១​ថេស្សា‌ឡូនិក 3

3
1ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សម្រេច​ចិត្ដ​ស្នាក់​នៅ​ក្រុង​អាថែន តែ​គ្នា​យើង 2ហើយ​ចាត់​លោក​ធីម៉ូ‌ថេ​ជា​បង​ប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​អុលឡោះ ក្នុង​ការ​ប្រកាស​ដំណឹង‌ល្អ​របស់​អាល់‌ម៉ាហ្សៀស ឲ្យ​មក​ជួយ​ពង្រឹង និង​ដាស់‌តឿន​បង​ប្អូន​ឲ្យ​មាន​ជំនឿ​រឹង‌ប៉ឹង​ឡើង 3ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ដ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​តំរូវ​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។ 4កាល​យើង​នៅ​ជា​មួយ​បង​ប្អូន​នៅ​ឡើយ យើង​បាន​ជម្រាប​បង​ប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បង​ប្អូន​ជ្រាប​ស្រាប់។ 5ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូ‌ថេ​ឲ្យ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បង​ប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បង​ប្អូន​បាន បណ្ដាល​ឲ្យ​ការ​នឿយ‌ហត់​របស់​យើង បែរ​ទៅ​ជា​អសារ‌បង់​វិញ។
6ឥឡូវ​នេះ លោក​ធីម៉ូ‌ថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង​ប្អូន នៅ​នឹក​ចាំ​ពី​យើង​ជា‌និច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង​ប្អូន​ដែរ។ 7ហេតុ​នេះ បង​ប្អូន​អើយ ជំនឿ​របស់​បង​ប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ដ​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ដ​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី។ 8ដោយ​បង​ប្អូន​ស្ថិត​នៅ​ខ្ជាប់‌ខ្ជួន ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។ 9យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង​ប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​របស់​យើង។ 10ទាំង​យប់​ទាំង​ថ្ងៃ យើង​ទទូច​សូម​ទ្រង់​មេត្ដា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។
11សូម​អុលឡោះ​ផ្ទាល់​ជា​បិតា​របស់​យើង និង​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង​ប្អូន។ 12សូម​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក​ដូច​យើង​បាន​ស្រឡាញ់​បង​ប្អូន​ដែរ។ 13សូម​គាត់​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​អុលឡោះ ជា​បិតា​របស់​យើង ក្នុង​ពេល​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​មក ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់​របស់​គាត់!

ទើបបានជ្រើសរើសហើយ៖

១​ថេស្សា‌ឡូនិក 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល