YouVersion Logo
Search Icon

អេសាយ 42

42
អ្នកបម្រើរបស់ព្រះយេហូវ៉ា
1“មើល៍! អ្នកបម្រើ​របស់យើង​ដែល​យើង​ទ្រទ្រង់
អ្នកដែលត្រូវបានជ្រើសរើស​របស់យើង ដែល​យើង​ពេញចិត្ត​។
យើង​បាន​ដាក់​វិញ្ញាណ​របស់យើង​លើ​គាត់
ហើយ​គាត់​នឹង​នាំមកនូវ​សេចក្ដីយុត្តិធម៌​ដល់​ប្រជាជាតិ​នានា​។
2គាត់​មិន​ស្រែកគំហក ឬ​បន្លឺសំឡេង​ឡើយ
ហើយក៏​គ្មានអ្នកណា​នឹង​ឮ​សំឡេង​របស់គាត់​នៅតាម​ផ្លូវ​ដែរ​។
3គាត់​នឹង​មិន​កាច់​ដើមត្រែង​ដែល​ទក់​ទេ
ហើយក៏​មិន​ពន្លត់​ប្រឆេះ​ដែល​ជិតរលត់​ដែរ​;
គាត់​នឹង​នាំ​សេចក្ដីយុត្តិធម៌​មក​ដោយ​សេចក្ដីពិតត្រង់​។
4គាត់​មិន​ចុះខ្សោយ ឬ​ធ្លាក់ទឹកចិត្ត​ឡើយ
រហូតទាល់តែ​បាន​ស្ថាបនា​សេចក្ដីយុត្តិធម៌​ឡើង​នៅលើ​ផែនដី
ហើយ​កោះ​ទាំងឡាយ​នឹង​រំពឹង​លើ​ក្រឹត្យវិន័យ​របស់គាត់”។
5ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ដែល​និម្មិតបង្កើត​ផ្ទៃមេឃ ហើយ​សន្ធឹង​វា
ជា​ព្រះដែល​លាត​ផែនដី និង​អ្វីដែលចេញមក​ពី​ទីនោះ
ជា​ព្រះដែល​ប្រទាន​ខ្យល់ដង្ហើម​ដល់​បណ្ដាជន​នៅលើ​ផែនដី
ហើយ​ប្រទាន​វិញ្ញាណ​ដល់​អ្នកដែល​ដើរ​នៅ​ទីនោះ
គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
6“គឺ​យើង​ជា​យេហូវ៉ា បាន​ហៅ​អ្នក​ក្នុង​សេចក្ដីសុចរិត
យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក​។
យើង​នឹង​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​ប្រជាជន
និង​ជា​ពន្លឺ​ដល់​ប្រជាជាតិ​នានា
7ដើម្បី​បើក​ភ្នែក​មនុស្ស​ខ្វាក់
ដើម្បី​នាំ​អ្នកទោស​ចេញ​ពី​គុក
និង​នាំ​ពួកអ្នកដែល​អង្គុយ​ក្នុង​សេចក្ដីងងឹត​ចេញ​ពី​ទីឃុំឃាំង​។
8គឺ​យើង​ហើយ ជា​យេហូវ៉ា នេះ​ជា​នាម​របស់យើង​។
យើង​មិន​ប្រគល់​សិរីរុងរឿង​របស់យើង​ដល់​អ្នកដទៃ
ក៏​មិន​ប្រគល់​សេចក្ដីសរសើរតម្កើង​របស់យើង​ដល់​រូបឆ្លាក់​ឡើយ​។
9មើល៍! ការ​ពីមុន​បាន​សម្រេច​ហើយ
ហើយ​យើង​នឹង​ប្រកាស​ការថ្មី​។
យើង​នឹង​តំណាលឲ្យ​អ្នករាល់គ្នា​ស្ដាប់ មុន​ការទាំងនោះ​លេចឡើង”។
ចម្រៀងសរសើរតម្កើង
10ពួកអ្នកដែល​ចុះទៅ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ
ព្រមទាំង​កោះ និង​ពួកអ្នក​រស់នៅ​ទីនោះ​អើយ
ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា
ចូរ​ច្រៀង​ចម្រៀងសរសើរតម្កើង​ដល់​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​!
11ចូរឲ្យ​ទីរហោស្ថាន និង​ទីក្រុង​ទាំងឡាយ​ក្នុង​នោះ
គឺ​ភូមិ​នានា​ដែល​ជនជាតិកេដារ​រស់នៅ បន្លឺសំឡេងឡើង​!
ចូរឲ្យ​អ្នកដែល​រស់នៅ​សិឡា​ច្រៀងដោយអំណរ
ចូរឲ្យ​ពួកគេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ​!
12ចូរឲ្យ​ពួកគេ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះយេហូវ៉ា
ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​នៅតាម​កោះ​នានា​!
13ព្រះយេហូវ៉ា​នឹង​យាង​ចេញទៅ ដូច​មនុស្ស​ខ្លាំងពូកែ
ព្រះអង្គ​នឹង​បណ្ដាល​ព្រះហឫទ័យឆេះឆួល​ឡើង ដូច​អ្នកចម្បាំង​;
ព្រះអង្គ​នឹង​ស្រែកឡើង
មែនហើយ ព្រះអង្គ​នឹង​ស្រែកយ៉ាងខ្លាំង
ហើយ​មានជ័យជម្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​។
14“យើង​បាន​នៅស្ងៀម​ជាយូរមកហើយ
យើង​បាន​រក្សាភាពស្ងៀមស្ងាត់ ហើយ​ទប់ចិត្ត​។
ប៉ុន្តែឥឡូវនេះ យើង​នឹង​ស្រែកឡើង​ដូច​ស្ត្រី​សម្រាលកូន
យើង​នឹង​ដង្ហក់ ហើយ​ត្រដរខ្យល់​ផង​។
15យើង​នឹង​ធ្វើឲ្យ​ភ្នំ និង​ទីទួល​ទៅជាស្ងាត់ជ្រងំ
ហើយ​ធ្វើឲ្យ​អស់ទាំង​រុក្ខជាតិ​នៅ​ទីនោះ​ក្រៀមស្វិត​ទៅ​;
យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​ទៅជា​កោះ
ហើយ​ធ្វើឲ្យ​ស្រះ​នានា​រីងស្ងួត​ដែរ​។
16យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់
យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។
យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ
ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។
គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ
យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។
17រីឯ​ពួកអ្នកដែល​ទុកចិត្តលើ​រូបឆ្លាក់
ហើយ​និយាយ​ទៅកាន់​រូបសិត​ថា​: ‘ពួកព្រះអង្គ​ជា​ព្រះ​នៃយើងខ្ញុំ’
អ្នកទាំងនោះ​នឹង​ថយទៅវិញ
ហើយ​អាម៉ាស់មុខយ៉ាងខ្លាំង”។
អ៊ីស្រាអែលខ្វាក់ និងថ្លង់
18“មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ចុះ​!
មនុស្ស​ខ្វាក់ភ្នែក​អើយ ចូរ​ប្រឹងមើល ដើម្បីឲ្យ​បាន​ឃើញ​ចុះ​!
19តើ​នរណា​ខ្វាក់ភ្នែក ក្រៅពី​អ្នកបម្រើ​របស់យើង​?
តើ​នរណា​ថ្លង់​ដូច​អ្នកនាំសារ​ដែល​យើង​បាន​ចាត់​?
តើ​នរណា​ខ្វាក់ភ្នែក​ដូច​អ្នកដែល​មានមេត្រី​នឹងយើង#42:19 នឹងយើង―ជាពាក្យជំនួយ។
ឬ​ខ្វាក់ភ្នែក​ដូច​បាវបម្រើ​របស់​ព្រះយេហូវ៉ា​?
20អ្នក​បាន​ឃើញ​ការ​ជាច្រើន ប៉ុន្តែ​មិន​យកចិត្តទុកដាក់​ទេ
ត្រចៀក​នៅចំហ ប៉ុន្តែ​ស្ដាប់មិនឮសោះ”។
21ព្រះយេហូវ៉ា​បាន​សព្វព្រះហឫទ័យ​នឹង​លើកស្ទួយ​ក្រឹត្យវិន័យ
ព្រមទាំង​លើកតម្កើងសិរីរុងរឿង
ដោយយល់ដល់​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។
22ប៉ុន្តែ​នេះ​ជា​ប្រជាជន​ដែល​ត្រូវគេ​ប្លន់ និង​រឹបជាន់យក​;
ពួកគេ​ទាំងអស់គ្នា​ជាប់អន្ទាក់​នៅក្នុង​រូង
ហើយ​ត្រូវបាន​លាក់ទុក​ក្នុង​ទីឃុំឃាំង​;
ពួកគេ​បាន​ទៅជា​រំពា គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ
ក៏​បាន​ទៅជា​ជ័យភណ្ឌ​ដែល​គ្មានអ្នកណា​ថា​៖ “ចូរ​ប្រគល់ទៅវិញ” នោះ​ឡើយ​។
23តើ​នរណា​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​ផ្ទៀងត្រចៀក​នឹង​សេចក្ដីនេះ
ក៏​នឹង​យកចិត្តទុកដាក់ ហើយ​ស្ដាប់​សម្រាប់​ថ្ងៃខាងមុខ​?
24តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ឲ្យទៅជា​ជ័យភណ្ឌ
ហើយ​ប្រគល់​អ៊ីស្រាអែល​ទៅ​ពួកអ្នក​រឹបជាន់​?
តើ​មិនមែន​ព្រះយេហូវ៉ា​ទេ​ឬ
ដែល​យើងរាល់គ្នា​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ
ក៏​មិន​ព្រម​ដើរតាម​មាគ៌ា​របស់ព្រះអង្គ
ហើយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​?
25ដូច្នេះ ព្រះអង្គ​បាន​ចាក់​ភ្លើង​នៃ​ព្រះពិរោធ​របស់ព្រះអង្គ
និង​សង្គ្រាម​ដ៏កាចសាហាវ ទៅលើ​អ៊ីស្រាអែល​;
ភ្លើងនោះ​បាន​បញ្ឆេះ​ពួកគេ​នៅ​ជុំវិញ ប៉ុន្តែ​ពួកគេ​មិន​យល់
ភ្លើងនោះ​បាន​ដុត​ពួកគេ ប៉ុន្តែ​ពួកគេ​មិន​យកចិត្តទុកដាក់​ឡើយ​៕

Currently Selected:

អេសាយ 42: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in