ម៉ាថាយ 19
19
សំណួរអំពីការលែងលះ
1នៅពេលព្រះយេស៊ូវបានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ ព្រះអង្គក៏យាងចាកចេញពីកាលីឡេ ហើយយាងទៅស្រុកយូឌា នៅត្រើយម្ខាងទន្លេយ័រដាន់។ 2មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជានៅទីនោះ។ 3មានពួកផារិស៊ីចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលថា៖ “តើការដែលបុរសលែងប្រពន្ធរបស់ខ្លួនដោយហេតុផលណាក៏ដោយ ត្រូវច្បាប់ឬទេ?”។
4ព្រះយេស៊ូវមានបន្ទូលតបថា៖“តើអ្នករាល់គ្នាមិនដែលអានទេឬថា ព្រះអង្គដែលនិម្មិតបង្កើតមនុស្សតាំងពីដើមដំបូងបានបង្កើតពួកគេជាប្រុស ជាស្រី#19:4 《លោកុប្បត្តិ》 1:27; 5:2។ 5រួចមានបន្ទូលថា:
‘ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយ
ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន
រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ’ # 19:5 《លោកុប្បត្តិ》 2:24។ ?
6 ហេតុនេះ ពួកគេលែងជាពីរនាក់ទៀតហើយ គឺជារូបកាយមួយវិញ។ ដូច្នេះ កុំឲ្យមនុស្សបំបែកអ្វីដែលព្រះបានផ្សំផ្គុំឡើយ”។
7ពួកគេទូលសួរព្រះអង្គថា៖ “ចុះហេតុអ្វីបានជាម៉ូសេបង្គាប់ឲ្យប្រគល់លិខិតលែងលះ ហើយលែងប្រពន្ធបាន?”។
8ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា ប៉ុន្តែតាំងពីដើមដំបូងមក មិនមែនដូច្នោះទេ។ 9ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។#19:9 ឯកសារបុរាណខ្លះបន្ថែម “អ្នកណាដែលរៀបការជាមួយស្ត្រីប្ដីលែង អ្នកនោះក៏កំពុងផិតក្បត់ដែរ”។
10ពួកសិស្សរបស់ព្រះអង្គទូលថា៖ “បើសិនល័ក្ខខ័ណ្ឌរវាងប្ដី និងប្រពន្ធគឺដូច្នេះមែន នោះមិនរៀបការប្រសើរជាង”។
11ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។ 12ពោលគឺ មានមនុស្សលីវ#19:12 មនុស្សលីវ―ន័យត្រង់គឺ “មហាតលិក”។ខ្លះដែលកើតមកដូច្នេះពីផ្ទៃម្ដាយ; មានមនុស្សលីវខ្លះដែលត្រូវបានធ្វើឲ្យទៅជាមនុស្សលីវ#19:12 ធ្វើឲ្យទៅជាមនុស្សលីវ―ន័យត្រង់គឺ “ក្រៀវ”។ដោយអ្នកផ្សេង; ហើយក៏មានមនុស្សលីវខ្លះដែលធ្វើជាមនុស្សលីវដោយខ្លួនឯង ដើម្បីអាណាចក្រស្ថានសួគ៌។ អ្នកដែលអាចទទួលយកបាន ក៏ទទួលយកចុះ”។
ប្រទានពរក្មេងៗ
13ពេលនោះ មានគេនាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកវា និងអធិស្ឋានឲ្យ។ ប៉ុន្តែពួកសិស្សស្ដីឲ្យអ្នកទាំងនោះ។ 14ព្រះយេស៊ូវក៏មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់មនុស្សបែបនេះ”។ 15បន្ទាប់មក ព្រះអង្គក៏ដាក់ព្រះហស្តលើពួកវា រួចយាងចាកចេញពីទីនោះទៅ។
បុរសវ័យក្មេងម្នាក់ដែលជាអ្នកមាន
16ពេលនោះ មើល៍! មានបុរសម្នាក់ចូលមកជិតព្រះយេស៊ូវ ទូលថា៖ “លោកគ្រូ#19:16 លោកគ្រូ―ឯកសារបុរាណខ្លះថា “លោកគ្រូដ៏ល្អ”។អើយ តើខ្ញុំត្រូវធ្វើការល្អអ្វី ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច?”។
17ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អ? មានតែម្នាក់ទេដែលល្អ#19:17 ហេតុអ្វីបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អ? មានតែម្នាក់ទេដែលល្អ―ឯកសារបុរាណខ្លះថា “ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អ? ក្រៅពីព្រះមួយអង្គ គ្មានអ្នកណាល្អឡើយ”។។ ប៉ុន្តែប្រសិនបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបទបញ្ជាចុះ”។ 18គាត់ទូលសួរព្រះអង្គថា៖ “តើបទបញ្ជាណាខ្លះ?”។
ព្រះយេស៊ូវទ្រង់ឆ្លើយថា៖
“កុំសម្លាប់មនុស្ស
កុំផិតក្បត់
កុំលួច
កុំធ្វើបន្ទាល់ភូតភរ
19 ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក
ហើយត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង” # 19:18-19 《និក្ខមនំ》 20:12-16; 《លេវីវិន័យ》 19:18; 《ទុតិយកថា》 5:16-20។ ។
20បុរសវ័យក្មេងនោះទូលព្រះអង្គថា៖ “ខ្ញុំបានកាន់តាមសេចក្ដីទាំងអស់នេះហើយ#19:20 ខ្ញុំបានកាន់តាមសេចក្ដីទាំងអស់នេះហើយ―ឯកសារបុរាណខ្លះថា “ខ្ញុំបានកាន់តាមសេចក្ដីទាំងអស់នេះតាំងពីក្មេងមកម្ល៉េះ”។ តើខ្ញុំនៅតែខ្វះអ្វីទៀត?”។
21ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
22ប៉ុន្តែបុរសវ័យក្មេងនោះបានឮព្រះបន្ទូលនេះហើយ ក៏ចាកចេញទៅទាំងពិបាកចិត្ត ពីព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន។
ទ្រព្យសម្បត្តិ និងស្ថានសួគ៌
23ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកមាននឹងពិបាកចូលទៅក្នុងអាណាចក្រស្ថានសួគ៌។ 24ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមគូទម្ជុល ងាយជាងអ្នកមានចូលទៅក្នុងអាណាចក្ររបស់ព្រះ!”។
25ពួកសិស្សបានឮ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងនិយាយថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។
26ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“សម្រាប់មនុស្សការនេះធ្វើមិនកើតទេ ប៉ុន្តែសម្រាប់ព្រះ ធ្វើកើតទាំងអស់”។
27ពេលនោះ ពេត្រុសទូលព្រះអង្គថា៖ “មើល៍! យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ មកតាមលោកហើយ! តើនឹងទៅជាយ៉ាងណាសម្រាប់យើងខ្ញុំ?”។
28ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។ 29អស់អ្នកដែលលះបង់ផ្ទះសម្បែង ឬបងប្អូនប្រុស ឬបងប្អូនស្រី ឬឪពុក ឬម្ដាយ#19:29 ឯកសារបុរាណខ្លះបន្ថែម “ឬប្រពន្ធ”។ឬកូន ឬស្រែចម្ការ ដោយសារតែនាមរបស់ខ្ញុំ អ្នកនោះនឹងទទួលបានមួយជាមួយរយ ព្រមទាំងទទួលជីវិតអស់កល្បជានិច្ចជាមរតកផង។ 30យ៉ាងណាមិញ មនុស្សមុនគេជាច្រើននឹងត្រឡប់ជាក្រោយគេ រីឯមនុស្សក្រោយគេនឹងត្រឡប់ជាមុនគេវិញ៕
Currently Selected:
ម៉ាថាយ 19: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative