YouVersion Logo
Search Icon

អេសាយ 52

52
1ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ
ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​!
យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ
ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​!
ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង
ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។
2យេរូសាឡិម​អើយ ចូរ​រលាស់​ធូលី​ចេញ​ពី​ខ្លួន​!
ចូរ​ក្រោកឡើង ហើយ​អង្គុយ​!#52:2 យេរូសាឡិម​អើយ ចូរ​រលាស់​ធូលី​ចេញពីខ្លួន! ចូរ​ក្រោកឡើង ហើយអង្គុយ!―ឯកសារបុរាណខ្លះថា “យេរូសាឡិម​ជា​ឈ្លើយសឹក​អើយ ចូរ​រលាស់​ធូលី​ចេញពីខ្លួន ហើយ​ក្រោកឡើង!”។
កូនស្រី​ស៊ីយ៉ូន​ជា​ឈ្លើយសឹក​អើយ
ចូរ​ដោះ​ចំណង​ចេញ​ពី​ក​របស់អ្នក​!
3ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“អ្នករាល់គ្នា​ត្រូវបាន​លក់​ដោយ​ឥតគិតថ្លៃ
ក៏​ត្រូវបាន​ប្រោសលោះ​មិនមែន​ដោយ​ប្រាក់”។
4ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“ពីដំបូង​ប្រជារាស្ត្រ​របស់យើង​បាន​ចុះទៅ​អេហ្ស៊ីប ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ​;
ក្រោយមក ជនជាតិអាស្ស៊ីរី​បាន​សង្កត់សង្កិន​ពួកគេ​ដោយ​ឥតហេតុ​។
5ដូច្នេះ​ឥឡូវនេះ តើ​យើង​ត្រូវធើ្វ​អ្វី​នៅ​ទីនេះ​?”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
“ដែល​ប្រជារាស្ត្រ​របស់យើង​ត្រូវបាន​យកទៅ​ដោយ​ឥតគិតថ្លៃ
ពួក​មេគ្រប់គ្រង​របស់ពួកគេ​ក៏​ធ្វើឲ្យ​ពួកគេ​ទ្រហោយំ
ហើយ​នាម​របស់យើង​ត្រូវបាន​ប្រមាថ​ឥតឈប់ឈរ​វាល់ព្រឹកវាល់ល្ងាច”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
6“យ៉ាងណាមិញ ប្រជារាស្ត្រ​របស់យើង​នឹង​ស្គាល់​នាម​របស់យើង​។
ដូច្នេះ​នៅ​ថ្ងៃ​នោះ ពួកគេនឹងដឹង​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​បាន​និយាយ​។
មើល៍! គឺ​យើង​ហ្នឹងហើយ​!”។
7ជើង​របស់អ្នក​ដែល​ប្រកាសដំណឹងល្អ​លើ​ភ្នំ​នានា ស្រស់ស្អាត​ណាស់ហ្ន៎​!
អ្នកទាំងនោះជា​អ្នក​ប្រកាស​សេចក្ដីសុខសាន្ត
ជា​អ្នក​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ
ជា​អ្នក​ប្រកាស​សេចក្ដីសង្គ្រោះ
ជា​អ្នកដែល​និយាយ​នឹង​ស៊ីយ៉ូន​ថា​៖ “ព្រះ​របស់អ្នក​បាន​សោយរាជ្យ​ហើយ​!”។
8ន៏ សំឡេង​ពួក​អ្នកយាម​របស់អ្នក​!
ពួកគេ​បន្លឺ​សំឡេង​ឡើង
ពួកគេ​ច្រៀងដោយអំណរ​ជាមួយគ្នា
ពីព្រោះ​ពួកគេ​នឹង​ឃើញ​ផ្ទាល់ភ្នែក
នៅពេល​ព្រះយេហូវ៉ា​យាង​ត្រឡប់មក​ស៊ីយ៉ូន​វិញ​។
9ទីបាក់បែក​របស់​យេរូសាឡិម​អើយ
ចូរ​ហ៊ោកញ្ជ្រៀវ
ចូរ​ច្រៀងដោយអំណរ​ជាមួយគ្នា​ចុះ​!
ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ
ក៏​បាន​ប្រោសលោះ​យេរូសាឡិម​ហើយ​។
10ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​;
អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។
11ចាកចេញ​ទៅ​! ចាកចេញ​ទៅ​!
ចូរ​ចេញ​ពី​ទីនោះ​ទៅ
កុំ​ពាល់​របស់​សៅហ្មង​ឡើយ​!
អ្នកដែល​លើកសែង​ភាជនៈ​របស់​ព្រះយេហូវ៉ា​អើយ
ចូរ​ចេញ​ពី​កណ្ដាល​បាប៊ីឡូន​ទៅ
ចូរ​ជម្រះ​ខ្លួន​ចុះ​!
12យ៉ាងណាមិញ អ្នករាល់គ្នា​នឹង​មិន​ចេញទៅ​ដោយ​រួសរាន់​ទេ
ក៏​មិន​ទៅ​ដោយ​រត់គេច​ដែរ
ដ្បិត​ព្រះយេហូវ៉ា​នឹង​យាង​ទៅ​ខាងមុខ​អ្នករាល់គ្នា
ព្រះ​នៃ​អ៊ីស្រាអែល​នឹង​ការពារខាងក្រោយ​អ្នករាល់គ្នា​។
អ្នកបម្រើដែលរងការឈឺចាប់ ត្រូវបានលើកឡើង
13មើល៍! អ្នកបម្រើ​របស់យើង​នឹង​ប្រព្រឹត្តដោយប្រាជ្ញា
លោក​នឹង​ឡើងខ្ពស់ ហើយ​ត្រូវបាន​តម្កើងឡើង
ព្រមទាំង​ត្រូវបាន​លើកឲ្យខ្ពស់​យ៉ាងក្រៃលែង​។
14ដូចដែល​មនុស្ស​ជាច្រើន​បាន​ស្រឡាំងកាំង​នឹង​អ្នក​យ៉ាងណា
——​ដ្បិត​ភិនភាគ​របស់លោក​ខូចទ្រង់ទ្រាយ​ជាង​មនុស្ស​ធម្មតា
រូបរាង​របស់លោក​ក៏​ខូចទ្រង់ទ្រាយ​ជាង​មនុស្សជាតិ​——
15លោក​ក៏​នឹង​ប្រោះ​លើ​ប្រជាជាតិ​ជាច្រើន​យ៉ាងនោះដែរ​;
បណ្ដា​ស្ដេច​នឹង​បិទ​មាត់​របស់ខ្លួន​ដោយព្រោះ​លោក
ដ្បិត​អ្វីដែល​មិន​បាន​រៀបរាប់ប្រាប់​ដល់​ពួកគេ ពួកគេ​នឹង​ឃើញ
ហើយ​អ្វីដែល​ពួកគេ​មិនដែល​ឮ ពួកគេ​នឹង​យល់ច្បាស់​៕

Currently Selected:

អេសាយ 52: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in