YouVersion Logo
Search Icon

អេសាយ 59

59
បាប និងការប្រោសលោះ
1មើល៍! ព្រះហស្ត​របស់​ព្រះយេហូវ៉ា​មិនមែន​រួញខ្លី​ដែល​សង្គ្រោះ​មិនបាន
ហើយ​ព្រះកាណ៌​របស់ព្រះអង្គ​មិន​ធ្ងន់​ដែល​ស្ដាប់​មិន​ឮ​នោះ​ទេ
2គឺ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា​វិញ​ទេតើ
ដែល​ខណ្ឌចែក​រវាង​អ្នករាល់គ្នា និង​ព្រះ​របស់អ្នករាល់គ្នា
គឺ​បាប​របស់អ្នករាល់គ្នា​ទេតើ
ដែល​បាំង​ព្រះភក្ត្រ​ព្រះអង្គ​ពី​អ្នករាល់គ្នា មិន​ឲ្យ​ព្រះអង្គ​សណ្ដាប់​ឡើយ​។
3ដ្បិត​ដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​ឈាម
ហើយ​ម្រាមដៃ​របស់អ្នករាល់គ្នា​ប្រឡាក់​ដោយ​អំពើទុច្ចរិត​;
បបូរមាត់​របស់អ្នករាល់គ្នា​និយាយមុសា
ហើយ​អណ្ដាត​របស់អ្នករាល់គ្នា​ពោល​សេចក្ដីទុច្ចរិត​។
4គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ
ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​;
ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​;
ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;
5ពួកគេ​ភ្ញាស់​ពង​របស់​ពស់ពិស
ហើយ​ព័ទ្ធ​ជា​សំណាញ់​ពីងពាង​;
អ្នកដែល​ហូប​ពង​របស់ពួកវា​នឹង​ស្លាប់
ហើយ​ពងដែល​ជាន់បែក ក៏​ញាស់ចេញ​ជា​ពស់វែក​។
6សំណាញ់​របស់ពួកគេ​ប្រើជា​សម្លៀកបំពាក់​មិនបានទេ
ហើយ​ពួកគេ​បិទបាំង​កាយ​ដោយ​កិច្ចការ​របស់ខ្លួន​ក៏​មិនបាន​ដែរ
កិច្ចការ​របស់ពួកគេ​ជា​កិច្ចការ​ទុច្ចរិត
ហើយ​មាន​អំពើហិង្សា​នៅក្នុង​ដៃ​របស់ពួកគេ​។
7ជើង​ពួកគេ​រត់ទៅ​តាម​សេចក្ដី​អាក្រក់
ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​ឥតទោស​;
គំនិត​របស់ពួកគេ​ជា​គំនិត​ទុច្ចរិត​;
មាន​សេចក្ដីបំផ្លាញ និង​សេចក្ដីអន្តរាយ​នៅក្នុង​វិថី​របស់ពួកគេ​;
8ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព​ឡើយ
ក៏​គ្មាន​សេចក្ដីយុត្តិធម៌​នៅក្នុង​គន្លង​របស់ពួកគេ​ផង​;
ពួកគេ​បាន​បង្វៀច​ផ្លូវ​របស់ខ្លួន
ហើយ​អស់អ្នក​ដែល​ដើរជាន់​លើ​ផ្លូវនោះ នឹង​មិន​ស្គាល់​សន្តិភាព​ឡើយ​។
9ហេតុនេះហើយបានជា​សេចក្ដីយុត្តិធម៌​នៅឆ្ងាយ​ពី​យើងខ្ញុំ
ហើយ​សេចក្ដីសុចរិត​ក៏​មិន​តាមទាន់​យើងខ្ញុំ​;
យើងខ្ញុំ​រំពឹងចាំ​ពន្លឺ ប៉ុន្តែ​មើល៍! មាន​ភាពងងឹត​ទៅវិញ
យើងខ្ញុំ​រំពឹងចាំ​ភាពត្រចះត្រចង់ ប៉ុន្តែ​យើងខ្ញុំ​ដើរ​ក្នុង​ភាពងងឹតសូន្យ​ទៅវិញ​។
10យើងខ្ញុំ​រាវរក​ជញ្ជាំង​ដូច​មនុស្ស​ខ្វាក់ភ្នែក
ក៏​រាវរក​ដូច​មនុស្ស​គ្មាន​ភ្នែក
យើងខ្ញុំ​ជំពប់​នៅ​ពេលថ្ងៃត្រង់​ដូចជា​នៅ​ពេលថ្ងៃលិច
ក៏​ប្រៀបដូចជា​មនុស្ស​ស្លាប់​នៅក្នុងចំណោម​មនុស្សមានសុខភាពល្អ​។
11យើងខ្ញុំ​ទាំងអស់គ្នា​គ្រហឹម​ដូច​ខ្លាឃ្មុំ
ហើយ​ថ្ងូរឥតឈប់​ដូច​ព្រាប​។
យើងខ្ញុំ​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​គ្មានសោះ
ក៏​រំពឹងចាំ​សេចក្ដីសង្គ្រោះ ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​យើងខ្ញុំ​។
12ដ្បិត​ការបំពាន​របស់យើងខ្ញុំ​បាន​កើនឡើង​នៅចំពោះ​ព្រះអង្គ
ហើយ​បាប​របស់យើងខ្ញុំ​ក៏​ធ្វើបន្ទាល់​ទាស់នឹង​យើងខ្ញុំ​;
ការបំពាន​របស់យើងខ្ញុំ​នៅជាប់នឹង​យើងខ្ញុំ
ហើយ​យើងខ្ញុំ​ស្គាល់​អំពើទុច្ចរិត​របស់យើងខ្ញុំ
13គឺយើងខ្ញុំបាន​ប្រព្រឹត្តការល្មើស ហើយ​បដិសេធ​ព្រះយេហូវ៉ា
ក៏​បែរចេញ​ពី​ការ​ទៅតាម​ព្រះ​នៃយើងខ្ញុំ
ហើយ​និយាយ​អំពី​ការសង្កត់សង្កិន និង​ការបះបោរ
ព្រមទាំង​មានផ្ទៃពោះ​ជា​ពាក្យ​ភូតភរ ក៏​បញ្ចេញ​វា​ពី​ចិត្ត​ផង​។
14ដូច្នេះ សេចក្ដីយុត្តិធម៌​បាន​ថយទៅវិញ
ហើយ​សេចក្ដីសុចរិត​ក៏​ឈរ​នៅ​ឆ្ងាយ
ដ្បិត​សេចក្ដីពិត​បាន​ជំពប់​នៅ​កន្លែងសាធារណៈ
ហើយ​សេចក្ដី​ទៀងត្រង់​ក៏​មិនអាច​ចូលមក​បាន​ដែរ​;
15មែនហើយ នៅ​ខ្វះ​សេចក្ដីពិត
ហើយ​អ្នកដែល​បែរចេញ​ពី​ការ​អាក្រក់​ក៏​ក្លាយជារំពា​។
ព្រះយេហូវ៉ា​បាន​ទត​ឃើញ
ហើយ​ការ​ដែល​គ្មាន​សេចក្ដីយុត្តិធម៌​ដូច្នេះ
ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ​។
16ព្រះអង្គ​ទត​ឃើញ​ថា គ្មាន​អ្នកណា​ម្នាក់​ឡើយ
ព្រះអង្គ​ទ្រង់​នឹកឆ្ងល់​ថា គ្មានអ្នកណា​អង្វរជំនួស
ដូច្នេះ​ព្រះពាហុ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​ព្រះអង្គ
ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ក៏​ទ្រទ្រង់​ព្រះអង្គ​។
17ព្រះអង្គ​បាន​ពាក់​សេចក្ដីសុចរិត​ជា​ក្រោះការពារទ្រូង
ក៏​ពាក់​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​លើ​ព្រះសិរ​របស់ព្រះអង្គ
ហើយ​គ្រង​ព្រះពស្ត្រ​នៃ​សេចក្ដីសងសឹក​ជា​សម្លៀកបំពាក់
ព្រមទាំង​ដណ្ដប់​អង្គទ្រង់​ដោយ​ព្រះហឫទ័យឆេះឆួល​ជា​ព្រះភូសា​។
18ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ
គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ
ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​;
ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។
19នោះ​ពួកគេ​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា​ពី​តំបន់ថ្ងៃលិច
ក៏​នឹង​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ពី​តំបន់ថ្ងៃរះ​;
ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូចជា​ទឹកជំនន់​ដែល​ជន់លិច
ដែល​ខ្យល់​របស់​ព្រះយេហូវ៉ា​រុញ​វា​មក​។
20“ព្រះប្រោសលោះ​នឹង​យាង​មករក​ស៊ីយ៉ូន
និង​អ្នកដែល​បែរចេញ​ពី​ការបំពាន​ក្នុង​យ៉ាកុប”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
21ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “រីឯ​ចំពោះ​យើង នេះ​ហើយ ជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​ពួកគេ គឺ​វិញ្ញាណ​របស់យើង​ដែល​សណ្ឋិត​នៅលើ​អ្នក និង​ពាក្យ​របស់យើង​ដែល​យើង​បាន​ដាក់​នៅក្នុង​មាត់​របស់អ្នក នឹង​មិន​ចាកចេញ​ពី​មាត់​របស់អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​អ្នក ឬ​ពី​មាត់​របស់​ពូជពង្ស​នៃ​ពូជពង្ស​អ្នក​ឡើយ គឺ​ចាប់ពី​ឥឡូវនេះ​រហូតអស់កល្បជានិច្ច​!”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕

Currently Selected:

អេសាយ 59: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in