YouVersion Logo
Search Icon

អេសាយ 43

43
ព្រះទ្រង់ប្រោសលោះអ៊ីស្រាអែល
1យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក
អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក
ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
“កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​;
យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​;
អ្នក​ជារបស់​យើង​ហើយ​!
2នៅពេល​អ្នក​ឆ្លងកាត់​ទឹក យើង​នៅជាមួយ​អ្នក​;
នៅពេល​អ្នក​ឆ្លងកាត់​ទន្លេ វា​នឹង​មិន​ជន់លិច​អ្នក​;
នៅពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក
ហើយ​អណ្ដាតភ្លើង​ក៏​មិន​ឆេះ​អ្នក​ដែរ​។
3ដ្បិត​យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក
យើងជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល គឺជា​ព្រះសង្គ្រោះ​របស់អ្នក​។
យើង​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃលោះ​របស់អ្នក
ព្រមទាំង​ប្រគល់​អេត្យូពី និង​សាបា​ជំនួស​អ្នក​ផង​។
4ដោយព្រោះ​អ្នក​មានតម្លៃ និង​មានកិត្តិយស​ក្នុង​ភ្នែក​របស់យើង
ហើយ​យើង​ស្រឡាញ់​អ្នក
ដូច្នេះ​យើង​នឹង​ប្រគល់​មនុស្សដទៃ​ជំនួស​អ្នក
ក៏​នឹង​ប្រគល់​ជាតិសាសន៍​នានា​ជំនួស​ជីវិត​របស់អ្នក​ដែរ​។
5កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។
យើង​នឹង​នាំ​ពូជពង្ស​របស់អ្នក​មក​ពី​ទិសខាងកើត
ហើយ​ប្រមូល​អ្នក​មក​ពី​ទិសខាងលិច​។
6យើង​នឹង​បង្គាប់​ទិសខាងជើង​ថា​: ‘ចូរ​ប្រគល់​មក៍​!’
ក៏​បង្គាប់​ទិសខាងត្បូង​ថា​: ‘កុំ​ឃាត់ទុក​ឡើយ​!’។
ចូរ​នាំ​ពួក​កូនប្រុស​របស់យើង​មក​ពី​ទីឆ្ងាយ
ចូរ​នាំ​ពួក​កូនស្រី​របស់យើង​មក​ពី​ចុងបំផុត​នៃ​ផែនដី
7គឺ​អស់អ្នក​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង
និង​អ្នកដែល​យើង​បាន​និម្មិតបង្កើត​សម្រាប់​សិរីរុងរឿង​របស់យើង
ជា​អ្នកដែល​យើង​បាន​សូន ក៏​បាន​បង្កើត​ពួកគេ​ឡើង”។
8ចូរ​នាំ​ប្រជាជន​ដែល​ខ្វាក់ ប៉ុន្តែ​មាន​ភ្នែក
ក៏​ថ្លង់ ប៉ុន្តែ​មាន​ត្រចៀក ចេញមក​!
9ចូរឲ្យ​អស់ទាំង​ប្រជាជាតិ​ជួបជុំ​គ្នា
ចូរឲ្យ​ជាតិសាសន៍​នានា​ប្រមូលគ្នា​ចុះ​!
តើ​នរណា​ក្នុងចំណោម​ព្រះទាំងនោះ#43:9 ព្រះទាំងនោះ―ន័យត្រង់គឺ “ពួកគេ”។​អាច​ថ្លែង​ការនេះ
គឺ​អាច​តំណាលឲ្យ​យើង​ស្ដាប់​នូវអ្វីដែលកើតឡើង​ពីមុន​បាន​?
ចូរ​នាំ​សាក្សី​របស់ពួកវា​មក ដើម្បី​បញ្ជាក់ថា​ខ្លួន​ឥតទោស​!
ចូរ​តំណាលឲ្យ​គេ​ស្ដាប់ ហើយ​ឲ្យ​គេ​និយាយថា​៖ “ពិតមែន” ចុះ​។
10នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖
“អ្នករាល់គ្នា​ជា​សាក្សី​របស់យើង និង​ជា​អ្នកបម្រើ​របស់យើង​ដែល​យើង​បាន​ជ្រើសរើស
ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់ និង​ជឿលើ​យើង
ព្រមទាំង​ដើម្បីឲ្យ​យល់ច្បាស់​ថា គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​;
មុន​យើង គ្មាន​ព្រះ​ណា​ត្រូវបាន​សូនឡើង​ទេ
ហើយ​ក្រោយ​យើង ក៏​មិន​មាន​ដែរ​។
11យើង គឺ​យើង​ហ្នឹងហើយ ជា​យេហូវ៉ា​;
គ្មាន​ព្រះសង្គ្រោះ​ណា​ក្រៅពី​យើង​ឡើយ​។
12គឺ​យើង​បាន​ប្រកាស បាន​សង្គ្រោះ ហើយ​បាន​ថ្លែងថា
គ្មាន​ព្រះ​ដទៃ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ​។
អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​!”។
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “គឺ​យើង​ហ្នឹងហើយ ជា​ព្រះ​។
13មែនហើយ តាំងពី​មាន​ថ្ងៃ គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ
គ្មានអ្នកណា​អាច​រំដោះឲ្យរួច​ពី​កណ្ដាប់ដៃ​របស់យើង​បាន​ឡើយ​។
ពេល​យើង​ធ្វើ តើ​នរណា​អាច​បង្វែរ​បាន​?”។
សេចក្ដីសង្គ្រោះរបស់ព្រះចំពោះការបះបោររបស់អ៊ីស្រាអែល
14ព្រះយេហូវ៉ា​ជា​ព្រះប្រោសលោះ​របស់អ្នករាល់គ្នា
ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល មានបន្ទូល​ដូច្នេះ​ថា​៖
“ដោយយល់ដល់​អ្នករាល់គ្នា យើង​នឹង​ចាត់​គេ​ឲ្យទៅ​បាប៊ីឡូន
ហើយ​នាំ​ពួកគេ​ទាំងអស់​ចុះមក​ជា​ជនភៀសខ្លួន
គឺ​នាំ​ជនជាតិខាល់ដេ​ចុះមក​តាម​នាវា​ដែលជា​ទីអរសប្បាយ​របស់ពួកគេ#43:14 ហើយ​នាំពួកគេទាំងអស់ចុះមក​ជាជនភៀសខ្លួន គឺនាំជនជាតិខាល់ដេចុះមកតាម​នាវាដែល​ជា​ទីអរសប្បាយ​របស់ពួក​គេ―ឬ “ហើយបំបាក់រនុករបស់នាង នោះសម្រែកហ៊ោសប្បាយរបស់ជនជាតិខាល់ដេនឹងក្លាយទៅជាទំនួញវិញ”។​។
15យើង​ជា​យេហូវ៉ា
ជា​អង្គ​ដ៏វិសុទ្ធ​របស់អ្នករាល់គ្នា
ជា​អាទិករ​នៃ​អ៊ីស្រាអែល
ជា​ស្ដេច​របស់អ្នករាល់គ្នា”។
16ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ផ្លូវ​ក្នុង​សមុទ្រ
ដែល​ធ្វើឲ្យមាន​គន្លង​ក្នុង​ទឹក​ដ៏ច្រើន
17ដែល​នាំ​រទេះចម្បាំង និង​សេះ​ចេញមក
ព្រមទាំង​កងទ័ព និង​មនុស្ស​ខ្លាំងពូកែ
(​ពួកគេ​នឹង​ដេក​ទាំងអស់គ្នា មិន​ក្រោកឡើង​ទៀតឡើយ​;
ពួកគេ​នឹង​សាបសូន្យ​ទៅ ហើយ​រលត់​ដូចជា​ប្រឆេះ​)
គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖
18“កុំ​នឹកចាំ​អំពី​ការ​ពីមុន​ឡើយ
ក៏​កុំ​រិះគិត​អំពី​ការ​ពីបុរាណ​ដែរ​។
19មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​;
ឥឡូវនេះ វា​នឹង​លេចឡើង​!
តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​?
យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន
យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។
20សត្វព្រៃនៃទីវាល​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង
គឺ​ទាំង​ឆ្កែព្រៃ និង​អូទ្រីស
ពីព្រោះ​យើង​បាន​ផ្ដល់​ទឹក​នៅ​ទីរហោស្ថាន
ក៏​បាន​ផ្ដល់​ទន្លេ​នៅ​វាលខ្សាច់
ដើម្បីឲ្យ​ប្រជារាស្ត្រ​របស់យើង​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង បាន​ផឹក​ផង
21ជា​ប្រជារាស្ត្រ​ដែល​យើង​បាន​សូន​សម្រាប់​ខ្លួនយើង
ដើម្បីឲ្យ​ពួកគេ​ថ្លែង​សេចក្ដីសរសើរតម្កើង​ដល់​យើង​។
22យ៉ាងណាមិញ យ៉ាកុប​អើយ អ្នក​មិន​បាន​ស្រែកហៅ​យើង​ទេ
ផ្ទុយទៅវិញ អ៊ីស្រាអែល​អើយ អ្នក​បាន​នឿយណាយ​នឹង​យើង​!
23អ្នក​មិន​បាន​នាំ​ចៀម​នៃ​តង្វាយដុត​របស់អ្នក​មក​ថ្វាយ​យើង​ទេ
ក៏​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់​យើង​ដោយ​យញ្ញបូជា​របស់អ្នក​ដែរ​!
យើង​មិន​បាន​ដាក់បន្ទុក​លើ​អ្នក​ដោយ​តង្វាយធញ្ញជាតិ​ទេ
ក៏​មិន​បាន​ធ្វើឲ្យ​អ្នក​នឿយហត់​ដោយ​កំញាន​ដែរ​។
24អ្នក​មិន​បាន​ទិញ​កំពាន​ដោយ​ប្រាក់​ថ្វាយ​យើង​ទេ
ក៏​មិន​បាន​ចម្អែត​យើង​ដោយ​ខ្លាញ់​នៃ​យញ្ញបូជា​របស់អ្នក​ដែរ
ផ្ទុយទៅវិញ អ្នក​បាន​ដាក់បន្ទុក​លើ​យើង​ដោយ​បាប​របស់អ្នក
ទាំង​ធ្វើឲ្យ​យើង​នឿយហត់​ដោយ​អំពើទុច្ចរិត​របស់អ្នក​។
25យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ
ដែល​លុប​ការបំពាន​របស់អ្នក​ចេញ​ដោយយល់ដល់​ខ្លួនយើង
ហើយ​យើង​នឹង​មិន​នឹកចាំ​បាប​របស់អ្នក​ទៀតឡើយ​។
26ចូរ​រំលឹក​យើង​ចុះ ចូរឲ្យ​យើង​តវ៉ាក្ដី​ជាមួយគ្នា​!
ចូរ​រៀបរាប់រឿងក្ដី​របស់អ្នក​មក៍
ដើម្បីឲ្យ​អ្នក​ត្រូវបាន​បញ្ជាក់ថាឥតទោស​។
27ឪពុក​ដើម​របស់អ្នក​បាន​ប្រព្រឹត្តបាប
ពួក​អ្នកកណ្ដាល​របស់អ្នក​បាន​បះបោរ​ទាស់នឹង​យើង​។
28ដូច្នេះ យើង​បាន​បន្ទាបបន្ថោក​ពួក​មេដឹកនាំ​នៃ​ទីវិសុទ្ធ
ហើយ​បាន​ប្រគល់​យ៉ាកុប​ទៅ​ការញែកចេញបំផ្លាញ
ក៏​បាន​ប្រគល់​អ៊ីស្រាអែល​ទៅ​ការត្មះតិះដៀល”៕

Currently Selected:

អេសាយ 43: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in