អេសាយ 54
54
សិរីរុងរឿងនាពេលអនាគតសម្រាប់អ៊ីស្រាអែល
1“ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរច្រៀងដោយអំណរ!
ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ ហើយស្រែកហ៊ោឡើង!
ដ្បិតកូនៗរបស់ស្ត្រីដែលត្រូវគេបោះបង់ចោល
មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
2“ចូរពង្រីកកន្លែងសម្រាប់រោងរបស់អ្នក
ហើយឲ្យគេលាតវាំងននសម្រាប់កន្លែងស្នាក់នៅរបស់អ្នក កុំសំចៃឡើយ!
ចូរធ្វើឲ្យខ្សែរបស់អ្នកវែង ហើយធ្វើឲ្យស្នឹងរបស់អ្នកមាំឡើងចុះ!
3ដ្បិតអ្នកនឹងរីកសាយទៅខាងស្ដាំ និងខាងឆ្វេង
ហើយពូជពង្សរបស់អ្នកនឹងកាន់កាប់ប្រជាជាតិនានា
ព្រមទាំងធ្វើឲ្យមានមនុស្សរស់នៅក្នុងទីក្រុងដែលស្ងាត់ជ្រងំផង។
4កុំខ្លាច ដ្បិតអ្នកនឹងមិនអាម៉ាស់មុខឡើយ
កុំអៀនខ្មាស ដ្បិតអ្នកនឹងមិនទទួលការអាប់យសឡើយ។
អ្នកនឹងភ្លេចសេចក្ដីអាម៉ាស់តាំងពីយុវវ័យរបស់អ្នក
ក៏មិននឹកចាំសេចក្ដីត្មះតិះដៀលនៃភាពជាមេម៉ាយរបស់អ្នកទៀតដែរ។
5ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក
ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ;
ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល
ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
6ដ្បិតព្រះយេហូវ៉ាបានត្រាស់ហៅអ្នក
ដូចជាប្រពន្ធដែលត្រូវបានបោះបង់ចោល ហើយរងទុក្ខក្នុងវិញ្ញាណ
គឺដូចជាប្រពន្ធកាលពីនៅយុវវ័យដែលត្រូវបានចាកចោល”។
ព្រះរបស់អ្នកមានបន្ទូលដូច្នេះហើយ។
7“យើងបានបោះបង់អ្នកចោលមួយរយៈខ្លី
ប៉ុន្តែយើងនឹងប្រមូលអ្នកមកវិញ ដោយសេចក្ដីមេត្តាដ៏ធំធេង។
8យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ
ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។
ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។
9“ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង
គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា
យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក
ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។
10ថ្វីត្បិតតែភ្នំនានានឹងចាកចេញទៅ
ហើយទីទួលទាំងឡាយរើចេញក៏ដោយ
ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងនឹងមិនចាកចេញពីអ្នកឡើយ
ហើយសម្ពន្ធមេត្រីនៃសេចក្ដីសុខសាន្តរបស់យើងក៏មិនរើចេញដែរ!”។
ព្រះយេហូវ៉ាដែលអាណិតមេត្តាអ្នក មានបន្ទូលដូច្នេះហើយ។
11“មនុស្សរងទុក្ខដែលត្រូវព្យុះបក់បោក ដែលឥតត្រូវបានសម្រាលទុក្ខអើយ
មើល៍! យើងនឹងរៀបថ្មរបស់អ្នកឡើងដោយបាយអពណ៌ស្អាត
ហើយចាក់គ្រឹះអ្នកដោយត្បូងកណ្ដៀង។
12យើងនឹងសង់កំពូលកំពែងរបស់អ្នកពីត្បូងទទឹម
ហើយសង់ខ្លោងទ្វាររបស់អ្នកពីត្បូងបេរីល
ក៏នឹងសង់អស់ទាំងរបងការពាររបស់អ្នកពីត្បូងដ៏មានតម្លៃផង។
13រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា
ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។
14អ្នកនឹងត្រូវបានតាំងឡើងដោយសេចក្ដីសុចរិត
អ្នកនឹងនៅឆ្ងាយពីការសង្កត់សង្កិន
ដ្បិតអ្នកនឹងមិនភ័យខ្លាចឡើយ
ក៏នឹងនៅឆ្ងាយពីការបំភ័យ
ដ្បិតវានឹងមិនចូលមកជិតអ្នកឡើយ។
15ប្រសិនបើមានគេបង្កជម្លោះយ៉ាងខ្លាំង
នោះមិនមែនចេញមកពីយើងទេ;
អ្នកណាដែលបង្កជម្លោះទាស់នឹងអ្នក
អ្នកនោះនឹងដួលដោយព្រោះអ្នក។
16មើល៍! គឺយើងហើយ ដែលនិម្មិតបង្កើតជាងលោហៈដែលសប់ភ្លើងធ្យូង
ដើម្បីផលិតអាវុធសម្រាប់គោលបំណងរបស់វា;
គឺយើងហើយ ដែលនិម្មិតបង្កើតអ្នកបំផ្លាញសម្រាប់បំផ្លាញ។
17គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ
ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី
អ្នកនឹងផ្ដន្ទាទោសវាវិញ។
នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា
និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕
Currently Selected:
អេសាយ 54: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative