YouVersion Logo
Search Icon

អេសាយ 41

41
ព្រះយេហូវ៉ាផ្ចាញ់ផ្ចាលបណ្ដាព្រះក្លែងក្លាយ
1“កោះ​ទាំងឡាយ​អើយ ចូរ​នៅស្ងៀម​នៅមុខ​យើង​ចុះ​!
ជាតិសាសន៍​នានា​អើយ ចូរ​មាន​កម្លាំង​ជាថ្មី​!
ចូរឲ្យ​គេ​ចូលមកជិត រួច​ឲ្យ​គេ​និយាយ​ចុះ​!
ចូរឲ្យ​ពួកយើង​ចូលទៅ​ជាមួយគ្នា​សម្រាប់​ការកាត់ក្ដី​។
2តើ​នរណា​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងកើត
ជា​អ្នកដែល​ព្រះអង្គ​ហៅ​ដោយ​សេចក្ដីសុចរិត​មក​ទៀប​ព្រះបាទា​របស់ព្រះអង្គ​?
ព្រះអង្គ​ទ្រង់​ប្រគល់​ប្រជាជាតិ​ទាំងឡាយ​នៅចំពោះ​អ្នកនោះ
ក៏​ឲ្យ​បង្ក្រាប​ស្ដេច​នានា​ផង​។
អ្នកនោះ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ធូលី​ដោយ​ដាវ​របស់ខ្លួន
ហើយ​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ចំបើង​ដែល​ផាត់បាត់ទៅ​ដោយ​ធ្នូ​របស់ខ្លួន​។
3អ្នកនោះ​ដេញចាប់​ពួកគេ
ក៏​ទៅហួស​ដោយ​សុវត្ថិភាព តាម​ផ្លូវ​ដែល​ជើង​របស់ខ្លួន​មិនដែល​ជាន់​។
4តើ​នរណា​បាន​ប្រព្រឹត្ត និង​បាន​ធ្វើ​ការនេះ
ទាំង​ហៅ​ទៅកាន់​ជំនាន់​ទាំងឡាយ​តាំងពី​ដើមដំបូង​?
គឺ​យើង​ជា​យេហូវ៉ា​ដែលជា​ដើម ហើយក៏​នៅជាមួយនឹង​ចុង​ដែរ
គឺ​យើង​ហ្នឹងហើយ​ជា​ព្រះអង្គនោះ”។
5កោះ​ទាំងឡាយ​បាន​ឃើញ ក៏​ភ័យខ្លាច
ចុងបំផុត​នៃ​ផែនដី​ក៏​ញ័ររន្ធត់​;
ពួកវា​ចូលមកជិត ក៏​មក​ដល់​។
6ម្នាក់ៗ​ជួយ​អ្នកជិតខាង​របស់ខ្លួន
ហើយ​និយាយ​នឹង​បងប្អូន​របស់ខ្លួន​ថា​៖ “ចូរ​មានកម្លាំងឡើង​!”។
7សិប្បករ​ក៏​លើកទឹកចិត្ត​ជាងទង
អ្នកដែល​ផែ​ដោយ​ញញួរ
ក៏​លើកទឹកចិត្ត​អ្នកដែល​ដំ​ដែកទ្រនាប់ ដោយ​និយាយ​អំពី​ការផ្សារ​ថា​៖ “នេះ​ល្អ​ហើយ​!”
ព្រមទាំង​វាយភ្ជាប់​ដោយ​ដែកគោល​មិនឲ្យ​រង្គើចេញ​ឡើយ​។
8រីឯ​អ្នក​វិញ អ៊ីស្រាអែល​អ្នកបម្រើ​របស់យើង​អើយ​!
យ៉ាកុប​ដែល​យើង​បាន​ជ្រើសរើស
ជា​ពូជពង្ស​របស់​អ័ប្រាហាំ​មិត្តសម្លាញ់​របស់យើង​អើយ​!
9គឺ​អ្នក​ហើយ ដែល​យើង​បាន​យក​ពី​ចុងបំផុត​នៃ​ផែនដី
ជាអ្នកដែល​យើង​បាន​ហៅមក​ពី​ទីឆ្ងាយបំផុត
ដោយ​និយាយ​នឹង​អ្នក​ថា​៖ “អ្នក​ជា​អ្នកបម្រើ​របស់យើង
យើង​បាន​ជ្រើសរើស​អ្នក ហើយ​មិន​បាន​បោះបង់ចោល​អ្នក​ទេ”។
10កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​;
កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។
យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ
យើង​នឹង​ជួយ​អ្នក​ជាប្រាកដ
យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។
11មើល៍!
អស់អ្នក​ដែល​ក្ដៅក្រហាយ​ទាស់នឹង​អ្នក នឹង​អាម៉ាស់មុខ ហើយ​អៀនខ្មាស
មនុស្ស​ដែល​តតាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ ហើយ​វិនាស​ទៅ​។
12អ្នក​នឹង​ស្វែងរក​ពួកគេ គឺ​ពួក​មនុស្ស​ដែល​តតាំង​នឹង​អ្នក
ប៉ុន្តែ​រក​ពួកគេ​មិនឃើញឡើយ
ពួក​មនុស្ស​ដែល​ច្បាំង​នឹង​អ្នក នឹង​បាន​ដូចជា​ភាពទទេ
ហើយ​ដូចជា​គ្មាន​ផង​។
13ដ្បិត​យើង​គឺ​យេហូវ៉ា ជា​ព្រះ​របស់អ្នក
យើង​នឹង​កាន់​ដៃស្ដាំ​របស់អ្នក ទាំង​និយាយ​នឹង​អ្នក​ថា​៖
“កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក”។
14យ៉ាកុប​ជា​ដង្កូវ​អើយ មនុស្ស​នៃ​អ៊ីស្រាអែល​អើយ
កុំ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក​!
ព្រះប្រោសលោះ​របស់អ្នក​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​!
នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។
15មើល៍!
យើង​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ក្ដារបញ្ជាន់​ដ៏ថ្មី ហើយ​មុត ដែល​មាន​ធ្មេញ​ច្រើន​។
អ្នក​នឹង​បញ្ជាន់​ភ្នំ​ទាំងឡាយ ហើយ​កិន​ពួកវា​ម៉ដ្ដ
ក៏​នឹង​ធ្វើឲ្យ​ទីទួល​នានា​បាន​ដូចជា​អង្កាម​ផង​។
16អ្នក​នឹង​អុំ​ពួកវា​ចេញ ហើយ​ខ្យល់​នឹង​ផាត់​ពួកវា​ទៅ
ខ្យល់ព្យុះ​ក៏​នឹង​កម្ចាត់កម្ចាយ​ពួកវា​ទៅ​ដែរ
រីឯ​អ្នក​វិញ អ្នក​នឹង​ត្រេកអរ​ក្នុង​ព្រះយេហូវ៉ា
អ្នក​នឹង​អួត​ក្នុង​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។
17មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​នឹង​ស្វែងរក​ទឹក ប៉ុន្តែ​គ្មានសោះ
អណ្ដាត​របស់ពួកគេ​ស្ងួត​ទៅ​ដោយព្រោះ​ការស្រេកទឹក​។
យើង​ជា​យេហូវ៉ា យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ
យើងជា​ព្រះ​នៃ​អ៊ីស្រាអែល យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។
18យើង​នឹង​បើកឲ្យមាន​ទន្លេ​នៅលើ​ទីទួលត្រងិល
ក៏​នឹង​បើកឲ្យមាន​រន្ធទឹក​នៅកណ្ដាល​ជ្រលងភ្នំ
យើង​នឹង​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក
ក៏​នឹង​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។
19យើង​នឹង​ដាក់​ដើមស៊ីដា ដើមអាកាស្យា ដើមមឺថល និង​ដើម​អូលីវ​នៅ​ទីរហោស្ថាន
យើង​នឹង​ដាក់​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ​ជាមួយគ្នា​នៅ​វាលខ្សាច់
20ដើម្បីឲ្យ​គេ​បាន​ឃើញ និង​ដឹង
ព្រមទាំង​ពិចារណា ហើយ​ចាប់ភ្លឹក​ជាមួយគ្នា​ថា
ព្រះហស្ត​របស់​ព្រះយេហូវ៉ា​បាន​ធ្វើ​ការនេះ
ហើយ​ថា អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​បាន​និម្មិតបង្កើត​ការនេះ​។
21ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ចូរ​បង្ហាញ​រឿងក្ដី​របស់អ្នករាល់គ្នា​មក៍​!”។
ព្រះមហាក្សត្រ​នៃ​យ៉ាកុប​មានបន្ទូលថា​៖ “ចូរ​នាំ​ភស្តុតាង​របស់អ្នករាល់គ្នា​មក៍​!”។
22ចូរឲ្យ​ពួកគេ​នាំ​សេចក្ដីទាំងនោះ​មក
ហើយ​ប្រាប់​ពួកយើង​អំពី​អ្វីដែល​នឹង​កើតឡើង​។
ចូរ​ប្រាប់​អំពីការ​ពីមុន​ថាតើ​វា​ជា​យ៉ាងណា
ដើម្បីឲ្យ​ពួកយើង​បាន​ពិចារណា ឲ្យ​ដឹង​ចុងបញ្ចប់​នៃ​ការទាំងនោះ
ឬ​ចូរ​ប្រកាស​ដល់​ពួកយើង​នូវអ្វី​ដែល​នឹង​មកដល់​ចុះ​។
23ចូរ​ប្រាប់​អំពីអ្វី​ដែល​នឹង​មកដល់​នៅ​ពេលក្រោយ
ដើម្បីឲ្យ​ពួកយើង​ដឹង​ថា​អ្នករាល់គ្នា​ជា​ព្រះ​!
មែនហើយ ចូរ​ធ្វើល្អ ឬ​ធ្វើអាក្រក់
ដើម្បីឲ្យ​ពួកយើង​ភ្ញាក់ផ្អើល ហើយ​ស្រឡាំងកាំង​ជាមួយគ្នា​។
24មើល៍! អ្នករាល់គ្នា​គ្មានតម្លៃ​សោះ
ហើយ​កិច្ចការ​របស់អ្នករាល់គ្នា​ក៏​អន់ជាង​គ្មានតម្លៃ​ទៅទៀត​;
អ្នកណាក៏ដោយ​ដែល​ជ្រើសរើស​អ្នករាល់គ្នា គឺជា​ទីស្អប់ខ្ពើម​!
25យើង​បាន​ដាស់​ម្នាក់​ឡើង​ពី​ទិសខាងជើង ហើយ​អ្នកនោះ​ក៏​មក​។
អ្នកនោះ​ស្រែកហៅ​នាម​របស់យើង​ពី​តំបន់ថ្ងៃរះ
ហើយ​ជាន់​ពួក​អ្នកដឹកនាំ​ដូច​ជាន់​ភក់
ក៏​ដូចជា​ជាងស្មូន​ជាន់​ដីឥដ្ឋ​។
26តើ​នរណា​បាន​ប្រកាស​តាំងពី​ដើមដំបូង
ដើម្បីឲ្យ​ពួកយើង​បាន​ដឹង
ក៏​ប្រកាស​តាំងពី​មុន ដើម្បីឲ្យ​ពួកយើង​បាន​និយាយថា​៖ “ត្រឹមត្រូវ​ហើយ”?
គ្មានអ្នកណា​ប្រកាស​សោះ
គ្មានអ្នកណា​ផ្សព្វផ្សាយ​សោះ
គ្មានអ្នកណា​ឮ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​សោះ​!
27គឺយើងទេតើ ដែលប្រាប់​ស៊ីយ៉ូន​មុនគេ​ថា​៖ “មើល៍! ន៏ ពួកគេ​!”
ហើយ​ផ្ដល់​អ្នក​ប្រកាសដំណឹងល្អ​ម្នាក់​ដល់​យេរូសាឡិម​។
28ប៉ុន្តែ​នៅពេល​យើង​សង្កេតមើល គ្មាន​នរណា​ឡើយ​;
ក្នុងចំណោម​ពួកវា គ្មាន​ទីប្រឹក្សា​ដែល​អាច​ផ្ដល់​ចម្លើយ​មកវិញ​បាន​ឡើយ
នៅពេល​យើង​សួរ​ពួកវា​។
29មើល៍! ពួកវា​សុទ្ធតែ​ឥតប្រយោជន៍
កិច្ចការ​របស់ពួកវា​ឥតន័យ
រូបសិត​របស់ពួកវា​ជា​ខ្យល់ និង​ជា​ភាពទទេ​៕

Currently Selected:

អេសាយ 41: GKHB

Highlight

Copy

Compare

Share

None

Want to have your highlights saved across all your devices? Sign up or sign in