YouVersion Logo
Search Icon

អេសាយ 49

49
អ៊ីស្រាអែលអ្នកបម្រើរបស់ព្រះយេហូវ៉ា
1កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​!
ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​!
ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ
ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ#49:1 ព្រះអង្គបានលើកឡើងនូវឈ្មោះ​ខ្ញុំ―ឬ “ព្រះអង្គបានដាក់ឈ្មោះ​ខ្ញុំ”។​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។
2ព្រះអង្គ​បាន​ធ្វើឲ្យ​មាត់​របស់ខ្ញុំ​ដូចជា​ដាវ​ដ៏មុត
ក៏​បាន​លាក់​ខ្ញុំ​នៅក្រោម​ម្លប់​នៃ​ព្រះហស្ត​របស់ព្រះអង្គ
ហើយ​បាន​ធ្វើឲ្យ​ខ្ញុំ​ទៅជា​ព្រួញ​ដែល​ត្រូវបាន​សម្រួច
ព្រមទាំង​លាក់​ខ្ញុំ​នៅក្នុង​បំពង់ព្រួញ​របស់ព្រះអង្គ​។
3ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​៖ “អ្នក​ជា​អ្នកបម្រើ​របស់យើង
គឺ​អ៊ីស្រាអែល​ដែល​យើង​នឹង​ត្រូវបាន​លើកតម្កើងសិរីរុងរឿង​តាមរយៈ​អ្នក”។
4ប៉ុន្តែ​ខ្ញុំ​បាន​ពោលថា​៖ “ខ្ញុំ​បាន​នឿយហត់​ជា​ឥតប្រយោជន៍
ខ្ញុំ​បាន​បង់​កម្លាំង​របស់ខ្ញុំ​ជា​ឥតបានការ និង​ឥតប្រយោជន៍​;
យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌​របស់ខ្ញុំ​នៅជាមួយ​ព្រះយេហូវ៉ា
ហើយ​រង្វាន់​របស់ខ្ញុំ​ក៏​នៅជាមួយ​ព្រះ​របស់ខ្ញុំ​ដែរ”។
5ឥឡូវនេះ ព្រះយេហូវ៉ា​ជា​អ្នកដែល​សូន​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ​ឲ្យ​បានជា​បាវបម្រើ​របស់​ព្រះអង្គ
ដើម្បី​នាំ​យ៉ាកុប​មក​រក​ព្រះអង្គ​វិញ
និង​ដើម្បីឲ្យ​អ៊ីស្រាអែល​ត្រូវបាន​ប្រមូលមក​ឯ​ព្រះអង្គ
ព្រះអង្គ​មានបន្ទូល
——​ដ្បិត​ខ្ញុំ​ត្រូវបាន​លើកតម្កើង​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា
ហើយ​ព្រះ​របស់ខ្ញុំ​បានជា​កម្លាំង​របស់ខ្ញុំ​——
6គឺ​ព្រះអង្គ​មានបន្ទូលថា​៖
“ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង
ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ
ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​!
យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង
ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។
7ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល
ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ
បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ
ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម
ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖
“បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង
ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់
ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល
ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។
8ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ឆ្លើយ​នឹង​អ្នក​;
ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​។
យើង​នឹង​រក្សា​អ្នក ហើយ​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​បណ្ដាជន
ដើម្បី​ស្ដារ​ទឹកដី​នេះ​ឡើងវិញ
ដើម្បី​កាន់កាប់​មរតក​ដែល​ជា​ទីស្ងាត់ជ្រងំ
9ទាំង​និយាយ​នឹង​ពួកអ្នកដែល​ជាប់គុក​ថា​: ‘ចូរ​ចេញមក​!’
ក៏​និយាយ​នឹង​អ្នកដែល​នៅក្នុង​សេចក្ដីងងឹត​ថា​: ‘ចូរ​លេចមក​!’។
ពួកគេ​នឹង​ស៊ីស្មៅ​នៅតាម​ផ្លូវ
ហើយ​វាលស្មៅ​របស់ពួកគេ​នឹង​នៅលើ​អស់ទាំង​ទីទួលត្រងិល​។
10ពួកគេ​នឹង​មិន​ឃ្លាន ក៏​មិន​ស្រេក​ដែរ
រីឯ​កម្ដៅ និង​ព្រះអាទិត្យ​នឹង​មិន​ធ្វើទុក្ខ​ពួកគេ​ឡើយ
ដ្បិត​ព្រះដែល​អាណិតមេត្តា​ពួកគេ នឹង​ដឹកនាំ​ពួកគេ
ព្រះអង្គ​នឹង​នាំផ្លូវ​ពួកគេ​ដល់​ប្រភពទឹក​។
11យើង​នឹង​ធ្វើឲ្យ​អស់ទាំង​ភ្នំ​របស់យើង​ទៅជា​ផ្លូវ
ហើយ​មហាវិថី​របស់យើង​នឹង​ត្រូវបាន​លើកឡើង​។
12មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទីឆ្ងាយ​;
មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទិសខាងជើង និង​ពី​ទិសខាងលិច
ហើយ​អ្នកទាំងនេះ​ក៏​នឹង​មក​ពី​ដែនដី​ស៊ីនីម#49:12 ស៊ីនីម―ជាភាសាហេព្រើរ មានន័យថា “ចិន”។​ដែរ”។
13ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​!
ផែនដី​អើយ ចូរ​ត្រេកអរ​!
ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​!
ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ
ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។
ស៊ីយ៉ូនត្រូវបាននឹកចាំ
14ប៉ុន្តែ​ស៊ីយ៉ូន​ពោលថា​៖ “ព្រះយេហូវ៉ា​បាន​បោះបង់​ខ្ញុំ​ចោល
ព្រះអម្ចាស់​របស់ខ្ញុំ​បាន​ភ្លេច​ខ្ញុំ​ហើយ​!”។
15“តើ​មនុស្សស្រី​អាច​ភ្លេច​កូនដែលនៅបៅ​របស់នាង
ឥត​អាណិតអាសូរ​កូន​ដែលកើតពី​ផ្ទៃ​ខ្លួន​ឬ​?
ទោះបីជា​ពួកនាង​ភ្លេច​ក៏ដោយ ក៏​យើង​មិន​ភ្លេច​អ្នក​ឡើយ​។
16មើល៍! យើង​បាន​ចារឹក​អ្នក​នៅ​បាតដៃ​របស់យើង​ហើយ
កំពែង​របស់អ្នក​នៅចំពោះ​យើង​ជានិច្ច​។
17ពួក​អ្នកសាងសង់#49:17 អ្នកសាងសង់―ឯកសារបុរាណខ្លះថា “កូនចៅ”។​របស់អ្នក​នឹង​ប្រញាប់​មក#49:17 មក―ជាពាក្យជំនួយ។
ពួកដែល​បំផ្លាញ​អ្នក និង​ពួកដែល​កម្ទេច​អ្នក នឹង​ចាកចេញ​ពី​អ្នក​ទៅ​។
18ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​!
ពួកគេ​ទាំងអស់​ប្រមូលគ្នា​មករក​អ្នក”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖
“ដោយនូវ​ជីវិត​យើង អ្នក​នឹង​បាន​ប្រដាប់​ដោយ​ពួកគេ​ទាំងអស់គ្នា​ជាប្រាកដ ដូចជា​គ្រឿងអលង្ការ
ហើយ​តុបតែង​ខ្លួន​ដោយ​អ្នកទាំងនោះ ដូចជា​កូនក្រមុំ​។
19ដ្បិត​ទីបាក់បែក និង​ទីស្ងាត់ជ្រងំ ព្រមទាំង​ទឹកដី​ខូចបង់​របស់អ្នក
ឥឡូវនេះ​ពិតជា​ចង្អៀត​ណាស់​សម្រាប់​រស់នៅ
ហើយ​ពួកអ្នកដែល​លេប​អ្នក​នឹង​នៅឆ្ងាយ​ពីអ្នក​។
20ពួក​កូនចៅ​ដែលកើតដល់អ្នក#49:20 ដែលកើតដល់អ្នក―ជាពាក្យជំនួយ។​ក្នុងពេលដែល​អ្នក​បាត់បង់កូន
នឹង​និយាយ​ដាក់​ត្រចៀក​របស់អ្នក​ទៀត​ថា​:
‘កន្លែង​នេះ​ចង្អៀត​ពេក​ហើយ​សម្រាប់​ពួកយើង
សូម​រកទីអាស្រ័យ​ឲ្យ​ពួកយើង​រស់នៅ​ផង​!’។
21ពេលនោះ អ្នក​នឹង​និយាយ​ក្នុងចិត្ត​ថា​:
‘តើ​នរណា​បាន​បង្កើត​កូនទាំងនេះ​ឲ្យ​ខ្ញុំ​?
ដ្បិត​ខ្ញុំ​បាន​ព្រាត់កូន ហើយ​អារ
ក៏​ត្រូវបាន​ជម្លៀស ព្រមទាំង​ត្រូវបាន​ដេញចេញ​ផង
ដូច្នេះ​តើ​នរណា​បាន​ចិញ្ចឹម​កូនទាំងនេះ​?
មើល៍! ខ្ញុំ​ត្រូវបាន​ចោល​នៅតែម្នាក់ឯង
ចុះ​កូនទាំងនេះ​មកពី​ណា​?’”។
22ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“មើល៍! យើង​នឹង​លើក​ដៃ​ទៅ​ប្រជាជាតិ​នានា
ក៏​នឹង​លើក​ទង់សញ្ញា​របស់យើង​ឡើង​ដល់​ជាតិសាសន៍​ទាំងឡាយ
នោះ​ពួកគេ​នឹង​នាំ​ពួក​កូនប្រុស​របស់អ្នក​មក​ដោយ​នៅនឹង​ដើមទ្រូង
ហើយ​លី​ពួក​កូនស្រី​របស់អ្នក​នៅលើ​ស្មា​។
23ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក
ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​;
ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក
ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។
ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។
អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។
24តើ​អាច​យក​រំពា​ពី​មនុស្ស​ខ្លាំងពូកែ​វិញ​បាន​ឬ​?
តើ​អាច​រំដោះ​ឈ្លើយសឹក​ពី​មនុស្ស​កាចសាហាវ#49:24 មនុស្សកាចសាហាវ―ឯកសារបុរាណខ្លះថា “មនុស្សសុចរិត”។​បាន​ឬ​?
25យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖
“ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ
ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង
ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក
យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។
26យើង​នឹង​ធ្វើឲ្យ​ពួកអ្នកដែល​សង្កត់សង្កិន​អ្នក ស៊ី​សាច់​របស់ខ្លួនពួកគេ
ហើយ​ពួកគេ​នឹង​ស្រវឹង​ដោយ​ឈាម​របស់ខ្លួន
ដូចជា​ស្រវឹង​ដោយ​ស្រាទំពាំងបាយជូរថ្មី​។
ពេលនោះ គ្រប់ទាំង​សាច់​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា
ជា​ព្រះសង្គ្រោះ​របស់អ្នក
ជា​ព្រះប្រោសលោះ​របស់អ្នក
ជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប”៕

Currently Selected:

អេសាយ 49: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in