YouVersion Logo
Search Icon

ម៉ាថាយ 20

20
ពាក្យឧបមាអំពីកម្មករចម្ការទំពាំងបាយជូរ
1 “អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចេញទៅ​តាំងពី​ព្រលឹម ដើម្បី​ជួល​កម្មករ​សម្រាប់​ចម្ការទំពាំងបាយជូរ​របស់​លោក​។ 2ក្រោយពី​បាន​ព្រមព្រៀង​ជាមួយ​ពួក​កម្មករ​ក្នុង​មួយ​ថ្ងៃ​មួយ​ឌេណារី#20:2 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ហើយ លោក​ក៏​ចាត់​ពួកគេ​ឲ្យទៅ​ចម្ការទំពាំងបាយជូរ​របស់​លោក​។ 3ប្រមាណជា​ម៉ោងប្រាំបួនព្រឹក#20:3 ម៉ោង​ប្រាំបួន​ព្រឹក―ន័យត្រង់គឺ “ម៉ោងទីបី”។លោក​ចេញទៅ​ឃើញ​អ្នកផ្សេងទៀត​ឈរ​នៅតាម​ផ្សារ​ទាំង​គ្មានការងារធ្វើ 4ក៏​និយាយ​នឹង​អ្នកទាំងនោះ​ថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្វីក៏ដោយដែល​សមរម្យ ដល់​ពួកអ្នក’ 5ពួកគេ​ក៏​ចេញទៅ​។ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់#20:5 ម៉ោង​ដប់​ពីរ​ថ្ងៃត្រង់―ន័យត្រង់គឺ “ម៉ោងទីប្រាំមួយ”។និង​ម៉ោងបីរសៀល#20:5 ម៉ោង​បី​រសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។លោក​ក៏​ចេញទៅ​ម្ដងទៀត ហើយ​ធ្វើ​ដូចគ្នា​។ 6លុះ​ប្រមាណជា​ម៉ោងប្រាំល្ងាច#20:6 ម៉ោងប្រាំ​ល្ងាច―ន័យត្រង់គឺ “ម៉ោងទីដប់មួយ”។លោក​ចេញទៅ​ឃើញ​អ្នកខ្លះទៀត​កំពុង​ឈរ ក៏​សួរ​ពួកគេ​ថា​: ‘ហេតុអ្វីបានជា​ពួកអ្នក​ឈរ​នៅ​ទីនេះ​ពេញមួយថ្ងៃ​ទាំង​គ្មានការងារធ្វើ​ដូច្នេះ​?’។
7 “ពួកគេ​ឆ្លើយថា​: ‘ពីព្រោះ​គ្មានអ្នកណា​ជួល​ពួកខ្ញុំ’។
“លោក​ក៏​និយាយថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ # 20:7 ឯកសារបុរាណខ្លះបន្ថែម “ហើយ​ពួកអ្នក​នឹង​ទទួល​អ្វី​ក៏ដោយ​ដែល​សមរម្យ”។ ’។ 8លុះដល់​ពេលល្ងាច ម្ចាស់​ចម្ការទំពាំងបាយជូរ​និយាយ​នឹង​មេការ​ថា​: ‘ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់ឈ្នួល​ឲ្យ​ពួកគេ ចាប់ផ្ដើម​ពី​អ្នក​ដែល​មក​ក្រោយគេ រហូតដល់​អ្នក​ដែល​មក​មុនគេ’។
9 “នៅពេល​ពួក​អ្នក​ដែល​ត្រូវបានជួល​ប្រហែល​ពី​ម៉ោងប្រាំល្ងាច​នោះ​មក​ដល់ ពួកគេ​ម្នាក់ៗ​ទទួលបាន​មួយ​ឌេណារី​។ 10ពេល​ពួក​អ្នក​ដែល​ត្រូវបានជួល#20:9,10 ត្រូវបានជួល―ជាពាក្យជំនួយ។មុនគេ​មក​ដល់ ពួកគេ​ក៏​គិត​ថា​នឹង​ទទួលបាន​ច្រើនជាង ប៉ុន្តែ​ពួកគេ​ម្នាក់ៗ​ក៏​ទទួលបាន​មួយ​ឌេណារី​ដូចគ្នាដែរ​។ 11នៅពេល​ទទួល​ប្រាក់​ហើយ ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ម្ចាស់​ចម្ការ 12ថា​: ‘អ្នកទាំងនេះ​ដែល​មក​ក្រោយគេ​បាន​ធ្វើការ​តែមួយ​ម៉ោង ប៉ុន្តែ​លោក​ចាត់ទុក​ពួកគេ​ស្មើ​នឹង​ពួកយើង​ដែល​ទ្រាំ​នឹង​បន្ទុក​ពេញ​មួយ​ថ្ងៃ និង​កម្ដៅថ្ងៃ​ផង​!’។
13 “រីឯ​ម្ចាស់ចម្ការ​តប​នឹង​ម្នាក់​ក្នុង​ពួកគេ​ថា​: ‘សម្លាញ់​អើយ ខ្ញុំ​មិន​បាន​ឆបោក​អ្នក​ទេ​។ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ក្នុងតម្លៃ​មួយ​ឌេណារី​ទេ​ឬ​? 14ចូរ​យក​ប្រាក់​ឈ្នួល​របស់អ្នក ហើយ​ទៅ​ចុះ​! ខ្ញុំ​ចង់​ឲ្យ​ដល់​អ្នក​ក្រោយគេ​នេះ បាន​ស្មើ​នឹង​អ្នក​ដែរ។ 15តើ​គ្មានច្បាប់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយនឹង​របស់ខ្ញុំ​ទេ​ឬ​? ឬមួយក៏​អ្នក​ច្រណែន#20:15 ឬ​មួយក៏​អ្នកច្រណែន​―ន័យត្រង់គឺ “ឬ​មួយក៏​ភ្នែករបស់អ្នកអាក្រក់”។ដោយសារ​ខ្ញុំ​មានចិត្តល្អ​?’។
16 “ដូច្នេះ មនុស្ស​ក្រោយគេ​នឹង​ត្រឡប់ជា​មុនគេ រីឯ​មនុស្ស​មុនគេ​នឹង​ត្រឡប់ជា​ក្រោយគេ​វិញ # 20:16 ឯកសារបុរាណខ្លះបន្ថែម “ជាការពិត មនុស្ស​ដែល​ត្រូវ​បានអញ្ជើញមានច្រើន ប៉ុន្តែ​មនុស្សដែល​ត្រូវ​បានជ្រើសរើសមានតិចទេ”។ ”។
ប្រាប់ជាមុនជាលើកទីបីអំពីការសុគត
17នៅពេល​កំពុង​យាង​ឡើងទៅ​យេរូសាឡិម ព្រះយេស៊ូវ​ទ្រង់​នាំ​សិស្ស​ទាំង​ដប់ពីរ​នាក់​មក​ដោយឡែក ហើយ​មានបន្ទូល​នឹង​ពួកគេ​នៅតាមផ្លូវ​ថា​៖ 18“មើល៍! យើង​កំពុង​ឡើងទៅ​យេរូសាឡិម ហើយ​កូនមនុស្ស​នឹង​ត្រូវគេ​ប្រគល់​ទៅ​ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​។ ពួកគេ​នឹង​កាត់ទោសប្រហារ​ជី​វិត​លោក 19ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។
ការរងទុក្ខ និងការបម្រើ
20ពេលនោះ ម្ដាយ​របស់​កូន​សេបេដេ​នាំ​កូនប្រុស​ទាំងពីរ​នាក់​របស់​គាត់​ចូលមកជិត​ព្រះយេស៊ូវ​។ គាត់​ថ្វាយបង្គំ ហើយ​ទូល​សុំ​ការមួយ​ពី​ព្រះអង្គ​។ 21ព្រះអង្គ​ទ្រង់​សួរ​គាត់​ថា​៖“តើ​អ្នក​ចង់បាន​អ្វី​?”។
គាត់​ទូលថា​៖ “សូម​លោក​សន្យា​មក​ថា កូនប្រុស​របស់ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​នឹង​បាន​អង្គុយ​នៅក្នុង​អាណាចក្រ​របស់លោក គឺ​ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​លោក”។
22ព្រះយេស៊ូវ​ក៏​មានបន្ទូល​តប​ថា​៖“អ្នករាល់គ្នា​មិន​ដឹង​ថា​ខ្លួនឯង​កំពុង​សុំ​អ្វី​ទេ​។ តើ​អ្នករាល់គ្នា​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​រៀបនឹង​ផឹក​បាន​ឬទេ​?#20:22 ឯកសារបុរាណខ្លះបន្ថែម “ឬ​ទទួល​ពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬទេ​?”។”។
ពួកគេ​ទូល​ឆ្លើយថា​៖ “យើងខ្ញុំ​អាច​ផឹក​បាន”។
23ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​របស់ខ្ញុំ#20:23 ឯកសារបុរាណខ្លះបន្ថែម “ហើយ​ទទួល​ពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល”។​មែន ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ព្រះ​បិតា​របស់ខ្ញុំ​បាន​រៀបចំ​ទុកឲ្យ​វិញ”។ 24នៅពេល​បាន​ឮ​ដូច្នេះ សាវ័ក​ដប់​នាក់​ក៏​ទើសចិត្ត​នឹង​បងប្អូន​ពីរ​នាក់​នោះ​។ 25ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក មានបន្ទូលថា​៖“អ្នករាល់គ្នា​ដឹង​ហើយ​ថា មេគ្រប់គ្រង​របស់​សាសន៍ដទៃ​ជិះជាន់​លើ​សាសន៍របស់ខ្លួន ហើយ​អ្នកធំ​ក៏​ប្រើអំណាច​លើ​ពួកគេ​ដែរ​។ 26ប៉ុន្តែ​ក្នុងចំណោម​អ្នករាល់គ្នា​មិនមែន​ដូច្នោះ​ទេ​។ ផ្ទុយទៅវិញ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​អ្នកធំ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​អ្នកបម្រើ​របស់អ្នករាល់គ្នា​; 27អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មេ​ក្នុងចំណោម​អ្នករាល់គ្នា អ្នកនោះ​ត្រូវតែ​ធ្វើជា​បាវបម្រើ​របស់អ្នករាល់គ្នា 28ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។
ប្រោសមនុស្សខ្វាក់ភ្នែកឲ្យជានៅយេរីខូរ
29ខណៈដែល​ពួកគេ​កំពុង​ចាកចេញ​ពី​យេរីខូរ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកតាម​ព្រះអង្គ​។ 30ពេលនោះ មើល៍! មាន​បុរស​ខ្វាក់ភ្នែក​ពីរ​នាក់​កំពុង​អង្គុយ​នៅក្បែរ​ផ្លូវ ពួកគេ​ឮ​ថា​ព្រះយេស៊ូវ​កំពុង​យាងកាត់​ទីនោះ ក៏​ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។ 31ហ្វូងមនុស្ស​ស្ដីឲ្យ​ពួកគេ​នៅស្ងៀម ប៉ុន្តែ​ពួកគេ​ស្រែក​កាន់តែខ្លាំងឡើង​ថា​៖ “ព្រះអម្ចាស់ បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​យើងខ្ញុំ​ផង​!”។
32ព្រះយេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​ពួកគេ​មក​សួរថា​៖“តើ​ចង់ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​សម្រាប់​ពួកអ្នក​?”។
33ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ សូម​បើក​ភ្នែក​របស់យើងខ្ញុំ​ផង”។ 34ព្រះយេស៊ូវ​មានព្រះទ័យអាណិតអាសូរ ក៏​ពាល់​ភ្នែក​របស់​ពួកគេ​។ ភ្លាមនោះ ពួកគេ​ក៏​មើលឃើញវិញ ហើយ​ទៅតាម​ព្រះអង្គ​៕

Currently Selected:

ម៉ាថាយ 20: GKHB

Highlight

Share

Compare

Copy

None

Want to have your highlights saved across all your devices? Sign up or sign in