YouVersion Logo
Search Icon

អេសាយ 51

51
សេចក្ដីសង្គ្រោះសម្រាប់ស៊ីយ៉ូន
1“អ្នករាល់គ្នា​ដែល​ដេញតាម​សេចក្ដីសុចរិត ហើយ​ស្វែងរក​ព្រះយេហូវ៉ា​អើយ
ចូរ​ស្ដាប់តាម​យើង​ចុះ​!
ចូរ​រំពឹងមើលទៅ​ថ្មដា​ដែល​អ្នករាល់គ្នា​ត្រូវបាន​ដាប់ចេញមក
ចូរ​រំពឹងមើលទៅ​កន្លែងយកថ្ម​ដែល​អ្នករាល់គ្នា​ត្រូវបាន​ជីកឡើងមក​។
2ចូរ​រំពឹងមើលទៅ​អ័ប្រាហាំ​ដូនតា​របស់អ្នករាល់គ្នា
និង​សារ៉ា​ដែល​បង្កើត​អ្នករាល់គ្នា​មក​។
យើង​បាន​ហៅ​អ័ប្រាហាំ​កាល​គាត់​មាន​តែម្នាក់ឯង
ក៏​ឲ្យពរ​គាត់ ហើយ​បង្កើនចំនួន​គាត់​ឡើង​។
3ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន
ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង
ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន
ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។
សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង
ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។
4ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ប្រុងស្ដាប់​យើង​ចុះ​!
ប្រជាជន​របស់យើង​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​យើង​ចុះ​!
ដ្បិត​ក្រឹត្យវិន័យ​មួយ​នឹង​ចេញ​ពី​យើង​ទៅ
ហើយ​យើង​នឹង​តាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ឡើង
ទុកជា​ពន្លឺ​ដល់​ជាតិសាសន៍​ទាំងឡាយ#51:4 ហើយយើង​នឹង​តាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់យើងឡើង ទុក​ជា​ពន្លឺ​ដល់ជាតិសាសន៍​ទាំងឡាយ―ឬ “ហើយសេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ជា​ពន្លឺ​ដល់ជាតិសាសន៍​ទាំងឡាយផង យើងនឹងធ្វើឲ្យការនោះកើតឡើងមួយរំពេច”។​។
5សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ
សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ
ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។
កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង
ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។
6ចូរ​ងើបភ្នែកឡើង​ទៅ​មេឃ
រួច​មើល​ចុះមក​ផែនដី​ខាងក្រោម​;
ដ្បិត​ផ្ទៃមេឃ​នឹង​បាត់ទៅ​ដូច​ផ្សែង
ហើយ​ផែនដី​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់
រីឯ​ពួកអ្នកដែល​រស់នៅ​ទីនោះ​នឹង​ស្លាប់​ទៅ​ដូច​សុច
ប៉ុន្តែ​សេចក្ដីសង្គ្រោះ​របស់យើង​មាននៅ​ជារៀងរហូត
ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​ក៏​នឹង​មិន​រលាយបាត់​ឡើយ​។
7ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌
ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ
ចូរ​ស្ដាប់តាម​យើង​ចុះ​!
កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ
ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។
8ដ្បិត​សត្វល្អិត​នឹង​ស៊ី​គេ​ដូចជា​សម្លៀកបំពាក់
ហើយ​ដង្កូវ​នឹង​ស៊ី​គេ​ដូចជា​រោមចៀម
ប៉ុន្តែ​សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​មាននៅ​ជារៀងរហូត
ហើយ​សេចក្ដីសង្គ្រោះ​របស់យើង​ក៏​មាននៅ​រហូតដល់​គ្រប់ជំនាន់”។
9តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ
សូម​បំពាក់​ឫទ្ធានុភាព​!
សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។
តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់#51:9 រ៉ាហាប់―គឺ “សត្វធំសម្បើមម្យ៉ាងនៃសមុទ្រ”។
ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?
10តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត
គឺ​ទឹក​នៃ​ទីជម្រៅ​ជ្រៅបំផុត
ដែល​ធ្វើឲ្យ​ជម្រៅ​សមុទ្រ​ទៅជា​ផ្លូវ
សម្រាប់​ពួកអ្នកដែល​ត្រូវបាន​ប្រោសលោះ​បាន​ដើរឆ្លងកាត់​?
11រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ
ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ
ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។
សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់
ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​។
12“យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។
តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់
និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ
13ក៏​ភ្លេច​ព្រះយេហូវ៉ា
ព្រះសូនបង្កើត​របស់អ្នក
ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង
ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច
ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ
នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​?
ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?
14អ្នកដែល​ជាប់ចំណង​នឹង​ត្រូវបាន​ដោះលែង​យ៉ាងឆាប់
ពួកគេ​នឹង​មិន​ស្លាប់ ហើយចុះ​ទៅក្នុង​រណ្ដៅមរណៈ​ឡើយ
ក៏​មិន​ខ្វះ​អាហារ​ដែរ​។
15ដ្បិត​យើង​ជា​យេហូវ៉ា​ព្រះ​របស់អ្នក ដែល​ធ្វើឲ្យ​សមុទ្រ​កក្រើកឡើង
នោះ​រលក​របស់វា​គ្រហឹមឡើង​។
ព្រះនាម​របស់ព្រះអង្គ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។
16យើង​បាន​ដាក់​ពាក្យ​របស់យើង​នៅក្នុង​មាត់​របស់អ្នក
ហើយ​បាន​គ្របបាំង​អ្នក​ដោយ​ម្លប់​នៃ​ដៃ​របស់យើង
ដើម្បី​តាំង​ផ្ទៃមេឃ​ឡើង ហើយ​ចាក់គ្រឹះ​ផែនដី
ព្រមទាំង​និយាយ​នឹង​ស៊ីយ៉ូន​ថា​: ‘អ្នក​ជា​ប្រជារាស្ត្រ​របស់យើង’”។
17ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! យេរូសាឡិម
ជា​អ្នកដែល​ផឹក​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា
គឺ​ពី​ពែង​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​អើយ
ចូរ​ក្រោកឡើង​!
អ្នក​បាន​ផឹក​ស្រូប​ដល់​កាក​ក្នុង​ពែង​នៃ​សេចក្ដីងេកងោក​ហើយ​។
18ក្នុងចំណោម​អស់ទាំង​កូនចៅ​ដែល​នាង​បាន​បង្កើត
គ្មានអ្នកណា​នាំផ្លូវ​នាង​ឡើយ​;
ក្នុងចំណោម​អស់ទាំង​កូនចៅ​ដែល​នាង​បាន​ចិញ្ចឹម
ក៏​គ្មានអ្នកណា​ដឹកដៃ​នាង​ដែរ​។
19សេចក្ដីទាំង​ពីរ​នេះ​បាន​កើតឡើង​ដល់​អ្នក​ហើយ
គឺ​ការបំផ្លាញ និង​ការអន្តរាយ
ទុរ្ភិក្ស និង​ដាវ​;
តើ​នរណា​នឹង​សម្ដែងការអាណិតអាសូរ​ដល់​អ្នក​?
តើ​យើង​នឹង​កម្សាន្តចិត្ត​អ្នក​តាមរយៈ​អ្នកណា​?
20កូនចៅ​របស់អ្នក​ខ្សោយល្វើយ
ហើយ​ដេក​នៅតាម​អស់ទាំង​ក្បាល​ផ្លូវ ដូចជា​សត្វកែះ​ជាប់​សំណាញ់​;
ពួកគេ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​ពី​ព្រះយេហូវ៉ា
គឺ​ការស្ដីបន្ទោស​ពី​ព្រះ​របស់អ្នក​។
21ដូច្នេះ អ្នកដែល​រងទុក្ខ ហើយ​ស្រវឹង ប៉ុន្តែ​មិនមែន​ដោយ​ស្រា​អើយ
ចូរ​ស្ដាប់​សេចក្ដីនេះ​ចុះ​!
22ព្រះយេហូវ៉ា ព្រះអម្ចាស់​របស់អ្នក
គឺ​ព្រះ​របស់អ្នក ដែល​កាន់ក្ដី​ឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ
មានបន្ទូល​ដូច្នេះ​ថា​៖
“មើល៍! យើង​បាន​យក​ពែង​នៃ​សេចក្ដីងេកងោក
គឺ​ពែង​នៃ​សេចក្ដីក្ដៅក្រហាយ​របស់យើង ចេញ​ពី​ដៃ​របស់អ្នក​ហើយ​!
អ្នក​នឹង​មិន​ផឹក​ពី​វា​ទៀត​ឡើយ​។
23យើង​នឹង​ដាក់​ពែងនោះ​នៅក្នុង​ដៃ​របស់​ពួកអ្នកដែល​ធ្វើទុក្ខ​អ្នក​វិញ
ជា​អ្នកដែល​បាន​និយាយ​ទៅ​ព្រលឹង​របស់អ្នក​ថា​: ‘ក្រាបចុះ​ដើម្បីឲ្យ​យើង​បាន​ឆ្លងទៅ​!’
ហើយ​អ្នក​បាន​ធ្វើឲ្យ​ខ្នង​របស់អ្នក​ដូចជា​ដី
គឺ​ដូចជា​ផ្លូវ​ឲ្យ​ពួកគេ​ឆ្លងទៅ”៕

Currently Selected:

អេសាយ 51: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in