១ថេស្សាឡូនិក 5
5
1ចំពោះពេលវេលា និងពេលកំណត់នោះ យើងមិនបាច់សរសេរមកប្រាប់បងប្អូនទេ 2ដ្បិតបងប្អូនផ្ទាល់ជ្រាបច្បាស់ហើយថា ថ្ងៃដែលអ៊ីសាជាអម្ចាស់មក ប្រៀបបីដូចជាចោរចូលលួចនៅពេលយប់។ 3ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។ 4រីឯបងប្អូនវិញ បងប្អូនអើយ បងប្អូនមិនមែនស្ថិតនៅក្នុងសេចក្ដីងងឹត បណ្ដោយឲ្យថ្ងៃនោះមកដល់ ដោយមិនដឹងខ្លួន ដូចជាពេលចោរចូលលួចនោះឡើយ។ 5បងប្អូនទាំងអស់គ្នាមានពន្លឺនៅក្នុងខ្លួន មានថ្ងៃនៅក្នុងខ្លួន យើងមិនមែនរស់នៅក្នុងយប់អន្ធការ និងក្នុងសេចក្ដីងងឹតទេ។ 6ហេតុនេះយើងមិនត្រូវដេកលក់ដូចអ្នកឯទៀតៗឡើយ ផ្ទុយទៅវិញ ត្រូវប្រុងស្មារតី ហើយភ្ញាក់ខ្លួនជានិច្ច។ 7អស់អ្នកដែលដេកលក់តែងដេកលក់នៅពេលយប់ ហើយអស់អ្នកស្រវឹងស្រាក៏តែងស្រវឹងនៅពេលយប់ដែរ។ 8រីឯយើងដែលមានថ្ងៃនៅក្នុងខ្លួនវិញ យើងត្រូវភ្ញាក់ខ្លួនដោយយកជំនឿ និងសេចក្ដីស្រឡាញ់មកពាក់ធ្វើជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមលើការសង្គ្រោះ មកពាក់ធ្វើជាមួកដែក 9ដ្បិតអុលឡោះមិនបានតំរូវឲ្យយើងទទួលទោសឡើយ គឺទ្រង់ឲ្យយើងទទួលការសង្គ្រោះ ដោយសារអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង 10បានស្លាប់សម្រាប់យើង ដើម្បីឲ្យយើងរស់រួមជាមួយគាត់ ទោះបីយើងនៅរស់ក្ដី ស្លាប់ក្ដី។ 11ដូច្នេះចូរលើកទឹកចិត្ដគ្នា និងអប់រំគ្នាទៅវិញទៅមក ដូចបងប្អូនកំពុងតែធ្វើនេះស្រាប់។
ពាក្យដាស់តឿនផ្សេងៗ និងពាក្យសួរសុខទុក្ខ
12បងប្អូនអើយ យើងសូមអង្វរបងប្អូនឲ្យចេះគោរពអស់អ្នកដែលធ្វើការនឿយហត់ ក្នុងចំណោមបងប្អូន ជាអ្នកនាំមុខបងប្អូនក្នុងមាគ៌ាអ៊ីសាជាអម្ចាស់ និងអប់រំបងប្អូន។ 13ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្ដស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
14បងប្អូនអើយ យើង សូមដាស់តឿនបងប្អូនថា ចូរព្រមានអស់អ្នកដែលរស់គ្មានសណ្ដាប់ធ្នាប់ ចូរសំរាលទុក្ខអស់អ្នកដែលបាក់ទឹកចិត្ដ ជួយទ្រទ្រង់អស់អ្នកទន់ខ្សោយ និងមានចិត្ដអត់ធ្មត់ ចំពោះមនុស្សទួទៅផង។
15ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
16ចូរមានអំណរសប្បាយជានិច្ច 17ចូរទូរអាឥតឈប់ឈរ 18ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។
19កុំរារាំងសកម្មភាពរបស់រសអុលឡោះឡើយ 20កុំមើលងាយការថ្លែងបន្ទូលរបស់អុលឡោះ 21ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ 22ត្រូវចៀសចេញឲ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។
23សូមអុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដប្រោសបងប្អូនឲ្យបានបរិសុទ្ធទាំងស្រុង។ សូមទ្រង់ថែរក្សាខ្លួនបងប្អូនទាំងមូល ទាំងវិញ្ញាណ ទាំងព្រលឹង ទាំងរូបកាយឲ្យបានស្អាតឥតសៅហ្មង នៅថ្ងៃអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងមក។ 24អុលឡោះដែលបានត្រាស់ហៅបងប្អូនមក ទ្រង់ស្មោះត្រង់ ទ្រង់នឹងសម្រេចការនេះជាពុំខាន។
25បងប្អូនអើយ សូមទូរអាឲ្យយើងផង។ 26សូមជម្រាបសួរពួកបងប្អូនទាំងអស់ ដោយស្និទ្ធស្នាល។
27ខ្ញុំសូមអង្វរបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមអានសំបុត្រនេះ ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។
28សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
ទើបបានជ្រើសរើសហើយ៖
១ថេស្សាឡូនិក 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.