២កូរិនថូស 7
7
1បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
អំណរសប្បាយរបស់លោកប៉ូល
2សូមបងប្អូនយល់ចិត្ដយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើឲ្យនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ 3ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និងស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។ 4ខ្ញុំទុកចិត្ដលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្ដយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។ 5តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសម្រាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាង គឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ដ យើងចេះតែបារម្ភ។ 6ក៏ប៉ុន្ដែ អុលឡោះដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។ 7យើងធូរចិត្ដ មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសំរាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្ដចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែកព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើឲ្យខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។
8ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើឲ្យបងប្អូនព្រួយចិត្ដ ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំឲ្យបងប្អូនព្រួយចិត្ដមួយគ្រាមែន) 9ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះ ស្របតាមអុលឡោះ។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ 10តាមពិត ទុក្ខព្រួយស្របតាមអុលឡោះបែបនេះ តែងតែនាំឲ្យកែប្រែចិត្ដគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំឲ្យស្លាប់វិញ។ 11សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមអុលឡោះដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្ដខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្ដនឹងអំពើអាក្រក់ មានចិត្ដគោរពកោតខ្លាច មានចិត្ដប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្ដឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្ដអំពើអាក្រក់ដែរ។ ការទាំងនេះ បង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
12ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្ដអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមកដើម្បីឲ្យបងប្អូនមានឱកាសបង្ហាញទឹកចិត្ដខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខអុលឡោះ។ 13ការនេះហើយដែលបានសំរាលទុក្ខយើង។ ប៉ុន្ដែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់ឲ្យស្ងប់ចិត្ដ លែងព្រួយបារម្ភ។ 14ប្រសិនបើខ្ញុំបានខ្ពស់មុខបន្ដិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។ 15ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្ដទុកដាក់ស្ដាប់បង្គាប់ និងទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្ដស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។ 16ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្ដបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។
ទើបបានជ្រើសរើសហើយ៖
២កូរិនថូស 7: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.