YouVersion Logo
Search Icon

អេសាយ 57

57
1មនុស្ស​សុចរិត​វិនាស​ទៅ​ដោយ​គ្មាន​អ្នកណា​យកចិត្តទុកដាក់
មនុស្ស​ស្មោះត្រង់​ត្រូវបាន​ដកចេញ​ដោយ​គ្មានអ្នកណា​យល់​។
តាមពិត មនុស្ស​សុចរិត​ត្រូវបាន​ដកចេញ​ពី​មហន្តរាយ
2ហើយ​ចូលទៅ​ក្នុង​សេចក្ដីសុខសាន្ត​;
អ្នកដែល​ដើរ​ក្នុង​ភាពទៀងត្រង់​របស់ខ្លួន
នឹង​សម្រាក​នៅលើ​គ្រែ​របស់ខ្លួន​។
ថ្កោលទោសអ្នកគោរពព្រះក្លែងក្លាយ
3“រីឯ​អ្នករាល់គ្នា​ជា​កូនចៅ​របស់​មេធ្មប់
ជា​ពូជពង្ស​របស់​មនុស្ស​ផិតក្បត់ និង​ស្រីពេស្យា​អើយ
ចូរ​មក​ទីនេះ​ចុះ​!
4តើ​អ្នករាល់គ្នា​ចំអកឡកឡឺយ​ដាក់​អ្នកណា​?
តើ​អ្នករាល់គ្នា​ហា​មាត់
ហើយ​លៀន​អណ្ដាត​ដាក់​អ្នកណា​?
តើ​អ្នករាល់គ្នា​មិនមែន​ជា​កូន​នៃ​ការបំពាន
ជា​ពូជពង្ស​នៃ​សេចក្ដីកុហក​ទេ​ឬ​?
5អ្នករាល់គ្នាជា​អ្នកដែល​ស្រើបស្រាល​នៅតាម​ដើមអូក
នៅក្រោម​ដើមឈើ​ខៀវខ្ចី​ទាំងអស់
ជា​អ្នកដែល​សម្លាប់​កូនក្មេង​នៅតាម​ជ្រលងភ្នំ និង​នៅក្រោម​ប្រឡោះ​ផ្ទាំងថ្ម​។
6ថ្ម#57:6 ថ្ម―ជាពាក្យជំនួយ។​រលីង​នៅកណ្ដាល​ជ្រលងភ្នំ​ជា​ចំណែក​របស់អ្នក
ថ្មទាំងនោះ​ជា​វាសនា​របស់អ្នក​! មែនហើយ អ្នក​បាន​ច្រូច​តង្វាយច្រូច
ព្រមទាំង​ថ្វាយ​តង្វាយធញ្ញជាតិ​ដល់​ថ្មទាំងនោះ​ផង​។
តើ​ឲ្យ​យើង​បាន​កម្សាន្តចិត្ត​ដោយ​ការទាំងនេះ​ឬ​?
7អ្នក​បាន​ដាក់​គ្រែ​របស់អ្នក​នៅលើ​ភ្នំ​ខ្ពស់ និង​ស្កឹមស្កៃ
ក៏​បាន​ឡើង​ទៅ​ទីនោះ​ដើម្បី​ថ្វាយ​យញ្ញបូជា​ដែរ​។
8អ្នក​បាន​តម្កល់​រូបតំណាង​របស់អ្នក​នៅខាងក្រោយ​ទ្វារ និង​សសរទ្វារ​។
អ្នក​បាន​ប្រាសចាកពី​យើង ក៏​សម្រាត​ខ្លួន
ហើយ​ឡើងទៅ​ធ្វើឲ្យ​គ្រែ​របស់ខ្លួន​ធំទូលាយ​;
អ្នក​បាន​តាំងសម្ពន្ធមេត្រី​ជាមួយ​ពួកគេ​សម្រាប់​ខ្លួនអ្នក
ក៏​ស្រឡាញ់​គ្រែ​របស់ពួកគេ
ព្រមទាំង​សម្លឹងមើល​ភាពអាក្រាត#57:8 ភាពអាក្រាត―ន័យត្រង់គឺ “ដៃ”។​ផង​។
9អ្នក​បាន​ទៅ​គាល់​ព្រះម៉ូឡុក#57:9 ព្រះម៉ូឡុក―ឬ “ស្ដេច”។​ជាមួយ​ប្រេង
ហើយ​បាន​បង្កើន​ទឹកអប់​របស់អ្នក
ក៏​បាន​ចាត់​ទូត​របស់អ្នក​ឲ្យទៅ​ទីឆ្ងាយ
គឺ​ឲ្យ​គេ​ចុះទៅ​រហូតដល់​ស្ថានមនុស្សស្លាប់​។
10អ្នក​បាន​អស់កម្លាំង​ដោយ​ដំណើរ​វែងឆ្ងាយ​របស់អ្នក
ប៉ុន្តែ​អ្នក​មិន​បាន​ពោលថា​: ‘អស់សង្ឃឹម​ហើយ​!’ នោះ​ទេ
អ្នក​បាន​រកឃើញ​ការបន្ត​កម្លាំង#57:10 កម្លាំង―ន័យត្រង់គឺ “ដៃ”។ សូមមើល 《អេសាយ》 57:8។​ជាថ្មី
ដូច្នេះបានជា​អ្នក​មិន​បាន​ចុះខ្សោយ​ឡើយ​។
11តើ​អ្នក​បាន​ភិតភ័យ និង​ខ្លាច​អ្នកណា
បានជា​អ្នក​កុហក ហើយ​មិន​បាន​នឹកចាំ​អំពី​យើង
ក៏មិន​បាន​យកចិត្តទុកដាក់​ដូច្នេះ​?
តើ​យើង​មិន​បាន​នៅស្ងៀម​ជាយូរមកហើយ​ទេ​ឬ
បានជា​អ្នក​មិន​កោតខ្លាច​យើង​?
12យើង​នឹង​លាតត្រដាង​អ្វីដែល​អ្នក​ហៅថា ‘ភាពសុចរិត’
និង​ទង្វើ​របស់អ្នក ប៉ុន្តែ​វា​មិនមែន​ជាប្រយោជន៍​ដល់​អ្នក​ទេ​!
13កាលណា​អ្នក​ស្រែកយំ ចូរឲ្យ​អ្វីដែល​អ្នក​បានប្រមូលទុក រំដោះ​អ្នក​ចុះ​!
ប៉ុន្តែ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ​ទាំងអស់
ខ្យល់ដង្ហើម​នឹង​យក​ពួកវា​ទៅ
រីឯ​អ្នកដែល​ជ្រកកោន​ក្នុង​យើង​វិញ
នឹង​ទទួល​ទឹកដី​ជាមរតក
ហើយ​កាន់កាប់​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។
ការប្រោសឲ្យជា និងសេចក្ដីសុខសាន្ត
14ព្រះយេហូវ៉ា​មានបន្ទូលថា​៖
“សង់ឡើង​! សង់ឡើង​! ចូរ​រៀបចំ​ផ្លូវ​!
ចូរ​យក​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ចេញ​ពី​ផ្លូវ​របស់​ប្រជារាស្ត្រ​យើង​!”។
15ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប
ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
“យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ
ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ
ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ
ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។
16ដ្បិត​យើង​មិន​តតាំង​ជារៀងរហូត​ទេ
ក៏​មិន​ខឹង​ជាដរាប​ដែរ
ក្រែងលោ​វិញ្ញាណ​របស់មនុស្ស​ជា​ខ្យល់ដង្ហើម
ដែល​យើង​បាន​បង្កើត បាន​ចុះខ្សោយ​នៅមុខ​យើង​។
17យើង​បាន​ខឹង ហើយ​វាយ​គេ ដោយព្រោះ​សេចក្ដីទុច្ចរិត​នៃ​ភាពលោភលន់​របស់គេ​;
យើង​បាន​លាក់ខ្លួន ហើយ​ខឹង
ប៉ុន្តែ​គេ​ទៅមុខ​ក្នុង​ការបកក្រោយ​តាមអំពើចិត្ត​។
18យើង​បាន​ឃើញ​ផ្លូវ​របស់គេ ប៉ុន្តែ​យើង​នឹង​ប្រោស​គេ​ឲ្យជា​;
យើង​នឹង​នាំផ្លូវ​គេ ហើយ​ធ្វើឲ្យមាន​ការកម្សាន្តចិត្ត​ឡើងវិញ​ដល់​គេ
និង​ដល់​អ្នក​កាន់ទុក្ខ​របស់គេ
19ព្រមទាំង​ធ្វើឲ្យ​គេ​បង្កើត​ផលផ្លែ​នៃ​បបូរមាត់​ថា​:
‘សេចក្ដីសុខសាន្ត​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកដែល​នៅឆ្ងាយ
និង​ដល់​អ្នកដែល​នៅជិត​!’។
យើង​នឹង​ប្រោស​គេ​ឲ្យជា”។ ព្រះយេហូវ៉ា​បាន​មានបន្ទូល​ដូច្នេះ​ហើយ​។
20ប៉ុន្តែ​មនុស្ស​អាក្រក់
ប្រៀបដូចជា​សមុទ្រ​ដែល​រំជួលចុះឡើង គឺ​មិនអាច​នៅស្ងៀម​បានឡើយ
ទឹក​របស់វា​កូរ​ល្បាប់ និង​ភក់​ឡើង​។
21ព្រះ​របស់ខ្ញុំ​មានបន្ទូលថា​៖
“គ្មាន​សេចក្ដីសុខសាន្ត​សម្រាប់​មនុស្ស​អាក្រក់​ឡើយ”៕

Currently Selected:

អេសាយ 57: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in