YouVersion Logo
Search Icon

អេសាយ 50

50
1ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“លិខិតលែងលះ​របស់​ម្ដាយ​អ្នករាល់គ្នា​ដែល​យើង​បាន​បណ្ដេញ​នាង​ចេញ​នោះ តើ​នៅ​ឯណា​?
តើ​យើង​បាន​លក់​អ្នករាល់គ្នា​ទៅ​ម្ចាស់បំណុល​មួយណា​?
មើល៍! អ្នករាល់គ្នា​ត្រូវបាន​លក់​ទៅ
ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់អ្នករាល់គ្នា​ទេ
ហើយ​ម្ដាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បណ្ដេញចេញ
ក៏​ដោយព្រោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។
2កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​?
កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​?
តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​?
តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​?
មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង
យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន
នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។
3យើង​ស្លៀកពាក់ឲ្យ​ផ្ទៃមេឃ​ដោយ​ភាពខ្មៅងងឹត
ហើយ​យក​ក្រណាត់ធ្មៃ​ធ្វើជា​គម្រប​របស់វា”។
អ្នកបម្រើដែលស្ដាប់បង្គាប់
4ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​អណ្ដាត​របស់​អ្នកដែល​ទទួលការបង្រៀន
ដើម្បីឲ្យ​ខ្ញុំ​ចេះ​ជួយ​មនុស្ស​ល្វើយ ដោយ​ពាក្យសម្ដី​។
ព្រះអង្គ​ដាស់​ខ្ញុំ​ឡើង ពីមួយព្រឹកទៅមួយព្រឹក
គឺ​ព្រះអង្គ​ដាស់​ត្រចៀក​របស់​ខ្ញុំ
ដើម្បីឲ្យ​ស្ដាប់ ដូចជា​អ្នកដែល​ទទួលការបង្រៀន​។
5ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​បាន​បើក​ត្រចៀក​របស់​ខ្ញុំ
ហើយ​ខ្ញុំ​មិន​បាន​បះបោរ​ឡើយ ក៏មិន​បាន​បកក្រោយ​ដែរ​។
6ខ្ញុំ​បាន​ប្រគល់​ខ្នង​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​វាយ
ក៏​បាន​ប្រគល់​ថ្ពាល់​ខ្ញុំ​ទៅឲ្យ​ពួកអ្នកដែល​បោចពុកចង្កា​;
ខ្ញុំ​មិន​បាន​គេច​មុខ​ពី​ភាពអាប់យស និង​ការស្ដោះទឹកមាត់​ឡើយ​។
7ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ជួយ​ខ្ញុំ
ដោយហេតុនេះ​ខ្ញុំ​មិន​អៀនខ្មាស
ដោយហេតុនេះ​ខ្ញុំ​បាន​ធ្វើ​មុខ​ដូចជា​ថ្មដែកកេះ
ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាម៉ាស់មុខ​ឡើយ​។
8ព្រះអង្គដែល​បញ្ជាក់ថា​ខ្ញុំ​ឥតទោស ព្រះអង្គគង់​នៅជិត​;
តើ​នរណា​អាច​តតាំង​នឹង​ខ្ញុំ​បាន​?
ចូរឲ្យ​ពួកយើង​ឈរឡើង​ជាមួយគ្នា​!
តើ​នរណា​ជា​អ្នកចោទប្រកាន់​ខ្ញុំ​?
ចូរឲ្យ​អ្នកនោះ​ចូលមកជិត​ខ្ញុំ​!
9មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ជួយ​ខ្ញុំ
តើ​នរណា​អាច​ផ្ដន្ទាទោស​ខ្ញុំ​បាន​?
មើល៍! ពួកគេ​ទាំងអស់គ្នា​នឹង​ពុកផុយ​ដូច​សម្លៀកបំពាក់
ហើយ​សត្វល្អិត​នឹង​ស៊ីបំផ្លាញ​ពួកគេ​។
10ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា
ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​?
ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា
ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!
11មើល៍! អ្នកទាំងអស់គ្នា​ដែល​បង្កាត់​ភ្លើង
ជា​អ្នកដែល​ក្រវាត់​ខ្លួន​ដោយ​កន្ទុយអុស​អើយ
ចូរ​ដើរ​ក្នុង​ពន្លឺ​ភ្លើង​របស់អ្នករាល់គ្នា
និង​ក្នុង​កន្ទុយអុស​ដែល​អ្នករាល់គ្នា​បាន​បញ្ឆេះ​នោះ​ចុះ​!
ការនេះ​នឹង​បាន​ដល់​អ្នករាល់គ្នា ពី​ដៃ​របស់យើង
គឺ​អ្នករាល់គ្នា​នឹង​ដេក​ក្នុង​ទុក្ខវេទនា​៕

Currently Selected:

អេសាយ 50: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in