ម៉ាថាយ 18
18
អ្នកណាធំជាង
1នៅពេលនោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលសួរថា៖ “តើអ្នកណាធំជាងអ្នកណា ក្នុងអាណាចក្រស្ថានសួគ៌?”។
2ព្រះយេស៊ូវទ្រង់ហៅក្មេងម្នាក់មក ឲ្យឈរនៅកណ្ដាលចំណោមពួកគេ 3ហើយមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែអ្នករាល់គ្នាប្រែគំនិត#18:3 ប្រែគំនិត―ឬ “កែប្រែចិត្ត”។ហើយបានដូចជាក្មេង ពុំនោះទេ អ្នករាល់គ្នានឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។ 4ដូច្នេះ អ្នកណាក៏ដោយដែលបន្ទាបខ្លួនដូចក្មេងនេះ អ្នកនោះធំជាងក្នុងអាណាចក្រស្ថានសួគ៌។ 5អ្នកណាក៏ដោយដែលទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ។
6 “ប៉ុន្តែអ្នកណាក៏ដោយដែលធ្វើឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះដែលជឿលើខ្ញុំជំពប់ដួល នោះប្រសើរជាងសម្រាប់អ្នកនោះ ដែលព្យួរត្បាល់កិនដ៏ធំនឹងករបស់គាត់ ហើយពន្លិចទៅក្នុងជម្រៅសមុទ្រ។ 7វេទនាដល់ពិភពលោកហើយ ដោយសារតែសេចក្ដីបណ្ដាលឲ្យជំពប់ដួល។ ជាការពិត សេចក្ដីបណ្ដាលឲ្យជំពប់ដួលត្រូវតែមក ប៉ុន្តែវេទនាដល់អ្នកដែលសេចក្ដីបណ្ដាលឲ្យជំពប់ដួលមកតាមរយៈគាត់។ 8ប្រសិនបើដៃម្ខាង ឬជើងម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងកំបុតដៃម្ខាង ឬកំបុតជើងម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងភ្លើងអស់កល្បជានិច្ច ទាំងមានដៃពីរ ឬជើងពីរ។ 9ប្រសិនបើភ្នែកម្ខាងរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងមានភ្នែកតែម្ខាង ប្រសើរជាងត្រូវទម្លាក់ទៅក្នុងភ្លើងនរកទាំងមានភ្នែកពីរ។
ពាក្យឧបមាអំពីចៀមវង្វេង
10 “ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។ 11ជាការពិត កូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង។#18:11 ឯកសារបុរាណខ្លះគ្មានខនេះ។ 12តើអ្នករាល់គ្នាគិតដូចម្ដេច? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្នុងចៀមទាំងនោះវង្វេងបាត់ តើគាត់មិនទុកចោលចៀមកៅសិបប្រាំបួននៅតាមភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ? 13ប្រសិនបើគាត់រកវាឃើញ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់មុខជាអរសប្បាយនឹងវាខ្លាំងជាងអរសប្បាយនឹងចៀមកៅសិបប្រាំបួនដែលមិនបានវង្វេងបាត់នោះទៅទៀត។ 14ដូចគ្នាដែរ ការដែលម្នាក់ក្នុងអ្នកតូចទាំងនេះត្រូវវិនាស មិនមែនជាបំណងព្រះហឫទ័យរបស់ព្រះបិតារបស់អ្នករាល់គ្នា#18:14 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “ខ្ញុំ”។ដែលគង់នៅស្ថានសួគ៌ទេ។
ការកែលម្អបងប្អូន
15 “ប្រសិនបើបងប្អូនរបស់អ្នកប្រព្រឹត្តបាបទាស់នឹង # 18:15 ឯកសារបុរាណខ្លះគ្មាន “ទាស់នឹង”។ អ្នក ចូរទៅស្ដីប្រដៅគាត់តែរវាងអ្នក និងគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់ស្ដាប់អ្នក នោះអ្នកឈ្នះបានបងប្អូនរបស់អ្នកមកវិញហើយ; 16ប៉ុន្តែប្រសិនបើគាត់មិនស្ដាប់ទេ ចូរយកម្នាក់ ឬពីរនាក់ទៀតទៅជាមួយអ្នក ដើម្បីឲ្យ‘ការទាំងអស់បានបញ្ជាក់ដោយមាត់របស់សាក្សីពីរ ឬបីនាក់’#18:16 《ទុតិយកថា》 19:15។។ 17ប្រសិនបើគាត់មិនព្រមស្ដាប់ពួកគេទេ ចូរប្រាប់ក្រុមជំនុំ; ហើយប្រសិនបើគាត់មិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ និងអ្នកទារពន្ធចុះ។ 18ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ។ 19ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាម្ដងទៀតថា ប្រសិនបើពីរនាក់ក្នុងអ្នករាល់គ្នាមានចិត្តតែមួយនៅលើផែនដីអំពីអ្វីក៏ដោយដែលពួកគេទូលសុំ នោះព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងសម្រេចឲ្យពួកគេ។ 20ដ្បិតកន្លែងណាដែលមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមរបស់ខ្ញុំ ខ្ញុំក៏នៅទីនោះក្នុងកណ្ដាលចំណោមពួកគេដែរ”។
ពាក្យឧបមាអំពីបាវបម្រើអាក្រក់
21ពេលនោះ ពេត្រុសចូលមកជិត ទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ បើសិនបងប្អូនរបស់ទូលបង្គំប្រព្រឹត្តបាបទាស់នឹងទូលបង្គំ តើទូលបង្គំត្រូវតែលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?”។
22ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ខ្ញុំប្រាប់អ្នកថា មិនមែនដល់ប្រាំពីរដងទេ គឺដល់ចិតសិបគុណនឹងប្រាំពីរដង#18:22 ចិតសិបគុណនឹងប្រាំពីរដង―ឬ “ចិតសិបប្រាំពីរដង”។វិញ។ 23ដូច្នេះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីនឹងពួកបាវបម្រើរបស់ខ្លួន។ 24នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់#18:24 មួយម៉ឺនឋាឡាន់―1ឋាឡាន់=ថ្លៃឈ្នួល6,000ថ្ងៃ។ត្រូវគេនាំមកឯទ្រង់។ 25ប៉ុន្តែដោយសារគាត់គ្មានអ្វីសង ចៅហ្វាយក៏បញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ និងកូនគាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មាន ដើម្បីសងបំណុលនោះ។
26 “បាវបម្រើនោះក៏ក្រាបចុះថ្វាយបង្គំស្ដេច ទូលថា: ‘ # 18:26 ឯកសារបុរាណខ្លះបន្ថែម “ព្រះអម្ចាស់អើយ!”។ សូមមេត្តាអត់ធ្មត់នឹងទូលបង្គំផង ទូលបង្គំនឹងសងអ្វីៗទាំងអស់ដល់ទ្រង់’។ 27ដោយមានចិត្តអាណិតអាសូរ ចៅហ្វាយរបស់បាវបម្រើនោះក៏ដោះលែងគាត់ ព្រមទាំងលើកលែងបំណុលឲ្យគាត់ទៀតផង។
28 “ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី # 18:28 មួយរយឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។
29 “បាវបម្រើជាគ្នាគាត់នោះក៏ក្រាបចុះ # 18:29 ក្រាបចុះ―ឯកសារបុរាណខ្លះថា “ក្រាបនៅនឹងជើងរបស់គាត់”។ អង្វរគាត់ថា: ‘សូមអត់ធ្មត់នឹងគ្នាផង គ្នានឹងសងឯងវិញ’។ 30ប៉ុន្តែគាត់មិនព្រមទេ ផ្ទុយទៅវិញគាត់យកអ្នកនោះទៅដាក់គុក រហូតទាល់តែអ្នកនោះសងអ្វីដែលជំពាក់។ 31នៅពេលពួកបាវបម្រើជាគ្នាឯទៀតរបស់គាត់ឃើញអ្វីៗដែលកើតឡើងនោះ ពួកគេក៏ពិបាកចិត្តយ៉ាងខ្លាំង ហើយទៅរៀបរាប់ប្រាប់ចៅហ្វាយរបស់ពួកគេអំពីការទាំងអស់ដែលបានកើតឡើង។
32 “ដូច្នេះ ចៅហ្វាយរបស់គាត់ក៏ហៅគាត់មក និយាយថា: ‘បាវបម្រើអាក្រក់អើយ! យើងបានលើកលែងបំណុលទាំងអស់នោះឲ្យអ្នក ដោយសារអ្នកអង្វរយើង។ 33តើមិនគួរឲ្យអ្នកអាណិតមេត្តាបាវបម្រើជាគ្នារបស់អ្នក ដូចដែលយើងបានអាណិតមេត្តាអ្នកដែរទេឬ?’។ 34ចៅហ្វាយក៏ខឹងណាស់ ហើយប្រគល់គាត់ទៅអ្នកធ្វើទារុណកម្ម រហូតទាល់តែគាត់សងអ្វីៗទាំងអស់ដែលបានជំពាក់។ 35ព្រះបិតាសួគ៌របស់ខ្ញុំក៏នឹងធ្វើយ៉ាងនោះដល់អ្នករាល់គ្នាដែរ ប្រសិនបើអ្នករាល់គ្នាម្នាក់ៗមិនលើកលែងទោសឲ្យបងប្អូន#18:35 បងប្អូន―ឯកសារបុរាណខ្លះថា “ការបំពានរបស់បងប្អូន”។របស់ខ្លួនអស់ពីចិត្តរបស់អ្នករាល់គ្នាទេ”៕
Currently Selected:
ម៉ាថាយ 18: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative