យ៉ូស្វេ 4:1-7
យ៉ូស្វេ 4:1-7 ពគប
កាលសាសន៍អ៊ីស្រាអែលទាំងអស់គ្នាបានឆ្លងទន្លេយ័រដាន់ផុតហើយ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយ៉ូស្វេថា ចូររើសយកមនុស្ស១២នាក់ពីពួកបណ្តាជន គឺម្នាក់ពីពូជអំបូរមួយៗ ហើយបង្គាប់គេថា ចូរឯងរាល់គ្នាយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះ ទៅជាមួយនឹងឯង ហើយដាក់នៅត្រង់កន្លែងដែលឯងនឹងស្នាក់នៅយប់នេះ នោះយ៉ូស្វេក៏ហៅមនុស្ស១២នាក់ មកពីពួកកូនចៅអ៊ីស្រាអែលដែលគាត់បានដំរូវជាមុន គឺម្នាក់ពីពូជអំបូរមួយៗ ប្រាប់គេថា ចូរដើរទៅខាងមុខហឹបផងព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដល់កណ្តាលទន្លេយ័រដាន់ ហើយយកថ្ម១ដុំម្នាក់គ្រប់គ្នាលីទៅ តាមចំនួនពូជអំបូរពួកកូនចៅអ៊ីស្រាអែល ដើម្បីឲ្យបានទុកជាទីសំគាល់ នៅក្នុងពួកឯងរាល់គ្នា ប្រយោជន៍ដល់ថ្ងៃក្រោយ កាលណាកូនចៅឯងសួរថា ថ្មទាំងនេះមានន័យដូចម្តេច នោះឯងរាល់គ្នានឹងប្រាប់ថា នេះដោយព្រោះទឹកទន្លេយ័រដាន់បានត្រូវកាត់ផ្តាច់ នៅខាងមុខហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា គឺកាលហឹបនោះបានឆ្លងទន្លេយ័រដាន់ នោះទឹកទន្លេបានត្រូវកាត់ផ្តាច់ចេញ ដូច្នេះថ្មទាំងនេះនឹងបានសំរាប់ជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែលតរៀងទៅ។


