១​ថេស្សា‌ឡូនិក 4

4
របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ
1បង​ប្អូន​អើយ បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ ហើយ​បាន​ប្រព្រឹត្ដ​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត​យើង​សូម​អង្វរ និង​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​ឲ្យ​បង​ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!
2បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​យ៉ាង​ណា។ 3បំណង​របស់​អុលឡោះ គឺ​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ ឲ្យ​បង​ប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីល‌ធម៌។ 4ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយារបស់​ខ្លួន ដោយ​បរិសុទ្ធ និង​ថ្លៃ‌ថ្នូរ 5ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​អុលឡោះ​នោះ​ឡើយ។ 6មិន​ត្រូវ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ដ​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​អុលឡោះ‌ជាអម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។ 7អុលឡោះ​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​បាន​បរិសុទ្ធ​វិញ។ 8ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​អុលឡោះ ដែល​បាន​ប្រទាន​រស​ដ៏‌វិសុទ្ធ​របស់​ទ្រង់ មក​បង​ប្អូន​នោះ​តែ​ម្ដង។
9រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​វិញ យើង​មិន​ចាំ‌បាច់​សរសេរ​មក​ទូន្មាន​បង​ប្អូន​ទេ ដ្បិត​បង​ប្អូន​បាន​រៀន​ពី​អុលឡោះ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក 10ដូច​បង​ប្អូន​បាន​ស្រឡាញ់​បង​ប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេដូន​ទាំង​មូល​ស្រាប់​ហើយ។ ក៏​ប៉ុន្ដែ បង​ប្អូន​អើយ យើង​សូម​ដាស់‌តឿន​បង​ប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ 11ចូរ​យក​ចិត្ដ​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់​ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បង​ប្អូន​រួច​ស្រេច​ហើយ។ 12ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​អូមាត់‌អ៊ីសា​នឹង​គោរព​បង​ប្អូន ហើយ​បង​ប្អូន​ក៏​លែង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ទៀត​ផង។
អំពី​អ៊ីសា‌ជាអម្ចាស់​នឹង​មក
13បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។ 14ប្រសិន​បើ​យើង​ជឿ​ថា អ៊ីសា​ពិត​ជា​បាន​ស្លាប់ ហើយ​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា អុលឡោះ​នឹង​នាំ​បង​ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ទ្រង់​ដោយ‌សារ​អ៊ីសា​ដែរ។ 15យើង​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន តាម​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ 16ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មេ​ម៉ាឡា‌អ៊ីកាត់ និង​សំឡេង​ត្រែ​របស់​អុលឡោះ អ៊ីសា‌ជាអម្ចាស់​ផ្ទាល់​នឹង​ចុះ​ពី​សូរ៉កា​មក។ អស់​អ្នក​ជឿ​លើ​អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន 17បន្ទាប់​មក ទើប​អ៊ីសា‌ជាអម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក ជា​មួយ​បង​ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​អ៊ីសា​ក្នុង​អាកាស​វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​រហូត​ត​ទៅ។ 18ដូច្នេះ សូម​បង​ប្អូន​យក​ពាក្យ​ទាំង​នេះ​មក​សំរាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។

ទើបបានជ្រើសរើសហើយ៖

១​ថេស្សា‌ឡូនិក 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល