អេសាយ 55
55
ចូរមករកព្រះយេហូវ៉ា
1“ឱអស់អ្នកដែលស្រេកអើយ ចូរមករកទឹកចុះ!
អ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយហូបចុះ!
ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះ
ដោយគ្មានប្រាក់ និងដោយឥតគិតថ្លៃចុះ។
2ម្ដេចក៏អ្នកចំណាយប្រាក់លើអ្វីដែលមិនមែនជាអាហារ
ហើយចំណាយផលពីការនឿយហត់របស់អ្នករាល់គ្នាលើអ្វីដែលមិនអាចធ្វើឲ្យស្កប់ចិត្តដូច្នេះ?
ចូរស្ដាប់យើងដោយយកចិត្តទុកដាក់ ហើយហូបអ្វីដែលល្អ
ដើម្បីឲ្យព្រលឹងរបស់អ្នករាល់គ្នារីករាយដោយអាហារបរិបូរចុះ!
3ចូរផ្ទៀងត្រចៀក ហើយមករកយើងចុះ
ចូរស្ដាប់ នោះព្រលឹងរបស់អ្នករាល់គ្នានឹងមានជីវិតរស់។
យើងនឹងតាំងសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា
ជាសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏ពិតត្រង់ចំពោះដាវីឌ។
4មើល៍! យើងបានធ្វើឲ្យដាវីឌបានជាសាក្សីដល់ជាតិសាសន៍នានា
គឺជាអ្នកដឹកនាំ និងជាអ្នកបញ្ជាដល់ជាតិសាសន៍នានា។
5មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់
ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក
ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល
ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
6ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ
ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
7ចូរឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនចោល
ចូរឲ្យមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនចោល
ហើយឲ្យពួកគេត្រឡប់មករកព្រះយេហូវ៉ាវិញ
នោះព្រះអង្គនឹងអាណិតមេត្តាពួកគេ
ក៏ឲ្យពួកគេត្រឡប់មករកព្រះរបស់ពួកយើងវិញ
ដ្បិតព្រះអង្គនឹងលើកលែងទោសជាបរិបូរ។
8នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖
“គំនិតរបស់យើងមិនដូចគំនិតរបស់អ្នករាល់គ្នា
ហើយផ្លូវរបស់អ្នករាល់គ្នាក៏មិនដូចផ្លូវរបស់យើងដែរ។
9ដ្បិតដូចដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា
ផ្លូវរបស់យើងក៏ខ្ពស់ជាងផ្លូវរបស់អ្នករាល់គ្នា
ហើយគំនិតរបស់យើងក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
10ដូចដែលភ្លៀង និងព្រិលធ្លាក់មកពីលើមេឃ ហើយមិនត្រឡប់ទៅទីនោះ
គឺស្រោចស្រពផែនដីវិញ ធ្វើឲ្យវាកកើតឡើង ហើយចេញពន្លក
ក៏ផ្ដល់គ្រាប់ពូជដល់អ្នកសាបព្រោះ
ហើយផ្ដល់អាហារដល់អ្នកហូបយ៉ាងណា
11ពាក្យរបស់យើងដែលចេញពីមាត់យើងទៅក៏យ៉ាងនោះដែរ
គឺមិនត្រឡប់មករកយើងវិញដោយទទេឡើយ
ផ្ទុយទៅវិញ វានឹងបំពេញអ្វីដែលយើងប្រាថ្នា
ហើយសម្រេចអ្វីដែលយើងចាត់វាឲ្យទៅនោះ។
12អ្នករាល់គ្នានឹងចេញទៅដោយអំណរ
ហើយត្រូវបាននាំទៅដោយសុខសាន្ត;
ភ្នំនានា និងទីទួលទាំងឡាយនឹងហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយនៅមុខអ្នក
ហើយអស់ទាំងដើមឈើនៅទីវាលនឹងទះដៃផង។
13ដើមស្រល់នឹងដុះឡើងជំនួសគុម្ពបន្លា
ដើមមឺថលនឹងដុះឡើងជំនួសអញ្ចាញ
ការនេះនឹងបានសម្រាប់ជាកេរ្តិ៍ឈ្មោះដល់ព្រះយេហូវ៉ា
និងសម្រាប់ជាសញ្ញាសម្គាល់ដ៏អស់កល្ប
ដែលមិនត្រូវបានកាត់ចេញឡើយ”៕
Currently Selected:
អេសាយ 55: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative