១កូរិនថូស 8
8
អំពីសាច់ដែលគេសែនហើយ
1ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ 2ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា អ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ 3ផ្ទុយទៅវិញ អ្នកណាស្រឡាញ់អុលឡោះ ទ្រង់ក៏ស្គាល់អ្នកនោះដែរ។ 4ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះក្រៅពីអុលឡោះគ្មានព្រះឯណាទៀតសោះឡើយ។ 5ទោះបីមានអ្វីៗ ដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែនដីក៏ដោយ (ដ្បិតគេជឿថា ព្រះក៏មានច្រើន ម្ចាស់ក៏មានច្រើន) 6ក៏យើងជឿថា មានអុលឡោះតែមួយប៉ុណ្ណោះ។ អុលឡោះជាបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ទ្រង់។ យើងជឿទៀតថា មានអម្ចាស់តែមួយប៉ុណ្ណោះគឺអ៊ីសាអាល់ម៉ាហ្សៀស។ អ្វីៗសព្វសារពើកើតមកដោយសារគាត់ ហើយយើងមានជីវិតរស់ក៏ដោយសារគាត់ដែរ។
7ប៉ុន្ដែ មិនមែនគ្រប់គ្នាទេ ដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្ដនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។ 8តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើឲ្យយើងបានខិតចូលជិតអុលឡោះ។ បើយើងមិនបានបរិភោគយើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ 9ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។ 10បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ 11អាល់ម៉ាហ្សៀសបានស្លាប់ ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្ដែ ការចេះដឹងរបស់បងប្អូន បែរជានាំគេឲ្យវិនាសអន្ដរាយទៅវិញ! 12ដោយបងប្អូនប្រព្រឹត្ដអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះបងប្អូនក៏ដូចជាបានប្រព្រឹត្ដអំពើបាបចំពោះអាល់ម៉ាហ្សៀសផ្ទាល់ដែរ។ 13ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើឲ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាតដើម្បីកុំឲ្យបងប្អូនខ្ញុំរវាតចិត្ដបាត់ជំនឿ។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 8: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.