្អូន ដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្ដទូលាយជាមួយយើង ដូចជាយើងមានចិត្ដទូលាយចំពោះបងប្អូនដែរ។
ការញែកខ្លួនចេញពីអំពើអាក្រក់
14សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និងសេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និងភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ? 15តើអាល់ម៉ាហ្សៀស និងអ៊ីព្លេសហ្សៃតនចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និងអ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា? 16តើម៉ាស្ជិទរបស់អុលឡោះ និងព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាម៉ាស្ជិទរបស់អុលឡោះដ៏នៅអស់កល្បជានិច្ច ដូចទ្រង់មានបន្ទូលថាៈ
«យើងនឹងស្ថិតនៅជាមួយពួកគេ
ព្រមទាំងរស់នៅជាមួយពួកគេដែរ។
យើងនឹងធ្វើជាម្ចាស់របស់គេ
ហើយគេនឹងធ្វើជាប្រជារាស្ដ្រ
របស់យើង»។
17ហេតុនេះហើយបានជាអុលឡោះជាអម្ចាស់មានបន្ទូលថាៈ
«ចូរចេញពីចំណោមអ្នកទាំងនោះ
ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ
កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធឡើយ
នោះយើងនឹងទទួលអ្នករាល់គ្នា
18 យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា
ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី
របស់យើងដែរ»។
នេះជាបន្ទូលរបស់អុលឡោះជាអម្ចាស់
ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
ទើបបានជ្រើសរើសហើយ៖
២កូរិនថូស 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.