១​កូរិន‌ថូស 9

9
សិទ្ធិ​របស់​សាវ័ក
1តើ​ខ្ញុំ​គ្មាន​សេរី‌ភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ទេ​ឬ? តើ​បង​ប្អូន​មិន​មែន​ជា​ស្នា​ដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​អ៊ីសា‌ជាអម្ចាស់​ទេ​ឬ? 2ទោះ​បី​មាន​អ្នក​ខ្លះ​មិន​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ក៏​ដោយ ក៏​បង​ប្អូន​ត្រូវ​តែ​រាប់​ខ្ញុំ​ថា​ជា​សាវ័ក​ដែរ។ ដោយ​បង​ប្អូន​មាន​ជីវិត​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ បង​ប្អូន​ជា​ភស្ដុតាង​បញ្ជាក់​ថា ខ្ញុំ​ពិត​ជា​មាន​មុខ‌ងារ​ជា​សាវ័ក​មែន។ 3ខ្ញុំ​សូម​ឆ្លើយ​ចំពោះ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ​ដូច​ត​ទៅ​នេះ: 4តើ​យើង​គ្មាន​សិទ្ធិ​នឹង​ទទួល​ទាន​បាយ​ទឹក​ទេ​ឬ? 5តើ​យើង​គ្មាន​សិទ្ធិ​នឹង​នាំ​ប្រពន្ធ​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​ជា​មួយ ដូច​សាវ័ក​ឯ​ទៀតៗ ដូច​បង​ប្អូន​របស់​អ៊ីសា‌ជាអម្ចាស់ និង​ដូច​លោក​កេផាស​ទេ​ឬ? 6ឬ​មួយ​មាន​តែ​ខ្ញុំ និង​លោក​បារណា‌បាស​ប៉ុណ្ណោះ​ទេ ដែល​ត្រូវ​តែ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត? 7មិន​ដែល​មាន​នរណា​បម្រើ​កង‌ទ័ព ហើយ​ចេញ​សោហ៊ុយ​ខ្លួន​ឯង​ឡើយ មិន​ដែល​មាន​នរណា​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​មិន​បរិភោគ​ផ្លែ​នោះ​ទេ ក៏​មិន​ដែល​មាន​នរណា​ចិញ្ចឹម​ហ្វូង​សត្វ ហើយ​មិន​ពិសា​ទឹក​ដោះ​របស់​សត្វ​ក្នុង​ហ្វូង​នោះ​ដែរ។ 8ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​ហ៊ូកុំ​ក៏​មាន​ចែង​ដូច​គ្នា​ដែរ 9គឺ​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​មាន​ចែង​ទុក​ថាៈ «កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។ តាម​ពិត អុលឡោះ​មិន​ខ្វល់​ខ្វាយ​នឹង​គោ​ទេ 10ទ្រង់​មាន​បន្ទូល​ដូច្នេះ មក​ពី​ទ្រង់​គិត​ដល់​យើង។ ពិត​មែន​ហើយ ក្នុង​គីតាប​មាន​ចែង​ទុក​ដូច្នេះ​សម្រាប់​យើង។ អ្នក​ដែល​ភ្ជួរ​រាស់ ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល ហើយ​អ្នក​បោក​បែន ក៏​ត្រូវ​សង្ឃឹម​ថា​នឹង​បាន​ផល​ដែរ។ 11យើង​បាន​សាប​ព្រោះ​បន្ទូល​នៃ​អុលឡោះ​ដែល​ជា​ពូជ​ខាង​វិញ្ញាណ​នៅ​ក្នុង​បង​ប្អូន ហើយ​យើង​ច្រូត​យក​ផល ជា​សម្បត្តិ​លោកីយ៍​ពី​បង​ប្អូន តើ​មាន​អ្វី​គួរ​ឲ្យ​អស្ចារ្យ! 12ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្ដែ​យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស។ 13បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​បំពេញ​មុខ‌ងារ​ក្នុង​ម៉ាស្ជិទ​តែងតែ​ទទួល​ចំណី​អាហារ​ពី​ម៉ាស្ជិទ ហើយ​អស់​អ្នក​ធ្វើ​គូរបាន​នៅ​លើ​អាសន ក៏​ទទួល​សាច់​ពី​អាសនៈ​ដែរ។ 14រីឯ​អ៊ីសា‌ជាអម្ចាស់​វិញ គាត់​បាន​បង្គាប់​មក​ថា អស់​អ្នក​ដែល​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ត្រូវ​តែ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​ដំណឹង‌ល្អ​នោះ។
15ចំពោះ​ខ្ញុំ ខ្ញុំ​ពុំ​ដែល​ប្រើ​សិទ្ធិ​ទាំង​នេះ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​សរសេរ​ដូច្នេះ ក៏​ពុំ​មែន​ចង់​ទាម​ទារ​យក​សិទ្ធិ​នោះ​មក​ប្រើ​ដែរ សូវ​ស្លាប់​ល្អ​ជាង! គ្មាន​នរណា​អាច​ដក​យក​កិត្ដិយស​នេះ ចេញ​ពី​ខ្ញុំ​បាន​ឡើយ។ 16ខ្ញុំ​មិន​ត្រូវ​អួត​ថា​ការ​ផ្សាយ​ដំណឹង‌ល្អ​ជា​កិត្ដិយស​របស់​ខ្ញុំ​នោះ​ទេ ព្រោះ​ជា​ភារកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​មិន​បាន។ ប្រសិន​បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង‌ល្អ​ទេ សូម​ឲ្យ​ខ្ញុំ​វេទនា​ទៅ​ចុះ!។ 17ប្រសិន​បើ​ខ្ញុំ​ស្ម័គ្រ​ចិត្ដ​ផ្សាយ​ដំណឹង‌ល្អ​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​រង្វាន់។ ផ្ទុយ​ទៅ​វិញ​បើ​កិច្ចការ​នេះ​ជា​ភារកិច្ច​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​បំពេញ​តាម​តែ​ទ្រង់​ផ្ទុក​ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ។ 18ដូច្នេះ តើ​ខ្ញុំ​នឹង​បាន​ទទួល​រង្វាន់​ឯ​ណា! រង្វាន់​របស់​ខ្ញុំ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង‌ល្អ ដោយ​ឥត​គិត​ថ្លៃ ឥត​ប្រើ​សិទ្ធិ​ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ​ឡើយ។ 19ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរី‌ភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ដ​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស។ 20កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ហ៊ូកុំក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ដែរ។ 21កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ហ៊ូកុំ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ហ៊ូកុំ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ហ៊ូកុំ​របស់​អុលឡោះ​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ហ៊ូកុំ​របស់​អាល់ម៉ា‌ហ្សៀស)។ 22កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​ឲ្យ​មាន​ជំនឿ​លើ​អាល់ម៉ា‌ហ្សៀស។ ខ្ញុំ​ធ្វើ​ឲ្យ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ 23ព្រោះ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ដ​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។
24បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​រត់​ប្រណាំង​នៅ​កីឡា​ដ្ឋាន គេ​រត់​ទាំង​អស់​គ្នា ប៉ុន្ដែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួល​រង្វាន់។ សូម​បង​ប្អូន​រត់​តាម​របៀប​នោះ​ដែរ​ទៅ ដើម្បី​ឲ្យ​បាន​ទទួល​រង្វាន់។ 25អ្នក​ប្រកួត​កីឡា​ទាំង​អស់​តែងតែ​លត់​ដំ​ខ្លួន ដោយ​ធ្វើ​តាម​ក្បួន​តំរា​គ្រប់​យ៉ាង ដើម្បី​ឲ្យ​បាន​ទទួល​ភួង​ជ័យ ដែល​នឹង​រលាយ​សាប​សូន្យ​ទៅ។ រីឯ​យើង​វិញ​យើង​នឹង​ទទួល​ភួង​ជ័យ ដែល​មិន​ចេះ​រលាយ​សាប​សូន្យ​ឡើយ។ 26ហេតុ​នេះ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​មិន​រត់​ដូច​ជា​មិន​ស្គាល់​ទី​ដៅ​នោះ​ទេ ខ្ញុំ​ក៏​មិន​ប្រដាល់​ខ្យល់​ដែរ។ 27ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់​ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹង‌តែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

ទើបបានជ្រើសរើសហើយ៖

១​កូរិន‌ថូស 9: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល