អេសាយ 58
58
ការតមអាហារដ៏ពិត
1“ចូរស្រែកអស់ពីបំពង់ក កុំទប់ឡើយ!
ចូរបន្លឺសំឡេងរបស់អ្នកឡើងដូចជាស្នែង
ចូរប្រកាសដល់ប្រជារាស្ត្ររបស់យើងនូវការបំពានរបស់ពួកគេ
និងដល់វង្សត្រកូលយ៉ាកុបនូវបាបរបស់ពួកគេ។
2យ៉ាងណាមិញ ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ
ហើយពេញចិត្តនឹងចំណេះដឹងនៃមាគ៌ារបស់យើង
ហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តតាមសេចក្ដីសុចរិត
ឥតបោះបង់ចោលសេចក្ដីវិនិច្ឆ័យនៃព្រះរបស់ខ្លួន;
ពួកគេសុំសេចក្ដីវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ពីយើង
ក៏ពេញចិត្តនឹងការដែលចូលទៅជិតព្រះផង។
3ពួកគេពោលថា#58:3 ពួកគេពោលថា―ជាពាក្យជំនួយ។: ‘យើងខ្ញុំបានតមអាហារហើយ ម្ដេចក៏ព្រះអង្គមិនទតឃើញ?
យើងខ្ញុំបានធ្វើទុក្ខដល់ចិត្តរបស់ខ្លួនហើយ ម្ដេចក៏ព្រះអង្គមិនចាប់អារម្មណ៍ដូច្នេះ?’។
មើល៍! នៅថ្ងៃនៃការតមអាហាររបស់អ្នករាល់គ្នា
អ្នករាល់គ្នារកបានការសប្បាយ ហើយសង្កត់សង្កិនកម្មករទាំងអស់របស់អ្នករាល់គ្នា;
4មើល៍! អ្នករាល់គ្នាតមអាហារដើម្បីការទាស់ទែង និងជម្លោះ
ហើយដើម្បីវាយដោយកណ្ដាប់ដៃដ៏អាក្រក់។
អ្នករាល់គ្នាតមអាហារដូចសព្វថ្ងៃនេះ
មិនមែនដើម្បីឲ្យសំឡេងរបស់អ្នករាល់គ្នាបានឮដល់ស្ថានដ៏ខ្ពស់ឡើយ!
5តើការតមអាហារដែលយើងជ្រើសរើស
ជាថ្ងៃដែលមនុស្សធ្វើទុក្ខដល់ចិត្តរបស់ខ្លួនដូច្នេះឬ?
តើជាការឱនក្បាលចុះដូចដើមត្រែង
ហើយក្រាលក្រណាត់ធ្មៃ និងផេះឬ?
តើអ្នកហៅការទាំងនេះថាជាការតមអាហារ
ជាថ្ងៃដ៏គាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាឬ?
6តើមិនមែនជាការតមអាហារយ៉ាងនេះទេឬ ដែលយើងជ្រើសរើសយក?
គឺដោះច្រវាក់នៃសេចក្ដីអាក្រក់
ស្រាយចំណងនឹម
ហើយដោះលែងអ្នកដែលត្រូវបានសង្កត់សង្កិនឲ្យមានសេរីភាព
ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។
7តើមិនមែនជាការចែកអាហាររបស់អ្នកឲ្យមនុស្សអត់ឃ្លាន
ហើយនាំមនុស្សទ័លក្រដែលសាត់អណ្ដែតមកផ្ទះអ្នកទេឬ?
តើមិនមែនជាការដណ្ដប់ឲ្យគេ កាលណាអ្នកឃើញគេនៅខ្លួនទទេ
ហើយឥតលាក់ខ្លួនពីសាច់សាលោហិតរបស់អ្នកទេឬ?
8បើធ្វើដូច្នេះ ពន្លឺរបស់អ្នកនឹងធ្លាយចេញមកដូចជាពន្លឺអរុណ
ហើយការជាសះស្បើយរបស់អ្នកនឹងដុះឡើងយ៉ាងឆាប់
រីឯសេចក្ដីសុចរិតរបស់អ្នកនឹងដើរនៅមុខអ្នក
ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងការពារខាងក្រោយអ្នក។
9បើធ្វើដូច្នេះ ពេលអ្នកស្រែកហៅ ព្រះយេហូវ៉ានឹងឆ្លើយតប
ពេលអ្នកស្រែករកជំនួយ ព្រះអង្គនឹងមានបន្ទូលថា: ‘មើល៍! យើងនៅទីនេះ’។
ប្រសិនបើអ្នកដកនឹម ការចង្អុលដាក់គេ និងការពោលពាក្យទុច្ចរិត ចេញពីកណ្ដាលចំណោមអ្នក
10ប្រសិនបើអ្នកចំណាយខ្លួនអ្នកសម្រាប់មនុស្សអត់ឃ្លាន
ហើយចម្អែតព្រលឹងរបស់មនុស្សរងទុក្ខ
នោះពន្លឺរបស់អ្នកនឹងរះឡើងក្នុងទីងងឹត
ហើយភាពងងឹតសូន្យរបស់អ្នកនឹងបានដូចជាថ្ងៃត្រង់;
11ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច
ហើយចម្អែតព្រលឹងរបស់អ្នកនៅក្នុងទីហួតហែង
ក៏នឹងធ្វើឲ្យឆ្អឹងអ្នកមាំមួន;
អ្នកនឹងបានដូចជាសួនច្បារដែលត្រូវបានស្រោចស្រព
ក៏បានដូចជាប្រភពទឹកដែលមានទឹកមិនដែលខាន។
12គេនឹងសង់ទីបាក់បែកពីបុរាណរបស់អ្នកឡើងវិញ;
អ្នកនឹងតាំងគ្រឹះនៃជំនាន់ជាច្រើនឡើង;
អ្នកនឹងត្រូវបានហៅថា ‘អ្នកជួសជុលចន្លោះបាក់បែក’
ក៏នឹងត្រូវបានហៅថា ‘អ្នកដែលស្ដារផ្លូវឡើងវិញដើម្បីឲ្យបានរស់នៅ’។
13ប្រសិនបើក្នុងថ្ងៃសប្ប័ទ អ្នកបង្វែរជើងរបស់ខ្លួន
ក៏មិនធ្វើតាមការសប្បាយរបស់ខ្លួនក្នុងថ្ងៃវិសុទ្ធរបស់យើង
ប្រសិនបើអ្នករាប់ថ្ងៃសប្ប័ទជាទីរីករាយ
ហើយឲ្យតម្លៃថ្ងៃវិសុទ្ធរបស់ព្រះយេហូវ៉ា
ប្រសិនបើអ្នកលើកកិត្តិយសដល់ថ្ងៃនោះ ហើយមិនធ្វើតាមផ្លូវរបស់ខ្លួន
ឬស្វែងរកការសប្បាយរបស់ខ្លួន ឬពោលពាក្យតាមគំនិតខ្លួនឯង#58:13 ពោលពាក្យតាមគំនិតខ្លួនឯង―ន័យត្រង់គឺ “ចេះតែនិយាយ”។នោះទេ
14នោះអ្នកនឹងរីករាយក្នុងព្រះយេហូវ៉ា
ហើយយើងនឹងឲ្យអ្នកជិះលើកន្លែងខ្ពស់នៃផែនដី
ព្រមទាំងចិញ្ចឹមអ្នកដោយមរតករបស់យ៉ាកុបដូនតាអ្នក”។
ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាបានមានបន្ទូលហើយ៕
Currently Selected:
អេសាយ 58: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative