អេសាយ 56
56
ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់
1ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖
“ចូររក្សាសេចក្ដីយុត្តិធម៌ ហើយអនុវត្តសេចក្ដីសុចរិតចុះ!
ដ្បិតសេចក្ដីសង្គ្រោះរបស់យើងបានមកជិតបង្កើយហើយ
ហើយសេចក្ដីសុចរិតយុត្តិធម៌របស់យើងនឹងត្រូវបានបើកសម្ដែងដែរ។
2មានពរហើយ មនុស្សដែលប្រព្រឹត្តយ៉ាងនោះ
កូនមនុស្សដែលកាន់ខ្ជាប់នូវសេចក្ដីនោះ
ជាអ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ
ក៏រក្សាដៃរបស់ខ្លួនពីការធ្វើអំពើអាក្រក់ណាមួយផង”។
3រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ាហើយ មិនត្រូវពោលថា៖
“ព្រះយេហូវ៉ាពិតជាញែកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គ”
ហើយមនុស្សកម្រៀវក៏មិនត្រូវពោលថា៖
“មើល៍! ខ្ញុំជាដើមឈើក្រៀមស្ងួត” នោះឡើយ។
4ដ្បិតព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖
“ចំពោះមនុស្សកម្រៀវដែលរក្សាថ្ងៃសប្ប័ទរបស់យើង
ហើយជ្រើសរើសអ្វីដែលយើងពេញចិត្ត
ព្រមទាំងកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
5យើងនឹងឲ្យទីរំលឹកមួយ និងឈ្មោះមួយដល់ពួកគេ
ក្នុងដំណាក់របស់យើង
ក្នុងកំពែងរបស់យើង
ដែលប្រសើរជាងកូនប្រុស និងកូនស្រីទៅទៀត;
យើងនឹងឲ្យឈ្មោះដ៏អស់កល្បដល់ពួកគេ
ដែលមិនត្រូវបានកាត់ចេញឡើយ។
6រីឯសាសន៍ដទៃដែលរួមជាមួយព្រះយេហូវ៉ា
ដើម្បីបម្រើព្រះអង្គ
ដើម្បីស្រឡាញ់ព្រះនាមរបស់ព្រះយេហូវ៉ា
ដើម្បីធ្វើជាបាវបម្រើរបស់ព្រះអង្គ
គឺអស់អ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ
ហើយកាន់ខ្ជាប់នូវសម្ពន្ធមេត្រីរបស់យើង
7យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង
ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។
តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង
ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា
ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។
8នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់នៃខ្ញុំ
គឺព្រះយេហូវ៉ាដែលប្រមូលអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល
គឺ៖ “យើងនឹងប្រមូលអ្នកដទៃមកឯគាត់ទៀត
ក្រៅពីអ្នកដែលត្រូវបានប្រមូលមកស្រាប់ហើយ”។
កាត់ទោសមេដឹកនាំអ៊ីស្រាអែល
9អស់ទាំងសត្វនៃទីវាលអើយ
អស់ទាំងសត្វនៅព្រៃអើយ
ចូរមកត្របាក់ស៊ីចុះ!
10ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក
ពួកគេសុទ្ធតែគ្មានចំណេះដឹង
ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន
ពួកគេតែងតែស្រមើស្រមៃ
ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
11ឆ្កែទាំងនោះសាហាវខាងឯចំណង់អាហារ ក៏មិនស្គាល់ការឆ្អែតឆ្អន់ឡើយ;
ពួកគេជាអ្នកគង្វាលដែលមិនស្គាល់ការយល់ច្បាស់;
ពួកគេទាំងអស់គ្នាបានបែរចេញទៅតាមផ្លូវរបស់ខ្លួន
ម្នាក់ៗទៅរកផលប្រយោជន៍ផ្ទាល់ខ្លួន ឥតមានសល់ម្នាក់ណាឡើយ។
12ពួកគេនិយាយថា៖ “មក៍! ឲ្យខ្ញុំយកស្រាទំពាំងបាយជូរមក
ហើយឲ្យយើងផឹកគ្រឿងស្រវឹងជោកជាំទៅ!
ថ្ងៃស្អែកនឹងបានដូចជាថ្ងៃនេះដែរ
គឺកាន់តែល្អទៅទៀត”៕
Currently Selected:
អេសាយ 56: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative