អេសាយ 53
53
1តើនរណាបានជឿដំណឹងរបស់ពួកយើង?
តើព្រះពាហុរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងដល់នរណា?
2ដ្បិតលោកធំឡើងនៅចំពោះព្រះអង្គ ដូចជារុក្ខជាតិខ្ចី
ក៏ធំឡើងដូចជាឫសពីក្នុងដីហួតហែង;
លោកមិនមានរូបឆោម
ក៏គ្មានអានុភាពដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍នឹងលោកទេ
ហើយគ្មានសម្រស់ដែលធ្វើឲ្យពួកយើងប្រាថ្នាចង់បានលោកឡើយ។
3លោកត្រូវបានមើលងាយ ហើយត្រូវបានបដិសេធពីមនុស្ស
ក៏ជាមនុស្សនៃការឈឺចាប់ ហើយធ្លាប់ស្គាល់រោគា;
លោកត្រូវបានមើលងាយដូចជាអ្នកដែលលាក់មុខពីគេ
ហើយពួកយើងក៏មិនបានឲ្យតម្លៃលោកសោះ។
4ពិតមែនហើយ លោកបានផ្ទុករោគារបស់ពួកយើង
ហើយបានទទួលយកការឈឺចាប់របស់ពួកយើង
យ៉ាងណាមិញ ពួកយើងបានចាត់ទុកថា
លោកត្រូវបានដាក់ទោស ត្រូវព្រះវាយ និងត្រូវបានធ្វើទុក្ខ។
5តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង
លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។
ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក
ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។
6យើងទាំងអស់គ្នាបានវង្វេងដូចចៀម
ម្នាក់ៗបានបែរចេញទៅតាមផ្លូវរៀងៗខ្លួន
ប៉ុន្តែព្រះយេហូវ៉ាបានទម្លាក់សេចក្ដីទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើលោក។
7លោកត្រូវគេសង្កត់សង្កិន ក៏រងទុក្ខ
ប៉ុន្តែលោកមិនបានបើកមាត់សោះ;
ដូចដែលកូនចៀមត្រូវគេដឹកទៅសម្លាប់
ដូចដែលចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមវាយ៉ាងណា
លោកក៏មិនបានបើកមាត់យ៉ាងនោះដែរ។
8លោកត្រូវបានដកចេញដោយការសង្កត់សង្កិន និងដោយការកាត់ទោស។
តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក?
ដ្បិតលោកត្រូវបានកាត់ចេញពីស្ថានមនុស្សរស់ ហើយត្រូវគេវាយ
ដោយព្រោះការបំពានរបស់ប្រជាជនខ្ញុំ។
9ទោះបីជាលោកមិនដែលធ្វើអំពើហិង្សា
ហើយគ្មានសេចក្ដីបោកបញ្ឆោតនៅក្នុងមាត់របស់លោកក៏ដោយ
ក៏គេកំណត់ផ្នូរលោកឲ្យនៅក្នុងផ្នូរមនុស្សអាក្រក់ដែរ
យ៉ាងណាមិញ ក្នុងមរណភាពរបស់លោក ផ្នូរលោកនៅក្នុងផ្នូរអ្នកមានម្នាក់។
10ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក
ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។
កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស
លោកក៏នឹងឃើញពូជពង្សរបស់លោក
ហើយលោកនឹងធ្វើឲ្យអាយុលោកវែង;
សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
11ក្រោយពីទុក្ខវេទនានៃព្រលឹងរបស់លោក លោកនឹងឃើញពន្លឺ#53:11 ឯកសារបុរាណខ្លះគ្មាន “ពន្លឺ”។
នោះលោកនឹងស្កប់ចិត្តផង។
“អ្នកបម្រើដ៏សុចរិតរបស់យើង នឹងធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិតដោយការស្គាល់គាត់
ហើយគាត់នឹងផ្ទុកសេចក្ដីទុច្ចរិតរបស់ពួកគេ។
12ដោយហេតុនេះ យើងនឹងឲ្យគាត់មានចំណែកជាមួយពួកអ្នកធំ
ហើយគាត់នឹងចែកជ័យភណ្ឌជាមួយពួកមនុស្សខ្លាំងពូកែ
ពីព្រោះគាត់បានច្រូចព្រលឹងរបស់ខ្លួនចេញរហូតដល់មរណភាព។
គាត់ត្រូវគេរាប់បញ្ចូលជាមួយមនុស្សបំពាន
ប៉ុន្តែគាត់ផ្ទុកបាបរបស់មនុស្សជាច្រើន
ហើយបានទូលអង្វរជំនួសមនុស្សបំពានវិញ”៕
Currently Selected:
អេសាយ 53: GKHB
Highlight
Copy
Compare
Share
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative