២​ថេស្សា‌ឡូនិក 1

1
សេចក្ដី​ផ្ដើម
1យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​អុលឡោះ​ជា​បិតា​នៃ​យើង និង​រួម​ជា​មួយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស។ 2សូម​អុលឡោះ​ជា​បិតា និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។
ជីវិត និង​ជំនឿ​របស់​អូមាត់‌អ៊ីសា​នៅ​ក្រុង​ថេស្សា‌ឡូនិក
3បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​ស្ដី​អំពី​បង​ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។ 4ដូច្នេះ យើង​បាន​ខ្ពស់​មុខ នៅ​ចំពោះ​ក្រុម‌ជំអះ​នានា​របស់​អុលឡោះ ព្រោះ​តែ​បង​ប្អូន ដ្បិត​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។
5ហេតុ‌ការណ៍​នេះ ស​ឲ្យ​ឃើញ​ថា អុលឡោះ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង​ប្អូន ធ្វើ​ឲ្យ​បង​ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ​មែន ដ្បិត​បង​ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​នគរ​នេះ​ឯង។ 6អុលឡោះ​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ទ្រង់​នាំ​ទុក្ខ​វេទនា យក​មក​សង​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​វេទនា 7ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​លេច​ចេញ​ពី​សូរ៉កា​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​មាន​អំណាច។ 8គាត់​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​អុលឡោះ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ របស់​អ៊ីសា‌ជាអម្ចាស់​នៃ​យើង។ 9ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្ដរាយ​អស់‌កល្ប​ជា‌និច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​អ៊ីសា‌ជាអម្ចាស់ និង​ឆ្ងាយ​ពី​អំណាច​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់។ 10នៅ​ថ្ងៃ​នោះ ពេល​អ៊ីសា​មក ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​គាត់​ដែរ។ ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​បាន​ជឿ​សក្ខី‌ភាព​របស់​យើង។
11ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​ទូរអា​ឲ្យ​បង​ប្អូន​ជា‌និច្ច សូម​អុលឡោះ​ជា​ម្ចាស់នៃ​យើង ប្រទាន​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ របស់​ទ្រង់។ សូម​ទ្រង់​ប្រទាន​ឲ្យ​បង​ប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បង​ប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​អំណាច​របស់​ទ្រង់។ 12ដូច្នេះ នាម​របស់​អ៊ីសា‌ជាអម្ចាស់​នៃ​យើង មាន​សិរី‌រុង‌រឿង​នៅ​ក្នុង​បង​ប្អូន ហើយ​បង​ប្អូន​ក៏​មាន​សិរី‌រុង‌រឿង​ក្នុង​គាត់ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​ដែរ។

ទើបបានជ្រើសរើសហើយ៖

២​ថេស្សា‌ឡូនិក 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល