ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្ដី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរ នៅគ្រប់វេលាដែលខ្ញុំអធិស្ឋានជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង ដរាបដល់ឥឡូវនេះ ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្ដីប្រកប ក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំក៏អធិស្ឋានសូមសេចក្ដីនេះ គឺឲ្យសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្ដីចេះដឹង នឹងយោបល់គ្រប់ជំពូក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ ព្រមទាំងមានពេញជាផលនៃសេចក្ដីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្ដីសរសើរដល់ព្រះផង។ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ ឯពួកមួយ គេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹង មិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងខ្ញុំទៀត ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថា ខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្ដីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្ដីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្ដីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង តាមសេចក្ដីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ ប៉ុន្តែ បើរស់ខាងឯសាច់ឈាម នឹងនាំឲ្យការខ្ញុំកើតផល នោះខ្ញុំមិនដឹងរើសយកខាងណាទេ ខ្ញុំមានសេចក្ដីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង ហើយដោយហេតុដែលខ្ញុំជឿសេចក្ដីនោះយ៉ាងពិតប្រាកដ បានជាខ្ញុំដឹងថា ខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀត ប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿនជឿនឡើង ហើយឲ្យមានសេចក្ដីអំណរ ដោយសារសេចក្ដីជំនឿផង ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ កាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត
អាន ភីលីព 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលីព 1:3-26
18 ថ្ងៃ។
នេះ កំណត់សម្គាល់ “អរគុណ” ដល់ប្រជាជនហ្វីលីពីនផ្តល់ឱ្យពួកគេនូវទស្សនវិស័យដ៏រីករាយនៃពេលវេលាដ៏លំបាកដែលពួកគេមាន ហើយលើកទឹកចិត្តពួកគេឱ្យឆ្លងកាត់ពួកគេជាមួយគ្នាដោយបន្ទាបខ្លួន។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈជនជាតិភីលីព ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
21 Days
Learn how best to pray, both from the prayers of the faithful and from the words of Jesus Himself. Find encouragement to keep taking your requests to God every day, with persistence and patience. Explore examples of empty, self righteous prayers, balanced against the pure prayers of those with clean hearts. Pray constantly.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ