យ៉ូស្វេ 4:1-7

យ៉ូស្វេ 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់​ពីចំណោម​ប្រជា‌ជន គឺ​កុល‌សម្ព័ន្ធ​មួយៗ​រើស​យក​ម្នាក់ ហើយ​បង្គាប់​ពួក​គេ​ថា "ចូរ​អ្នក​រាល់​គ្នា​យក​ថ្ម​ដប់ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះទៅ​ជាមួយ ទៅ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នានឹង​ស្នាក់​នៅ​យប់​នេះ"»។ ពេលនោះ លោក​យ៉ូស្វេ​ក៏​ហៅ​បុរស​ដប់ពីរ​នាក់ ពី​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល ដែល​លោក​បាន​តម្រូវ គឺ​កុល‌សម្ព័ន្ធ​មួយៗ​យក​ម្នាក់។ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ដើរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​ម្នាក់​មួយ​ដុំ​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​បាន​ជា​ទី​សម្គាល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា "តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?" អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា។ ពេល​ហិប​នៃ​សេចក្ដី​សញ្ញា​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទឹក​ទន្លេ​យ័រ​ដាន់​ត្រូវ​បាន​កាត់​ផ្តាច់។ ដូច្នេះ ថ្ម​ទាំង​នេះ​នឹង​បាន​ជាទី​រំឭក​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល​រហូត​ត​ទៅ»។

ចែក​រំលែក
អាន យ៉ូស្វេ 4

យ៉ូស្វេ 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ពី​ចំណោម​ប្រជា‌ជន គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ហើយ​ត្រូវ​បង្គាប់​ពួក​គេ​ថា “ចូរ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។ លោក​យ៉ូស្វេ​ហៅ​បុរស​ដប់‌ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​ឲ្យ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​សញ្ញា​សម្គាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច?” អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ គឺ​នៅ​ពេល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះអង្គ​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំឭក​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ”»។

ចែក​រំលែក
អាន យ៉ូស្វេ 4

យ៉ូស្វេ 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ផុត​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​យ៉ូស្វេ​ថា ចូរ​រើស​យក​មនុស្ស​១២​នាក់​ពី​ពួក​បណ្តាជន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ ហើយ​បង្គាប់​គេ​ថា ចូរ​ឯង​រាល់​គ្នា​យក​ថ្ម​១២​ដុំ ពី​កណ្តាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ជើង​ពួក​សង្ឃ​បាន​ឈរ​នោះ ទៅ​ជា​មួយ​នឹង​ឯង ហើយ​ដាក់​នៅ​ត្រង់​កន្លែង​ដែល​ឯង​នឹង​ស្នាក់​នៅ​យប់​នេះ នោះ​យ៉ូស្វេ​ក៏​ហៅ​មនុស្ស​១២​នាក់ មក​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​គាត់​បាន​ដំរូវ​ជា​មុន គឺ​ម្នាក់​ពី​ពូជ​អំបូរ​មួយៗ ប្រាប់​គេ​ថា ចូរ​ដើរ​ទៅ​ខាង​មុខ​ហឹប​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដល់​កណ្តាល​ទន្លេ​យ័រដាន់ ហើយ​យក​ថ្ម​១​ដុំ​ម្នាក់​គ្រប់​គ្នា​លី​ទៅ តាម​ចំនួន​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​ឲ្យ​បាន​ទុក​ជា​ទី​សំគាល់ នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា ប្រយោជន៍​ដល់​ថ្ងៃ​ក្រោយ កាល​ណា​កូន​ចៅ​ឯង​សួរ​ថា ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច នោះ​ឯង​រាល់​គ្នា​នឹង​ប្រាប់​ថា នេះ​ដោយ​ព្រោះ​ទឹក​ទន្លេ​យ័រដាន់​បាន​ត្រូវ​កាត់​ផ្តាច់ នៅ​ខាង​មុខ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា គឺ​កាល​ហឹប​នោះ​បាន​ឆ្លង​ទន្លេ​យ័រដាន់ នោះ​ទឹក​ទន្លេ​បាន​ត្រូវ​កាត់​ផ្តាច់​ចេញ ដូច្នេះ​ថ្ម​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​សេចក្ដី​រំឭក​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ត​រៀង​ទៅ។

ចែក​រំលែក
អាន យ៉ូស្វេ 4