១ពេត្រុស 5
5
ភារកិច្ចរបស់អ្នកទទួលខុសត្រូវក្រុមជំអះ
1ចំពោះអះលីជំអះដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាអះលីជំអះដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់អាល់ម៉ាហ្សៀស និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថាៈ 2សូមមើលថែរក្សាហ្វូងចៀមដែលអុលឡោះផ្ញើទុកនឹងបងប្អូន ដោយចិត្ដស្មោះស្ម័គ្រ ស្របតាមបំណងអុលឡោះ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកំរៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ដ។ 3កុំប្រើអំណាចជិះជាន់អស់អ្នកដែលអុលឡោះប្រទានមកឲ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើជាគំរូដល់ហ្វូងចៀមវិញ។ 4ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
ភារកិច្ចរបស់អ្នកជឿ
5រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងអះលីជំអះ។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«អុលឡោះប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។
6ដូច្នេះ ត្រូវដាក់ខ្លួននៅក្រោមដៃដ៏មានអំណាចរបស់អុលឡោះ ដើម្បីឲ្យទ្រង់លើកតម្កើងបងប្អូន នៅពេលដែលទ្រង់បានកំណត់ទុក។ 7ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅទ្រង់ទៅ ដ្បិតទ្រង់យកចិត្តទុកដាក់នឹងបងប្អូន។
8ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។ 9ចូរប្រឆាំងនឹងវា ហើយមានជំនឿមាំមួនឡើង ដោយដឹងថា បងប្អូនរួមជំនឿឯទៀតៗនៅក្នុងសកលលោកទាំងមូល ក៏ត្រូវរងទុក្ខលំបាកដូចបងប្អូនដែរ។
10បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ អុលឡោះប្រកបដោយសេចក្តីប្រណីសន្តោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយអាល់ម៉ាហ្សៀស ទ្រង់នឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។ 11សូមឲ្យទ្រង់បានប្រកបដោយអំណាច សូមលើកតម្កើងអំណាចរបស់ទ្រង់ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
អវសានកថា
12ខ្ញុំសរសេរលិខិតដ៏ខ្លីផ្ញើមកជូនបងប្អូននេះ ដោយមានលោកស៊ីលវ៉ាន។
13ក្រុមជំអះនៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។ 14ចូរជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាល។
សូមឲ្យបងប្អូនទាំងអស់ ដែលរួមរស់នឹងអាល់ម៉ាហ្សៀ បានប្រកបដោយសេចក្ដីសុខសាន្ដ។
ទើបបានជ្រើសរើសហើយ៖
១ពេត្រុស 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.